ភ្នំពេញ ៖ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ បានប្រារព្ធខួបលើកទី១៩ឆ្នាំនៃការបង្កើតវិទ្យាស្ថាន ដែលបាននិងកំពុងផ្តល់ ការបណ្តុះបណ្តាលធនធាន មនុស្សបច្ចេកទេសគ្រប់កម្រិត ជូនសង្គមជាតិ ។ កម្មវិធីនេះមានការចូលរួមក្រោម អធិបតីភាពលោក ប៉ុក ប៉ាន់ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតំណាងលោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ត្រីជាន់ខ្ពស់ របស់ក្រសួងជាច្រើនរូប និងសិស្ស-និស្សិត រួមទាំងអ្នកចូលរួមសរុបប្រមាណ៦ពាន់នាក់ ។

ថ្លែងទៅកាន់អង្គពិធីលោកបណ្ឌិត ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានកត់សម្គាល់ថា ក្នុងអំឡុងពេល១៩ឆ្នាំមកនេះ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានក្លាយជាវិទ្យាស្ថាន ឈានមុខមួយ លើការបណ្តុះបណ្តាលជំនាញ បច្ចេកទេសគ្រប់កម្រិត ដែលត្រូវបានសហគមន៍ជាតិ និងអន្តរជាតិបានទទួលស្គាល់ ។

លោក ប៊ុន ភារិនលើកឡើងថា៖ “ថ្ងៃនេះ យើងទាំងអស់គ្នាពិតជា មានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានរៀបចំខួបអនុស្សាវរីយ៍គម្រប់១៩ឆ្នាំ នៃការបង្កើតវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា…វិទ្យាស្ថានបានកំណត់ ទស្សនវិស័យ និងបេសកកម្មរបស់ខ្លួន គឺធ្វើឱ្យទៅជាវិទ្យាស្ថាន អប់រំបណ្ដុះបណ្ដាលបច្ចេកទេសគំរូ ដែលនាំមុខគេក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយមនសិការវិជ្ជា ជីវៈ មានស្មារតីស្នេហាជាតិមាតុភូមិ និងរួមចំណែកអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ បច្ចេកទេស និងសង្គម” ។
ក្រៅពីនេះ លោកប្រធានវិទ្យាស្ថាន បានរំលឹកពីប្រវត្តិ នៃការកសាងវិទ្យាស្ថាន ដ៏ទំនើបមួយនេះដោយអះអាងថា ចំណងដៃនៃទំនាក់ទំនងល្អ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលកូរ៉េខាងត្បូង ។

លោក ប៊ុន ភារិនបន្ត៖ “វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា គឺជាផ្លែផ្កាដ៏ត្រចះត្រចង់មួយ នៃកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋកូរ៉េ ដែលត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីទំហំ១១ហិចតា ចំណាយអស់ទឹកប្រាក់ប្រមាណ៣២លានដុល្លារអាមេរិក។ ក្នុងនោះមាន២៨លានដុល្លារអាមេរិកជាកម្ចីសម្បទានរបស់សាធារណៈរដ្ឋកូរ៉េ និង៤លានដុល្លារជាប្រាក់បដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា”។
គួរបញ្ជាក់ថា វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ត្រូវបានដាក់សម្ពោធ ឱ្យដំណើរការនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០០៥លើផ្ទៃដី ចំនួន១១ហិកតា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាមួយនឹងសិស្សានុសិស្សចូលសិកក្សាដំបូង ប្រមាណ២០០នាក់ ប៉ុន្តែបច្ចុប្បន្នវិទ្យាស្ថាន កំពុងបណ្តុះបណ្តាលសិស្ស និងនិស្សិតប្រមាណ៧០០០នាក់ ។

ក្រៅពីពិធីគម្រប់ខួប១៩ឆ្នាំ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ក៏មានប្រាព្ឋពិព័រណ៍ការងារ ដោយមានកិច្ចសហការជាមួយទីភ្នាក់ងារ ជាតិមុខរបរនិងការងារ(NEA) និងសន្និសីទវិទ្យាសាស្ត្រលើកទី៣ ក្រោមប្រធានបទ «វិទ្យាសាស្រ្ត វិស្វកម្ម និងបច្ចេកវិទ្យាបៃតង»ផងដែរ៕






