ភ្នំពេញ ៖ លោក ឃួន ផុនរតនៈ រដ្ឋលេខាធិការ ក្រសួងការបរទេសកម្ពុជា និងលោក Ilia Darchiashvili រដ្ឋមន្ត្រីការបរទេសហ្សកហ្ស៊ី បានប្តេជ្ញាចិត្តក្នុងកាពង្រឹង ទំនាក់ទំនងមិត្តភាព និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងវិស័យដែលជាផលប្រយោជន៍រួម ជាពិសេសធ្វើឲ្យកាន់តែស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការនយោបាយ និងសេដ្ឋកិច្ច ។

ការប្ដេជ្ញាចិត្តរួមគ្នានេះ ធ្វើឡើងអំឡុងពេលលោក ឃួន ផុនរតនៈ បំពេញទស្សនកិច្ចនៅប្រទេសហ្សកហ្ស៊ី ពីថ្ងៃទី១៥-១៦ ឧសភា និងក្នុងឱកាសលោកបានចូលជួបសម្ដែងការគួរសមជាមួយ រដ្ឋមន្ត្រីក្រសួងការបរទេសហ្សកហ្ស៊ី នៅស្នាក់នៅទីក្រុងប៊ីលីស៊ី ។

ក្នុងជំនួបនោះលោករដ្ឋលេខាធិការ និងលោករដ្ឋមន្រ្តីការបរទេសហ្សកហ្ស៊ី បានវាយតម្លៃខ្ពស់ទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ ។ ជាមួយគ្នានោះភាគីទាំងពីរ បានសម្តែងការប្តេជ្ញាចិត្ត ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងវិស័យ ដែលជាផលប្រយោជន៍រួម។

ទន្ទឹមគ្នានោះដែរ ក្នុងអំឡុងពេលស្នាក់នៅទីក្រុងប៊ីលីស៊ី លោក ឃួន ផុនរតនៈ បានធ្វើជាសហប្រធានដឹកនាំ កិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី១ រវាងក្រសួងការបរទេសទាំងពីរជាមួយលោក Alexander Khvtisiashvili អនុរដ្ឋមន្ត្រីក្រសួងការបរទេសហ្សកហ្ស៊ី នៅថ្ងៃ១៦ ឧសភា ។

ក្នុងកិច្ចប្រជុំនោះភាគីទាំងពីរ បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃយន្តការកិច្ចពិគ្រោះយោបល់ទ្វេភាគីនេះ ការផ្លាស់ប្តូរទស្សនកិច្ច កម្រិតខ្ពស់នាពេលអនាគត ដែលនឹងត្រួសត្រាយផ្លូវ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យជាពិសេស ការផ្លាស់ប្តូរពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងកម្ពុជា និងហ្សកហ្ស៊ី ៕
