ព័ត៌មានជាតិ

លោកខូយ រីដា អញ្ជើញបើកយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាខេត្ត ស្រុក ក្រុងអាណត្តិទី ៤ ឆ្នាំ ២០២៤ នៅក្រុងពោធិ៍សាត់ !

ពោធិ៍សាត់: លោកខូយ រីដា សមាជិកគណះកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ និង ជាប្រធានក្រុមការងារ គណបក្សចុះជួយក្រុងពោធិ៍សាត់ នៅថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២៤ បានអញ្ជើញជាអធិបតីបើកយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាខេត្ត/ស្រុក ក្រុងអាណត្តិទី ៤ ឆ្នាំ ២០២៤ ។

ពិធីនោះត្រូវបានធ្វើឡើងនៅស្នាក់ការគណបក្ស ប្រជាជនកម្ពុជា ស្ថិតនៅសង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ដោយ មានការអញ្ជើញចូលរួម ពីគណ:ប្រចាំការ គណ:អចិន្ត្រៃយ៍គណ:កម្មាធិការគណបក្សខេត្ត លោក លោកស្រីជាបេក្ខជន ក្រុមប្រឹក្សាខេត្តពេញសិទ្ធិចំនួន ២១ រូប បេក្ខជនក្រុមប្រឹក្សាក្រុងពេញសិទ្ធិចំនួន ១៧ រូប ក្រុមការងារចុះជួយសង្កាត់ និង ភូមិ ក្រុមប្រឹក្សាសង្កាត់កូតា(CPP)ជាអង្គបោះឆ្នោតទាំង ៧ សង្កាត់ យុវជន យុវនារី ជាសមាជិក សមាជិកាសរុបប្រមាណ ៣៧៨ នាក់។

លោកខូយ រីដា ប្រធានគណ:កម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្ត និង ជាប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជូយក្រុងពោធិ័សាត់ បានមានប្រសាសន៍ថា ការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សា ខេត្ត/ក្រុង ស្រុកអាណត្តិទី ៤ ឆ្នាំ ២០២៤នេះគឺជាព្រឹត្តិការ ប្រវត្តិសាស្ត្រថ្មីមួយទៀត របស់ប្រទេសកម្ពុជាក្នុងដំណើរការអនុវត្តរបបលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស បន្ទាប់ពីយើងទទួលបានជោគជ័យក្នុងការបោះឆ្នោតព្រឹទ្ធសភានិតិកាលទី ៥ កាលពីថ្ងៃទី ២៥ ខែ កុម្ភះ ឆ្នាំ ២០២៤ កន្លងទៅស្របតាមរដ្ឋធម្មនុញ្ញ នៃ ព្រះរាជាណាចក្រកម្ពុជា ក្នុងបរិយាកាសនយោបាយប្រកបដោយលក្ខណ:សេរី ត្រឹមត្រូវ និង យុត្តិធម៌។

រយះពេល ៤៥ ឆ្នាំមកនេះ ឈរលើមូលដ្ឋាន នៃ ថ្ងៃជ័យជំនះ ៧ មករា ឆ្នាំ ១៩៧៩ នៅលើកំណាត់ផ្លូវដ៍បត់បែន លំបាកស្មុគ្រស្មាញ និង តស៊ូប្តូរផ្តាច់ គណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេសជាតិអោយរីកចម្រើនឈានទៅមុខជាជំហ៊ានៗជម្នះរាល់ឧបសគ្គបង្កើតបាននូវរាល់មហាសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រជូនជាតិ និង ប្រជាជន ក្នុងបុព្វហេតុ ស្តារ កសាង អភិវឌ្ឍន៍ និង ការពារមាតុភូមិ។

លោកខូយ រីដា ប្រធានគណ:កម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តពោធិ័សាត់ ក៍សូមអំពាវនាវ ដល់អង្គបោះឆ្នោតទាំងអស់ នៅក្នុងខេត្តពោធិ៍សាត់ សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគណបក្សបន្តដឹកនាំក្រុមប្រឹក្សាខេត្ត/ក្រុមប្រឹក្សាក្រុង ស្រុកបន្តទៀត និង ចូលរូមថែរក្សា ការពារ សុខ សន្តិភាព និង ការអភិវឌ្ឍន៍ប្រទេសអោយ កាន់តែរីកចម្រើនបន្ថែមទៀត។

គួរបញ្ជាក់ថា ដំណើរការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី/ខេត្ត ខ័ណ្ឌស្រុក ក្រុង នឹង ប្រព្រឹត្តទៅនៅថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២៤ ខាងមុខនេះ។សម្រាប់ខេត្តពោធិ៍សាត់មានលោក លោកស្រីជាបេក្ខជនក្រុមប្រឹក្សាខេត្តពេញសិទ្ធិចំនួន ២១ រូប បេក្ខជនក្រុង ស្រុកទាំង ៧ ពេញសិទ្ធិចំនួន ១២១ រូប និង ក្រុមប្រឹក្សាឃុំ/សង្កាត់ជាអង្គបោះឆ្នោត ទាំង ៤៩ ឃុំ/សង្កាត់ចំនួន ៣៤១ នាក់៕

To Top