ព័ត៌មានជាតិ

កិច្ចសហប្រតិបត្តិការ​ លើសេវាចែករំលែក របាយការណ៍ព័ត៌មានឥណទានទ្វេភាគី ​ដើម្បីលើកកម្ពស់បរិយាបន្នហរិញ្ញវត្ថុ សម្រាប់ប្រជាពលរដ្ឋកម្ពុជា រស់នៅសាធារណរដ្ឋកូរ៉េ

ភ្នំពេញ៖ ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា បានសហការជាមួយ​ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ កូរ៉េ និងធនាគារ Joengbuk (JB) បង្កើត​កិច្ចសហប្រតិបត្តិការលើសេវាចែករំលែក របាយការណ៍ព័ត៌មានឥណទានទ្វេភាគី រវាងព្រះរាជាណាចក្រកម្ពុជា និង​សាធារណរដ្ឋកូរ៉េ។ ពិធីចុះអនុស្សារណៈយោគយល់នេះ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ​២០២៤ ក្នុងវេទិការធុរកិច្ចកម្ពុជា-កូរ៉េ នៅទីក្រុង សេអ៊ូល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោក អាន ឌុកជេអ៊ុន (Ahn Duk-geun) រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលរបស់សាធារណរដ្ឋកូរ៉េ។

ក្នុងកម្មពិធីនេះក៏មានវត្តមានចូលរួម របស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ពីរាជរដ្ឋាភិបាល ធនាគារជាតិនៃកម្ពុជា និងគណៈគ្រប់គ្រងជាន់ខ្ពស់ពីក្រេឌីត ប្យួរ៉ូ និង​ស្ថាប័ន​ហិរញ្ញវត្ថុ ​​នៃប្រទេសទាំងពីរផងដែរ។ ​

កិច្ចសហប្រតិបត្តិការនេះត្រូវបានផ្តួចផ្តើមឡើង ដើម្បីបង្កើតយន្តការសេវាចែករំលែក របាយការណ៍ព័ត៌មានឥណទានទ្វេភាគី​ រវាងប្រទេសទាំងពីរ។ កិច្ចសហការនេះ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើនលទ្ធភាពទទួលបានហិរញ្ញវត្ថុ សម្រាប់ប្រជាពលរដ្ឋកម្ពុជា ប្រមាណជាង ៥០០០០ នាក់ ដែលកំពុងបម្រើការងារលើវិស័យនានា នៅសាធារណរដ្ឋកូរ៉េ។ សាធារណរដ្ឋកូរ៉េ គឺជាប្រទេសទី២ ដែលមានពលករកម្ពុជាច្រើនជាងគេ។ ក្នុងទីផ្សារពលករបរទេស នៅសាធារណរដ្ឋកូរ៉េ​ កម្ពុជាគឺជាប្រទេសមួយ ក្នុងចំណោមប្រទេស ដែលមានពលករស្ថិតក្នុងប្រភេទ​ ពលករដែលមានជំនាញតិច (less skilled category)។ លើសពីនេះ បើយោងតាមទិន្នន័យពីក្រសួងការបរទេស នៃសាធារណរដ្ឋកូរ៉េ បច្ចុប្បន្ន​មានប្រជាពលរដ្ឋកូរ៉េ ប្រមាណ​ ១០៦០៨ នាក់ ដែលកំពុងរស់នៅប្រទេសកម្ពុជា។

កូរ៉េ គឺជាវិនិយោគិនផ្ទាល់បរទេសធំជាងគេមួយ នៅក្នុងប្រទេសកម្ពុជា។ ដោយហេតុ មានក្រុមហ៊ុនវិនិយោគិនកូរ៉េ កំពុងសិក្សាពីឱកាសក្នុងការវិនិយោគ នៅប្រទេសកម្ពុជា ដូច្នេះចំនួនប្រជាជនកូរ៉េ នៅប្រទេសកម្ពុជា អាចនឹងមានកើនឡើងនាពេលអនាគត។

