ភ្នំពេញ ៖ លោក ហាន់ ដុកស៊ូ (Han Duck-soo) នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង បានប្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាថា កម្ពុជា គឺជាទិសដៅនៃការវិនិយោគ និងជាទីផ្សារដ៏មានសក្ដានុពល សម្រាប់វិស័យឧស្សាហកម្មកូរ៉េ ជាពិសេសឧស្សាហកម្មយានយន្ត ។
ការលើកឡើងរបស់នាយករដ្ឋមន្រ្តីកូរ៉េនេះ ក្នុងឱកាសសម្តេចធិបតី អញ្ជើញជួបប្រជុំពិភាក្សាការងារ ជាមួយលោក នារសៀលថ្ងៃ១៦ ឧសភា។
ក្នុងជំនួបនេះ លោក ហាន់ ដុកស៊ូ បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការអញ្ជើញបំពេញ ទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា និងបានរំលេចអំពីការឯកភាព ដំឡើងនូវកម្រិត ទំនាក់ទំនងកូរ៉េ-កម្ពុជា ឈានដល់កម្រិត “ភាពជាដៃគូយុទ្ធសាស្រ្ត” ដែលនេះនឹងចូលរួមចំណែក ក្នុងការពង្រឹងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យនានា រវាងប្រទេសទាំងពីរ។
លោកនាយករដ្ឋមន្រ្តីកូរ៉េបញ្ជាក់ថា កម្ពុជា គឺជាទិសដៅ នៃការវិនិយោគ និងជាទីផ្សារដ៏មានសក្ដានុពល សម្រាប់វិស័យ ឧស្សាហកម្មកូរ៉េ ជាពិសេសឧស្សាហកម្មយានយន្ត ហើយលោក ក៏បានគាំទ្រ និងពេញចិត្ត ចំពោះគំនិតផ្តួចផ្តើម របស់សម្តេចធិបតី ក្នុងការបង្កើត តំបន់សេដ្ឋកិច្ចពិសេសសម្រាប់ក្រុមហ៊ុនកូរ៉េ និងការជំរុញឲ្យមានយន្តការ នៃការជួបពិគ្រោះយោបល់ ជាទៀងទាត់ រវាងសមាគមធុរកិច្ចកូរ៉េនៅកម្ពុជា និងបានបង្ហាញនូវក្តីរីករាយ ក្នុងការបង្កើនជំនួយ អភិវឌ្ឍន៍ផ្លូវការបន្ថែម តាមរយៈហិរញ្ញប្បទានឥតសំណង របស់ទីភ្នាក់ងារសហប្រតិបត្តការអន្តរជាតិកូរ៉េ (KOICA) និងឥណទានសម្បទានតាមរយៈ មូលនិធិសហប្រតិបត្តិការ អភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF Loan)។
ជាការឆ្លើយតប សម្តេចធិបតីកោតសរសើរ ចំពោះការចូលរួមចំណែកយ៉ាងសកម្មរបស់រដ្ឋាភិបាលកូរ៉េ ក្នុងការកសាង និងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា នាពេលកន្លងមក ។ ទន្ទឹមនោះ សម្តេចធិបតី ក៏បានជម្រាប ជូនលោកនាយករដ្ឋមន្រ្តីកូរ៉េថា វិស័យឯកជនមានសារៈសំខាន់ក្នុងការអភិវឌ្ឍកម្ពុជា ដោយការ ពង្រឹងតួនាទីរបស់វិស័យឯកជននឹងធ្វើឲ្យការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា កាន់តែរីកចម្រើនបន្ថែមទៀត។
បន្ថែមលើនេះ សម្ដេចធិបតី ក៏បានជម្រាប លោកនាយករដ្ឋមន្រ្តី អំពីលទ្ធផលដ៏ប្រសើរ នៃកិច្ចពិភាក្សាប្រកប ដោយផ្លែផ្កាជាមួយលោកប្រធានាធិបតី យូន ស៊កយ៉ល កាលពីព្រឹក ជាពិសេសអំពីការរំលេច នូវគំនិតផ្តួចផ្តើម ស្តីអំពីការបង្កើតយន្តការ ពិគ្រោះយោបល់ទៀងទាត់ (Regular Consultation Sessions) រវាងសមាគមធុរកិច្ចកូរ៉េ នៅកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា និង ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស សម្រាប់តែក្រុមហ៊ុនវិនិយោគកូរ៉េ។
ជាមួយគ្នានេះ សម្តេចធិបតី ក៏បានគូសរំលេច ជូនលោកនាយករដ្ឋមន្រ្តី អំពីគម្រោងនិមិត្តរូប នៃស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលគ្រោងនឹងបើកការដ្ឋាន សាងសង់នាពេលខាងមុខ ។ ស្ពានមិត្តភាពនេះ តំណាងឲ្យមិត្តភាព យូរអង្វែង រវាងប្រទេសទាំងពីរ ហើយសម្តេចធិបតី ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមចំណែកដ៏ថ្លៃថ្លា របស់រដ្ឋាភិបាលកូរ៉េ ក្នុងគម្រោងនេះផងដែរ ៕