ភ្នំពេញ៖ អាជ្ញាធរកម្ពុជានៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ បានធ្វើការបណ្តេញជនជាតិវៀតណាមចំនួន ៤៥នាក់ ពាក់ព័ន្ធករណី លួចឆ្លងដែន លួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែនជាដើម។
តាមរយៈគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា នៅថ្ងៃទី១៧ ឧសភា តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ, ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវសន៍ បានណែនាំឲ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ៤៥នាក់ ស្រី ៦នាក់ ពាក់ព័ន្ធករណី លួចឆ្លងដែនខុសច្បាប់ និងលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន។
សូមបញ្ជាក់ថា ករណីខាងលើនេះ អាជ្ញាធរ បានធ្វើការឃាត់ខ្លួននៅប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចំនួន៦នាក់ បានទទួលពីអគ្គស្នងការដ្ឋាននគរបាលជាតិ ចំនួន២៨នាក់ ស្រី៦នាក់ និងបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពត ចំនួន១១នាក់ បានត្រូវបណ្ដេញចេញ តាមប៉ុស្តិ៍នគរបាលច្រកទ្វារ ព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង៕