ជាមួយនឹងការកើនឡើងនៃការចល័ត​ នៅក្នុងកម្លាំងពលកម្មពិភពលោក សេវាចែករំលែករបាយការណ៍ព័ត៌មាន​ ឥណទានទ្វេភាគីបានក្លាយទៅជា ប្រធានបទដែលគួរឱ្យកត់សំគាល់ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ពេលបុគ្គលម្នាក់ បានធ្វើចំណាកស្រុកទៅរស់នៅប្រទេសថ្មីមួយទៀត ពួកគាត់តែងតែជួបបញ្ហា ក្នុងការ​ទទួលបានឥណទានពីធនាគារ និងស្ថាប័នហិរញ្ញវត្ថុនានា ដោយសារខ្វះប្រវត្តិឥណទាន​ ក្នុងប្រទេសថ្មីនោះ។ ទោះបីជា បុគ្គលម្នាក់នោះ ប្រហែលជាមានប្រវត្តិឥណទាន ក្នុងប្រទេសកំណើតរបស់ខ្លួន ប៉ុន្តែពួកគេមិនអាច ប្រើប្រាស់របាយការណ៍ឥណទានផ្ទាល់ខ្លួន ពីប្រទេសកំណើតរបស់ពួកគេបានទេ។ ការខ្វះតម្លាភាព​ និង​ការចែករំលែករបាយការណ៍ ឥណទានផ្ទាល់ខ្លួន អាចបង្កើត​ជាឧបសគ្គ ក្នុងការស្នើសុំឥណទាន នៅពេលបុគ្គលម្នាក់ទៅរស់នៅ ឬធ្វើការនៅប្រទេសមួយទៀត។ របាយការណ៍ឥណទានដើរតួនាទីយ៉ាងសំខាន់ កំឡុងពេលដំណើរការវាយតម្លៃឥណទាន របស់គ្រឹះស្ថានហិរញ្ញវត្ថុ។

ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា និង​ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ កូរ៉េ នឹងខិតខំប្រឹងប្រែង ដើម្បីបង្កើតគំនិតផ្តួចផ្តើមសេវាចែករំលែក របាយការណ៍ព័ត៌មានឥណទានទ្វេភាគី ដើម្បីបំពេញចន្លោះខ្វះខាតនេះ។ នៅពេលដែលយន្តការនេះរួចរាល់ សម្រាប់ការអនុវត្ត នៅពេលបុគ្គលម្នាក់ ស្នើសុំឥណទាននៅគ្រឹះស្ថានឥណទានណាមួយ នឹងអនុញ្ញាតឱ្យទាញយក នូវរបាយការណ៍ឥណទាន ដែលបានធ្វើបច្ចុប្បន្នភាព និងស្របច្បាប់ដោយផ្ទាល់ ពីប្រភពស្របច្បាប់ពីក្រេឌីត ប្យួរ៉ូ ដោយរបាយការណ៍នោះ មាននូវប្រវត្តិឥណទានរបស់បុគ្គលនោះពេញលេញ និងគ្រប់គ្រាន់។ គំនិតផ្តួចផ្តើមបែបនេះ អាចធ្វើឱ្យស្ថាប័នហិរញ្ញវត្ថុ ជាសមាជិករបស់ CBC និង KCB ដោយមានការយល់ព្រមពីបុគ្គល ដែលស្នើឥណទាន ទទួលបានរបាយការណ៍ឥណទាន របស់បុគ្គលដែលបានដាក់ពាក្យស្នើសុំឥណទាន ជាមួយស្ថាប័នហិរញ្ញវត្ថុនោះ។ ជាមួយនឹងទិន្នន័យឥណទាន ដែលទទួលបាន ស្ថាប័នហិរញ្ញវត្ថុ អាចធ្វើការវាយតម្លៃយ៉ាងហ្មត់ចត់បន្ថែមទៀត មុនពេលសម្រេចចិត្ត ផ្តល់ឥណទានដល់អ្នកស្នើសុំ។

ធនាគារ JB គឺជាសមាជិករបស់ KCB និងជាអ្នកផ្តល់សេវាហិរញ្ញវត្ថុឈានមុខគេ ក្នុងសាធារណរដ្ឋកូរ៉េ ដោយមានការប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់លទ្ធភាព ទទួលបានហិរញ្ញវត្ថុរបស់ពលករកម្ពុជា។ ធនាគារ JB គ្រោងនឹងអភិវឌ្ឍផលិតផលឥណទាន តាមតម្រូវការរបស់ប្រជាជនកម្ពុជា ដែលកំពុងធ្វើការនៅប្រទេសកូរ៉េ និងសម្រួលដល់ការវាយតម្លៃឥណទាន ដោយប្រើប្រាស់សេវាចែករំលែក របាយការណ៍ព័ត៌មានឥណទានទ្វេភាគីនេះ។ លើសពីនេះ ធនាគារ JB ក៏នឹងសហការជាមួយ CBC និង KCB ដើម្បីវាយតម្លៃលទ្ធភាព នៃការរាយការណ៍ទិន្នន័យប្រវត្តិឥណទាន របស់ប្រជាជនកម្ពុជា ក្នុងប្រទេសកូរ៉េទៅកាន់ CBC ដើម្បីជួយសម្រួលដល់លទ្ធភាព ទទួលបានហិរញ្ញវត្ថុរបស់ពួកគេ។

