ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានគូសរំលឹក នូវឧបសគ្គដែលកម្ពុជា ធ្លាប់ឆ្លងកាត់ពេលដែលវៀតណាម ធ្វើមកលើកម្ពុជា ដោយបានបិទគ្រប់ច្រកឆ្លងកាត់ជាមួយគ្នា នាំឱ្យកម្ពុជាកកស្ទះទំនិញ និងខាតបង់ជាច្រើន ទើបបានជាសម្តេច ឱ្យមើលឱ្យហួសពី ព្រំដែន នៃផលចំណេញ ខាងសេដ្ឋកិច្ច និងសង្គម ទៅជាផលចំណេញ នៃឯករាជ្យភាពខាងនយោបាយ លើបញ្ហាការដឹកជញ្ជូនផ្លូវទឹក ជុំវិញគម្រោងព្រែកជីកហ្វូណនតេជោ ។
ក្នុងឱកាសថ្លែងសុន្ទរកថាពិសេស ស្តីពីគម្រោងព្រែកជីកហ្វូណនតេជោ ដែលមានការផ្សាយផ្ទាល់ពិសេស នារសៀលថ្ងៃទី១៦ ខែឧសភានេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹក នូវការឈឺចាប់ និងផលលំបាក ដែលកម្ពុជា ឆ្លងកាត់ ដោយសារតែមិនមានជម្រើសខ្លួនឯង ឬជម្រើសផ្សេង ក្រៅពីពឹងផ្អែក លើការដឹកជញ្ជូនទំនិញ ចូលទៅកាន់វៀតណាម ដើម្បីដឹកបន្តទៅកាន់ផ្លូវទឹកសមុទ្រ នាលពេលកន្លងមក ។ ការណ៍នេះ នាំឱ្យសម្តេចតេជោ បានអះអាងថា កម្ពុជា ត្រូវតែជីកព្រែកហ្វូណនតេជោ ឱ្យខានតែបាន ដើម្បីបម្រើឱ្យឯករាជ្យភាពនយោបាយ ខាងដឹកជញ្ជូនផ្លូវទឹក ។
សម្តេចតេជោ មានប្រសាសន៍ថា “សូមប្រជាពលរដ្ឋខ្មែរ មើលឱ្យហួសពីព្រំដែន នៃផលចំណេញខាងសេដ្ឋកិច្ច និងសង្គម ទៅជាផលចំណេញ នៃឯករាជ្យខាងនយោបាយ លើបញ្ហាការដឹកជញ្ជូនផ្លូវទឹក ។ មានជនបរទេសមួយចំនួន បានចាប់សរសេរហើយ ហើយខ្ញុំគិតថាគេសរសេរត្រូវ គេថា ប្រសិនបើកម្ពុជា ជីកបានព្រែកជីកនេះ ឥទ្ធិពលរបស់វៀតណាម មកលើកម្ពុជា និងត្រូវបានកាត់បន្ថយ វាជារឿងពិត ខ្ញុំទទួលស្គាល់ ព្រោះកាលណាតែយើងពឹងដង្ហើមគេ ពឹងផ្លូវរបស់គេ ជំពាក់ត្រូវតែសម្របសម្រួល គេទារថ្លៃ យើងឱ្យថ្លៃ ប៉ុន្តែមិនដល់កម្រិតគេទាមទារ មិនសមហេតុសមផលនោះទេ តែពេលខ្លះយើងក៏ត្រូវតែយល់” ។
