ព័ត៌មានជាតិ

លោក ទូច សុឃៈ ៖ បើ FBI ចង់ស្វែងរកចាប់ខ្លួនបុរសជនជាតិខ្មែរសញ្ជាតិអាមេរិកម្នាក់ដែលថារត់មកកម្ពុជា គួរបំពេញឯកសារតាមច្បាប់ជាមួយកម្ពុជា

ភ្នំពេញ ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានលើកឡើងថា ក្នុងករណីប៉ូលិសសហព័ន្ធ FBI ចង់ស្វែងរកចាប់ខ្លួនបុរសជនជាតិខ្មែរសញ្ជាតិអាមេរិកម្នាក់ ក្នុងករណីបទចោទឃាតកម្មដ៏ឃោរឃៅនៅអាមេរិកកាលពី៧ឆ្នាំមុន ដែលស្ថាប័នអន្តរជាតិប៉ូលិសនេះអះអាងថា ឃាតកររូបនេះអាចរត់គេចពីការផ្តន្ទាទោសចូលកម្ពុជា គួរតែបំពេញឯកសារតាមផ្លូវច្បាប់ស្របតាមបទដ្ឋានគតិយុត្តច្បាប់អន្តរជាតិ ។

លោក ទូច សុឃៈ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ១៧ ឧសភាថា សម្រាប់កម្ពុជាស្វាគមន៍សហការគ្រប់ពេល គ្រប់វេលាជាមួយបណ្តានៃសមត្ថកិច្ចនៃរដ្ឋអធិបតេយ្យផ្សេងៗទាំងឡាយដែលចង់សហការក្នុងការចាប់ខ្លួន ឬបង្ក្រាបបទល្មើសណាមួយ ។

លោកថា ដោយសារកម្ពុជា គឺជារដ្ឋអធិបតេយ្យមានឆន្ទៈក្នុងការបង្ការ និងទប់ស្កាត់នូវរាល់បទល្មើសទាំងអស់ឲ្យតែជនប្រព្រឹត្តបទល្មើសហើយមានភស្តុតាងគ្រប់គ្រាន់។

អ្នកនាំពាក្យក្រសួងមហាផ្ទៃបញ្ជាក់ថា “ខ្ញុំគិតថា បើសិនជា FBI ចង់សហការជាមួយកម្ពុជា គឺFBI ធ្វើការងារជាមួយរដ្ឋអធិបតេយ្យមួយនេះបាន ដោយបំពេញនូវឯកសារផ្លូវច្បាប់ផ្សេងៗតាមដែលបទដ្ឋានគតិយុត្តច្បាប់អន្តរជាតិតម្រូវ។ FBI របស់អាមេរិកគួរតែបំពេញបែបបទបក់ដៃ ឬក៏សហការតាមផ្លូវច្បាប់ជាមួយរដ្ឋអធិបតេយ្យ គឺកម្ពុជាយើង ពីព្រោះកម្ពុជាយើង មិនអាចមើលពីបទល្មើសណាមួយនៅក្នុងទឹកដីសហរដ្ឋអាមេរិកទេ” ។

លោកថា ដូច្នេះមានតែការផ្តល់ព័ត៌មានមកកម្ពុជាប៉ុណ្ណោះ ហើយបើគ្រាន់តែផ្សព្វផ្សាយបែបនេះបែបនោះ ឬក៏សង្ស័យយ៉ាងណានោះ ក៏អាចធ្វើឲ្យប៉ះពាល់ដល់រដ្ឋអធិបតេយ្យកម្ពុជាដែរ ។

បើតាមការផ្សាយរបស់វិទ្យុបារាំងជាខេមរភាសា គឺបុរសជាឃាតករនេះ មានឈ្មោះ បប់ តាំងបានសម្លាប់មិត្តភក្តិជិតស្និតជាជនជាតិខ្មែរដូចគ្នា ដោយសារភ្លើងប្រចណ្ឌដោយបានកាត់សាកសពជនរងគ្រោះជាបំណែកៗ កាលពីខែឧសភា ឆ្នាំ២០១៧។ លោក បប់ តាំងត្រូវបានតុលាការសហព័ន្ធអាមេរិកនៅស្រុកអាឡាមេដា រដ្ឋកាលីហ្វ័រញ៉ា ចោទប្រកាន់ក្នុងបទឃាតកម្ម និងបញ្ជាឲ្យចាប់ខ្លួនក្នុងខែមីនា ឆ្នាំ២០១៩ ប៉ុន្តែចាប់តាំងពីថ្ងៃនោះមក បុរសរូបនេះ បានបាត់ខ្លួនពីអាមេរិកតែម្តង។

ចំពោះករណីនេះដែរ ក៏បានធ្វើឲ្យលោកទូច សុឃៈ មានការងើយឆ្ងល់ថា ហេតុអ្វីបានជា FBI ចាប់ខ្លួនជនល្មើសមិនបាននៅអាមេរិក រហូតបានអូសបន្លាយដល់៧ឆ្នាំបែបនេះ ។ លោកថា ឬមួយក៏បុរសជាជនល្មើសនេះ មានវិធីសាស្រ្តអ្វីរត់គេចខ្លួនពីការតាមចាប់ខ្លួនរបស់ FBI ៕

To Top