ព័ត៌មានជាតិ

សម្ដេចតេជោ៖ ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាអាណត្តិទី៤ កើតចេញពីឆន្ទៈប្រជាជនកម្ពុជា ពិតប្រាកដ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ទោះបីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៤នេះជាការបោះ ឆ្នោតអសកល ប៉ុន្តែគឺជាការបោះឆ្នោតដែលកើតចេញពី ឆន្ទៈរបស់ប្រជាជនកម្ពុជាពិតប្រាកដ ព្រោះសមាជិក សមាជិការនៃក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែង ជាអ្នកបោះឆ្នោតផ្ទាល់ដែលជា អ្នកតំណាងរបស់ប្រជាជន ប្រសូត្រចេញពីឆន្ទៈរបស់ប្រជាជន។

តាមរយៈសារលិខិតក្នុងឱកាសបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ សម្ដេចតេជោ បានថ្លែងអំណរគុនជនរួមជាតិគ្រប់ទិសទី ដែលមានការជឿជាក់យ៉ាងមុតមាំ លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរូបសម្ដេចនៅគ្រប់កាលៈទេសៈ តាំងពីដំណាក់កាលសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍ រហូតមកដល់ដំណាក់កាលសន្តិភាព និងការអភិវឌ្ឍបច្ចុប្បន្ន និងបានបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះយ៉ាងត្រចះត្រចង់ ក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៧ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥។

សម្តេចចថា តាមរយៈការបោះឆ្នោតនេះ បានឆ្លុះបញ្ចាំងទាំងស្រុងនូវឆន្ទៈដ៏ថ្លៃថ្លារបស់ប្រជាជនកម្ពុជា នៅទូទាំងប្រទេស ក្នុងការថែរក្សាសន្តិភាព លទ្ធិប្រជាធិបតេយ្យ និងបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ដើម្បីលើកស្ទួយជីវភាពរបស់ខ្លួន។

សម្ដេចបញ្ជាក់ថា «ទោះបីការបោះឆ្នោតនេះជាការបោះ ឆ្នោតអសកល ប៉ុន្តែគឺជាការបោះឆ្នោតដែល កើតចេញពីឆន្ទៈរបស់ប្រជាជនកម្ពុជា ពិតប្រាកដ ព្រោះថាសមាជិក សមាជិការ នៃក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែង ដែលជាអ្នកបោះឆ្នោតផ្ទាល់ គឺជាអ្នកតំណាងដ៏ឧត្តុង្គឧត្តមរបស់ ប្រជាជនដែលបានប្រសូត្រចេញពីឆន្ទៈរបស់ប្រជាជន។
គណបក្សប្រជាជនកម្ពុជា សូមប្រកាសជាឱឡារិកនូវ ការចូលរួមក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នេះ ដោយគោរពអនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមច្បាប់បទបញ្ជា នីតិវិធី និងក្រមសីលធម៌នៃការបោះឆ្នោត និងគោរពលទ្ធផល នៃការបោះឆ្នោត”។

បើតាមសម្តេចគណបក្សប្រជាជនកម្ពុជា ចូលរួមជាមួយបណ្តាគណបក្សនយោបាយ មជ្ឈដ្ឋានចម្រើនជឿនលឿននានា ក្នុងសង្គមនិងអាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ដើម្បីរក្សាបរិយាកាសនយោបាយ សម្រាប់ការបោះឆ្នោតឲ្យប្រព្រឹត្តទៅប្រកប ដោយលក្ខណៈសេរី យុត្តិធម៌ មានសណ្តាប់ធ្នាប់ល្អ និងសុវត្ថិភាព។

សូមបញ្ជាក់ថា នៅថ្ងៃ២៦ ឧសភា ត្រូវនឹងថ្ងៃអាទិត្យ ខាងមុខ កម្ពុជានឹងរៀបចំបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ដែលជាការបោះឆ្នោតមួយដ៏មានសារៈសំខាន់ សម្រាប់ការបន្តជំរុញដំណើរការ អភិវឌ្ឍសង្គមជាតិយើង ពិសេសការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ។ ក្នុងការបោះឆ្នោតនេះ មានគណបក្សនយោបាយ ចូលរួមប្រកួតប្រជែង៥គណបក្ស គឺ គណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ៕

To Top