ភ្នំពេញ ៖ លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជា រាជធានីភ្នំពេញ បានជឿជាក់ថា គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ នឹងយកបានជ័យជំនះយ៉ាងពិតប្រាកដ ក្នុងការបោះឆ្នោត ជ្រើសរើសក្រុម ប្រឹក្សារាជធានី ក្រុមប្រឹក្សា ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ នៅថ្ងៃអាទិត្យទី២៦ ខែឧសភា ឆ្នាំ២០២៤ខាងមុខ ។

ការបង្ហាញភាពជឿជាក់របស់លោក ឃួង ស្រេង ក្នុងពិធី “បើកយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សា ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេច សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ នៅមន្ទីរបក្សរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ឧសភា ។

លោកឃួង ស្រេង បានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញ មានសមាជិកក្រុមប្រឹក្សា សង្កាត់ក្នុងមុខតំណែងសរុបចំនួន ៨៩៩ រូប ក្នុងនោះសមាជិក ក្រុមប្រឹក្សាសង្កាត់ របស់គណបក្ស ប្រជាជនកម្ពុជា មានចំនួន៧៤៣ រូប។ ចំពោះសកម្មភាពការងារ ដឹកនាំរបស់គណបក្ស ប្រជាជនកម្ពុជារាជធានីភ្នំពេញ ឈានឆ្ពោះទៅ កាន់ការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤នេះ បញ្ហាសន្តិសុខ-សណ្តាប់ធ្នាប់សាធារណៈ នៅទូទាំងរាជធានីភ្នំពេញ មានភាពល្អប្រសើរ និង ធានាប្រក្រតី ភាពនៃជីវភាព រស់នៅរបស់បងប្អូន ប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន ។

ប្រធានគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជា រាជធានីភ្នំពេញរូបនេះ បានបញ្ជាក់ថា “គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ នឹងយកបានជ័យជំនះយ៉ាងពិតប្រាកដ ក្នុងការបោះឆ្នោត នៅថ្ងៃអាទិត្យ ទី២៦ ខែខុសភា ឆ្នាំ២០២៤ ខាងមុខនេះ ដោយសារតែយើង មានអង្គបោះឆ្នោតសមាជិកព្រឹទ្ធសភា របស់គណបក្ស ប្រជាជនកម្ពុជា នៅរាជធានីភ្នំពេញ ដែលបានចុះឈ្មោះបោះឆ្នោត មានចំនួន៧៤៣ រូប គឺស្មើនឹងជិត៨៣% ជាអត្រាច្រើនលើសលុប ធៀបនឹងអង្គបោះឆ្នោតសរុបទូទាំងរាជធានីភ្នំពេញ” ។

លោក ឃួង ស្រេង លើកឡើងថា គណបក្សមានសាមគ្គីភាពឯកភាពផ្ទៃក្នុងរឹងមាំ តាំងពីលើដល់ក្រោម។ គម្រោង “ព្រែកជីកហ្វូណន-តេជោ” ដែលជា គំនិតផ្តួចផ្តើម របស់សម្តេចតេជោប្រធានគណបក្ស កំពុងជំរុញការអនុវត្ត ដោយរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ទទួលបានការគាំទ្រភ្លូកទឹកភ្លូកដី ពីប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន។

ក្នុងពិធីនេះដែរ សម្តេច សាយ ឈុំ មានប្រសាសន៍ថា “យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សា ខណ្ឌ អាណត្តិទី៤ ចាប់ផ្តើមឡើង ពីថ្ងៃទី១៧ដល់ថ្ងៃទី២៤ឧសភាឆ្នាំ២០២៤ ដែលជាឱកាសឲ្យគណបក្ស ប្រជាជនកម្ពុជារាជធានី-ខណ្ឌបានផ្សព្វផ្សាយ ពីគោលនយោបាយសំខាន់ៗ របស់ក្រុមប្រឹក្សារាជធានី ខណ្ឌ បានទូលំទូលាយ ដើម្បីឈានទៅដណ្តើមជ័យជំនះ នៅថ្ងៃទី២៦ឧសភានេះ។
សម្តេច សាយ ឈុំ បន្តថា អាជ្ញាធររាជធានី-ខណ្ឌបានបំពេញតួនាទី របស់ខ្លួនយ៉ាងល្អ ដោយបានធ្វើឲ្យរាជធានីភ្នំពេញ រក្សាបានសណ្តាប់ធ្នាប់ សន្តិសុខល្អប្រសើរ ជាមួយការអភិវឌ្ឍ រីកចម្រើនយ៉ាងឆាប់រហ័ស។

ក្នុងនោះសម្តេចវិបុល សាយ ឈុំ ក៏បានជម្រុញ ក្រុមប្រឹក្សា រាជធានី ខណ្ឌ អនុវត្តគោលនយោបាយ ឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលគោលនយោបាយនេះ បានធ្វើឲ្យកម្ពុជាបញ្ចប់សង្គ្រាមទាំងស្រុង និងចូលរួមថែរក្សាសន្តិភាពគង់វង្ស ជាមួយការកំចាត់ពួកជ្រុលនិយមដែលចង់បំផ្លាញសន្តិភាព ការពាររដ្ឋធម្មនុញ្ញា និងប្រឆាំងរាល់សកម្មភាព ដែលប៉ះពាល់ដល់ព្រះមហាក្សត្រ ៕