លោក រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា​ ​បានមានប្រសាសន៍ថា៖ “កម្ពុជា និងសាធារណរដ្ឋកូរ៉េ មានទំនាក់ទំនងទ្វេភាគីល្អរួចទៅហើយ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម ការវិនិយោគ និងហិរញ្ញវត្ថុ។ យើងមានសេចក្តីសោមនស្សរីករាយ ក្នុងការនាំយកប្រទេសទាំងពីរមកក្រោមក្របខណ្ឌ នៃសេវាចែករំលែករបាយការណ៍ ព័ត៌មានឥណទានទ្វេភាគីនេះ ដែលអាចផ្តល់ផលប្រយោជន៍ដោយផ្ទាល់ ដល់ប្រជាជនកម្ពុជាមួយចំនួនធំនៅក្រៅប្រទេស ដើម្បីគាំទ្រដល់លទ្ធភាពទទួលបានហរិញ្ញវត្ថុ។”

លោក Hwang, Jong-Sup ប្រធាននាយកប្រតិបត្តិ នៃក្រុមហ៊ុនក្រេឌី​ ប្យួរ៉ូ កូរ៉េ ក៏បានលើកឡើងថា៖ “ការផ្លាស់ប្តូរសេដ្ឋកិច្ចរវាងប្រទេសកូរ៉េខាងត្បូង និងកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង ដែលបណ្តាលឱ្យមានការកើនឡើង នៃប្រជាជនចំណាកស្រុក និងកម្លាំងពលកម្ម។ យើងមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ក្នុងការបង្កើតគំនិតផ្តួចផ្តើមសេវាចែករំលែក របាយការណ៍ព័ត៌មានឥណទានទ្វេភាគីនេះ ជាមួយ CBC ដែលជាក្រេឌីត ប្យួរ៉ូ ឈានមុខគេ ក្នុងការកែលម្អលទ្ធភាពទទួលបានឥណទាន របស់ប្រជាជនកម្ពុជា នៅក្នុងសាធារណរដ្ឋកូរ៉េ។”

លោក Baek, Jong-Il ប្រធាននាយកប្រតិបត្តិ​នៃ ធនាគារ Jeonbuk បានបន្ថែមទៀតថា៖ “អនុស្សារណៈយោគយល់នេះ ជាសមិទ្ធផលនៃការប្តេជ្ញាចិត្តរបស់ធនាគារ Jeonbuk ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ។ ក្នុងនាមជាធនាគារឈានមុខគេ ក្នុងការគាំទ្រដល់ពលករចំណាកស្រុក នៅក្នុងប្រទេសកូរ៉េ យើងមានសេចក្តីសោមនស្សរីករាយ ក្នុងការសហការជាមួយ CBC និង KCB ដើម្បីផ្តល់ជូនប្រជាពលរដ្ឋកម្ពុជា នូវអត្ថប្រយោជន៍កាន់តែសម្បូរបែប និងសេវាកម្មហិរញ្ញវត្ថុដែលមានលក្ខណៈប្លែកពីគេ។”

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិ​ នៃក្រុមហ៊ុនក្រេឌីត ប្រួរ៉ូ ខេមបូឌា បានលើកឡើងថា៖ “យើងមានសេចក្តីសោមនស្សរីករាយ ក្នុងការចាប់ដៃជាមួយ​ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ កូរ៉េ ដែលជាក្រេឌីត ប្យួរ៉ូ ឈានមុខគេក្នុងសាធារណរដ្ឋកូរ៉េ ជាមួយនឹងការប្តេជ្ញាចិត្តរបស់យើង ក្នុងការគាំទ្រដល់ប្រជាជនកម្ពុជា មួយចំនួនធំដែលកំពុងរស់នៅ និងធ្វើការនៅក្នុងសាធារណរដ្ឋកូរ៉េ ក្នុងការផ្តល់លទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ។ ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ នៃប្រជាជនទាំងក្នុង និងក្រៅប្រទេស គឺជាអាទិភាពចម្បងរបស់យើង។ នេះ​ជា​កិច្ចសហការ​លើសេវាចែករំលែក របាយការណ៍ព័ត៌មានឥណទានទ្វេភាគី​ដែល ស៊ីប៊ីស៊ី បានធ្វើ​បន្ទាប់ពី​សហការ ជាមួយក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ​សិង្ហបុរី​ កាលពី​ខែមីនា ឆ្នាំ ២០២៣ កន្លងទៅនេះ»៕

To Top