ព័ត៌មានជាតិ

សម្តេចតេជោ បញ្ជាក់ថា បំណង នៃការជីកព្រែកជីក​ហ្វូនតេជោ ធ្វើយ៉ាងណាឲ្យខ្មែរ ឯករាជ្យភាព លើការដឹកជញ្ជូន

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចេញមកឆ្លើយតប នឹងការលើកឡើងពីសំណាក់ជន បរទេសមួយជំនួន ដែលចោទប្រកាន់ មកលើគម្រោងព្រែកជីកហ្វូណនតេជោថា ជាការផ្តួចផ្តើមរបស់ចិនថា ការជីកព្រែកជីកហ្វូនណនតេជោ គឺ ជាគំនិតរបស់ខ្មែរសុទ្ធសាទ និងជាការបើកនូវ ទំព័រប្រវត្តិសាស្ត្រថ្មី ដើម្បីធ្វើយ៉ាងណាឲ្យកម្ពុជា មានឯករាជ្យភាពលើការ ដឹកជញ្ជូនតាមផ្លូវទឹក ។

ការចេញមកបកស្រាយ របស់សម្តេចតេជោ ធ្វើឡើងតាមរយៈការថ្លែងសន្ទរកថាពិសេស ស្តីពីគម្រោងព្រែកជីកហ្វូណនតេជោ ដែលមានការផ្សាយផ្ទាល់ពិសេស នារសៀលថ្ងៃទី១៦ ឧសភា ។

សម្តេចតេជោប្រធានព្រឹទ្ធសភា បានធ្វើការសង្កត់ធ្ងន់ យ៉ាងច្បាស់ៗបែបនេះថា “ខ្ញុំសូមបញ្ជាក់ឡើងវិញនូវការលើកឡើងទាំងឡាយទាក់ទងជាមួយនឹងបញ្ហា ព្រែកជីកហ្វូណន គ្មានជាប់ទាក់ទងនឹងការផ្តួចផ្តើមគំនិត ណាមួយរបស់ចិន នៅក្នុងក្របខណ្ឌ ខ្សែក្រវ៉ាត់ និងផ្លូវ(BRI)នោះទេ ប៉ុន្តែគឺជាគំនិតប៉ុនប៉ង​ របស់កម្ពុជា សុទ្ធសាទ ដើម្បីបម្រើឲ្យតម្រូវការនូវការ អភិវឌ្ឍសេដ្ឋកិច្ចសង្គម និងឯករាជ្យខាងនយោបាយ សម្រាប់ការដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា”

សម្តេចតេជោ គូសបញ្ជាក់ទៀតថា “ជាសារសម្រាប់កូនខ្មែរទៅថ្ងៃអនាគត សម្រាប់ពាន់ឆ្នាំទៅពេលអនាគតថា ត្រូវតែរកឯករាជ្យភាពខាងនយោបាយ ឲ្យខានតែបាន លើបញ្ហាការដឹកជញ្ជូន ដែលទៅហួសពីក្របខណ្ឌ នូវការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម” ។

សូមរំលឹកថា ព្រែកជីកហ្វូនតេជោ ជាប្រព័ន្ធដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដើម្បីទៅដល់សមុទ្រកម្ពុជា ដែលប្រព័ន្ធនេះមានសារៈសំខាន់ក្នុងការបន្ថយចម្ងាយ តម្លៃ នីតិវិធីបែបបទ ក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ។ ផ្លូវទឹកថ្មីទៅកាន់សមុទ្រនេះ មានប្រវែង១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ ចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្ត ៤ រួមមាន ៖ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ។ ផ្លូវទឹកនេះ មានទទឹងមុខកាត់ផ្នែកខាងលើប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោម ប្រមាណ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ ) មានគន្លងនាវាចរណ៍ ចំនួន២គន្លង អាចចេញ-ចូល និងចៀសគ្នាបានដោយសុវត្ថិភាព៕

To Top