ភ្នំពេញ ៖ ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាសកល ហើយដើម្បីឆ្លើយតបនឹងបញ្ហាសកលនេះ លោក Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតអេមីរ៉ាតអារ៉ាប់រួមប្រចាំកម្ពុជា មាននិវេសនដ្ឋាននៅទីក្រុងបាងកក បានប្តេជ្ញាចិត្តរួមគ្នាជាមួយកម្ពុជា ក្នុងការរួមចំណែកដោះស្រាយ បញ្ហាប្រែប្រួលអាកាសធាតុ តាមរយៈកិច្ចសហប្រតិបត្តិការ ទ្វេភាគីនៃប្រទេសទាំងពីរ ។

ការប្តេជាចិត្តរួមគ្នានេះ បានធ្វើឡើងក្នុងជំនួបសម្តែងការគួរសម រវាងលោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោក Obaid Saeed Obaid Bintaresh Aldhaheri នៅថ្ងៃ១៦ ឧសភា ។

ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណ ឯកអគ្គរាជទូត អេមីរ៉ាតអារ៉ាប់រួម បានរួមចំណែក ក្នុងការដោះស្រាយបញ្ហាសកល ជាមួយក្រសួងបរិស្ថាន និងបានជម្រាបជូនអំពីផែនការ យុទ្ធសាស្រ្តនៃវិស័យបរិស្ថាន ដែលជាដំបូងកម្ពុជា ទទួលបានជោគជ័យហើយ ក្នុងការកាត់បន្ថយការប្រើប្រាស់ ថង់ប្លាស្ទិកជាង ៣០លានថង់ក្នុង១ថ្ងៃ និងបន្តទៅពង្រីកវិលសាលភាពបៃតង តាមរយៈការដាំដើមឈើយ៉ាងតិចឲ្យបានជាង ១លានដើមក្នុង១ឆ្នាំឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុ ដើម្បីកម្ពុជា ឈានឆ្ពោះទៅសម្រេចបាន គម្របព្រៃឈើជាង ៦០% និងក្លាយជាប្រទេស អាព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។

ស្របតាមការថ្លែងរបស់លោករដ្ឋមន្រ្តីនេះ ឯកអគ្គរាជទូតអេមីរ៉ាតអារ៉ាប់រួមប្រចាំកម្ពុជា មានជំនឿយ៉ាងមុតមាំថា ក្រសួងបរិស្ថានប្រាកដជាសម្រេចបាន ទៅតាមយុទ្ធសាស្រ្តរបស់ខ្លួន ហើយនឹងបានរួមចំណែក ក្នុងការដោះស្រាយបញ្ហា ប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាសកល ជាមួយនឹងអេមីរ៉ាតអារ៉ាប់រួមដែរ៕