សម្តេចតេជោ ក៏បានរំលឹក ទៅដល់ហេតុការណ៍ ប្រទេសវៀតណាម បានបិទគ្រប់ច្រកជាមួយកម្ពុជា ក្នុងអំឡុងពេល ឆ្នាំ២០២០ ពោលគឺជាសម័យ ការរីករាលដាល ជំងឺកូវីដ១៩ ហើយអ្វីដែលធ្វើឱ្យខ្មែរពិបាកជាងនេះ ដោយសារតែ ការបិទច្រកនេះទៀតសោត ភាគីវៀតណាម បានធ្វើដោយឯកតោភាគី ដោយមិនមានការជូនដំណឹងមកកម្ពុជាឡើយ ទើបបានជាមានព្រឹត្តិការណ៍ បិទការនាំចូលទំនិញទៅវៀតណាម ហើយក៏មានការបិទ មិនឱ្យប្រជាពលរដ្ឋរៀតណាម ឆ្លងកាត់មកកម្ពុជាវិញដែរ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា “សម័យកូវីដ វៀតណាមបិទព្រំដែនទាំងអស់ ខ្ញុំភ្ញាក់ឡើងស្រាប់តែ រាយការណ៍មកថា ឥឡូវស្ទះ ផ្លូវលេខ១ក៏ស្ទះ ផ្លូវលេខ៧ភ្ជាប់តៃនិញ ក៏ស្ទះ គ្រប់ច្រកទាំងអស់ស្ទះ ឡានយើងដឹកជញ្ជូនចូលទៅវៀតណាម ។ ចឹងក៏ខ្ញុំឱ្យបញ្ជាត្រឡប់ទៅវិញថា ឥឡូវបើគង់តែបិទទំនិញ បិទទាំងអស់ កុំឱ្យប្រជាជនឆ្លងកាត់ ទៅមករកគ្នាម៉ង ។ ខ្ញុំឱ្យបញ្ជាចេញទៅភ្លាម ឱ្យបិទទាំងអស់ ចឹងវៀតណាម គាត់ត្រូវពិបាកដែរ ដោយសារអនិកជនរបស់វៀតណាម នៅកម្ពុជា ច្រើន ហើយមានបងប្អូននៅប្រទេសវៀតណាម ចឹងពេលឆ្លងមកកម្ពុជា កម្ពុជាអត់ឱ្យឆ្លង ចឹងត្រូវស្វះស្វែងរកការចរចាភ្លាម នេះជាការទូទាត់បញ្ជីទៅវិញទៅមកលឿនៗ រឿងនេះតាំងពីជំនាន់នាយករដ្ឋមន្ត្រី ង្វៀន ស៊ួនហ្វុក ដែលក្រោយមកឡើងជាប្រធានរដ្ឋ ហើយត្រូវលាលែងពីតំណែង ” ។
សម្តេចតេជោ បានរំលឹកថា “វៀតណាម មិនមែនមិនដឹងទេ ពេលនោះគឺបិទ អត់ឱ្យយើងដឹងអីបន្តិច បានខ្ញុំសួរ ង្វៀន ស៊ួនហ្វុក ថាមិចមិនបានឱ្យខ្ញុំដឹងសោះ ថាគាត់ជាប់ទៅខេត្ត ចង់ហៅទូរសព្ទមកប្រាប់ ។ ប៉ុន្តែបិទក្រោមហេតុផលកូវីដ ក្នុងពេលដែលកម្ពុជា មិនទាន់មានឆ្លងមនុស្សម្នាក់ កាលពេលនោះមានឆ្លងមនុស្សម្នាក់ នៅខេត្តព្រះសីហនុ ជារួចទៅហើយ” ។
ជាមួយគ្នានេះ សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានចោទសួរថា “ចុះករណីបែបហ្នឹងវាកើតឡើង តទៅទៀត តើកម្ពុជា ត្រូវធ្វើរបៀបមិច? បើកើតឡើងក្នុងពេលដែលយើង ត្រូវដឹកជញ្ជូនទំនិញនាំចេញ បើសិនជាផលិតផលកសិកម្ម ដូចជាចេក ដូចជាស្វាយ ដូចជាអ្វីផ្សេង តើវាមិនខូចទេឬ?”។
សម្តេចតេជោ ថែមទាំងបាន គូសបញ្ជាក់ធ្ងន់ៗថា “ត្រូវចាំ ហើយកត់ត្រាទុកទៅ ថាថ្ងៃនេះទី១៦ ខែឧសភា ឆ្នាំ២០២៤ លោក ហ៊ុន សែន បាននិយាយដល់ ឯករាជ្យភាព ខាងនយោបាយ លើបញ្ហាដឹកជញ្ជូនផ្លូវទឹក”៕