ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា ស្វាគមន៍ ចំពោះការវិនិយោគ បន្ថែមរបស់កូរ៉េខាងត្បូង ដោយកម្ពុជានៅមានសក្ដានុពល ដ៏ធំសម្បើមសម្រាប់កំណើន នៃតម្លៃបន្ថែម ក្នុងវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងកម្មន្តសាលទំនើប ដោយកូរ៉េ អាចប្រើប្រាស់ឯកទេស ផ្នែកបច្ចេកវិទ្យាក្នុងការ កែប្រែឧស្សាហកម្មកម្ពុជា និងបង្កើតកាលានុវត្តភាព ដែលផ្តល់ផលប្រយោជន៍ ឲ្យគ្នាទៅវិញទៅមក។
ស្របពេលជាមួយគ្នានេះដែរ ពាណិជ្ជកម្មទ្វេភាគីរវាង កម្ពុជា-កូរ៉េខាងត្បូង បានកើនឡើងលើស ១ពាន់លានដុល្លារ នៅឆ្នាំ២០២៣ ដោយគ្រប់ដណ្តប់ វិស័យជាច្រើន ។
នេះបើតាមសម្តេចនាឱកាសអញ្ជើញថ្លែងក្នុងពិធីបើក វេទិកាធុរកិច្ចកម្ពុជា-កូរ៉េ នាទីក្រុងសេអ៊ូល ប្រទេសកូរ៉េ នាថ្ងៃទី១៦ ឧសភា ។ នាឱកាសនោះសម្តេចធិបតីបានគូសបញ្ជាក់ថា កម្ពុជា និងកូរ៉េ មានទំនាក់ទំនងល្អជាយូរមកហើយ ប្រទេសទាំងពីរមានទំនាក់ទំនងស៊ីជម្រៅ និងមានភាពប្រទាក់ក្រឡាគ្នា លើច្រើនវិស័យ ដោយឈរលើកិច្ច សហប្រតិបត្តិការ ផ្នែកនយោបាយ និងសេដ្ឋកិច្ច ការផ្លាស់ប្តូរវប្បធម៌ ការជឿទុកចិត្ត និងការគាំទ្រគ្នាទៅវិញទៅមក ។
សម្តេចធិបតីបន្ដថា ប្រទេសទាំងពីរ ធ្លាប់រងគ្រោះដោយសារសង្គ្រាម ប៉ុន្តែបានងើបឡើងវិញ ប្រកបដោយភាពធន់ បានប្រែក្លាយ និងតម្រង់ទិសសេដ្ឋកិច្ច ឆ្ពោះទៅរកវិបុលភាព ។ ជីវភាពនៃទំនាក់ទំនងរបស់កម្ពុជា-កូរ៉េ ត្រូវបានឆ្លុះបញ្ចាំង តាមរយៈទំនាក់ទំនងដ៏រស់រវើករវាងប្រជាជន និងប្រជាជន, ប្រជាប្រិយភាពយ៉ាងទូលំទូលាយនៃរឿងភាគ តន្ត្រី និងអាហារកូរ៉េ (K-dramas, K-pop, K-food) នៅកម្ពុជា និងការកើនឡើង នៃចំនួនអាពាហ៍ពិពាហ៍ និងការរស់នៅក្នុង ប្រទេសទាំងពីរ ដោយប្រជាជនកម្ពុជាប្រមាណ ៥៩.៣៧៨ នាក់ កំពុងរស់នៅសាធារណរដ្ឋកូរ៉េ ហើយប្រជាជនកូរ៉េប្រមាណ ៧. ៨០០ នាក់ កំពុងរស់នៅកម្ពុជា គិតត្រឹមឆ្នាំ២០២៣។
សម្តេចធិបតីបន្ថែមថា ទន្ទឹមនេះ កូរ៉េ គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់របស់កម្ពុជាដោយបានចូលរួមពង្រឹងកម្លាំងពលកម្ម កែលម្អសេវាសាធារណៈ និងកសាងមូលដ្ឋានគ្រឹះ សម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ។ ចាប់តាំងពីឆ្នាំ២០១៦មក រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ទិដ្ឋាការ ដែលមាន សុពលភាព៣ឆ្នាំ និងអនុញ្ញាត ឲ្យមានការ ចេញ-ចូលបានច្រើនដង ជាមួយនឹងការបង់ថ្លៃ សេវាតែមួយលើក ដល់វិនិយោគិនកូរ៉េ ដែលកាន់លិខិត ឆ្លងដែនទូទៅ ដើម្បីលើកទឹកចិត្ត និងជំរុញការ វិនិយោគ និងធុរកិច្ចកូរ៉េ នៅកម្ពុជា។
សម្ដេចធិបតីក៏បានគូសបញ្ជាក់ពីការកើនឡើងនៃវត្តមាន នៃគម្រោងវិនិយោគ និងសហគ្រាសពាណិជ្ជកម្មកូរ៉េទាំងតូច ទាំងធំ នៅកម្ពុជា ។ ទន្ទឹមគ្នានេះ ពាណិជ្ជកម្មទ្វេភាគី បានកើនឡើង លើស១ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ ដោយគ្រប់ដណ្តប់ វិស័យជាច្រើន ដូចជា វាយនភណ្ឌ ផលិតផលធ្វើដំណើរ កង់ គ្រឿង បន្លាស់អេឡិចត្រូនិក កសិកម្ម និងការកែច្នៃ ផលិតផលកសិកម្ម ។ ក្រុមហ៊ុនកូរ៉េ បាននិងកំពុងដើរតួនាទីជាតួអង្គគន្លឹះ ក្នុងទិដ្ឋភាពសេដ្ឋកិច្ចរបស់កម្ពុជា ។ ការចូលរួមរបស់ក្រុមហ៊ុនកូរ៉េនៅវិស័យចម្រុះ ដូចជា កម្មន្តសាល អចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងសេវាកម្មហិរញ្ញវត្ថុ បាន និងកំពុងជួយជំរុញកំណើនសេដ្ឋកិច្ច និងពន្លឿនការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា៕