ព័ត៌មានជាតិ

យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» គឺមានសារៈសំខាន់ជួយ ឱ្យប្រទេសស្អាត រស់នៅស្អាត និងទាក់ទាញភ្ញៀវទេសចរ

ភ្នំពេញ ៖ ក្នុងយុទ្ធនាការថ្មីដែលមានឈ្មោះថា «កម្ពុជាស្អាត ខ្មែរធ្វើបាន» ជាកម្មវិធីមួយមានសារៈសំខាន់ចំពោះប្រជាពលរដ្ឋ ដោយក្នុងនោះ ក្រៅពីជួយឱ្យប្រទេសស្អាត ភូមិឃុំស្អាតហើយ នៅជួយឱ្យទាក់ទាញ វិស័យទេសចរណ៍ថែមទៀត។

ក្នុងពីធីប្រកាសបើកយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» នៅទូទាំងស្រុកអូរាំងឪ នាថ្ងៃទី១៧ ឧសភា លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានឱ្យដឹងថា ក្នុងយុទ្ធនាការថ្មីនេះ សង្ឃឹមថានឹងទទួលជោគជ័យបន្ថែមទៀត ក្រោយពីយុទ្ធនាការកាត់បន្ថយប្លាស្ទិក ប្រើពេលមិនដល់មួយឆ្នាំ ដោយទទួលបានជោគជ័យរួចមក។ សម្រាប់យុទ្ធនាការថ្មីនេះ ក្រសួងរំពឹងថា អាចនឹងទទួល ជោគជ័យក្នុងរយៈពេល ១ឆ្នាំ ដោយជោគជ័យនេះគឺសំដៅទៅលើ តាមភូមិទូទាំងប្រទេសកម្ពុជារួមគ្នា ចេញមកសម្អាតជុំវិញផ្ទះ ជុំវិញសាលារៀន មន្ទីរពេទ្យ វត្តអារាមដែលពេលនោះប្រទេស យើងនឹងស្អាតហើយ។

លោកបណ្ឌិត បានមានប្រសាសន៍ថា «យុទ្ធនាការនេះសំខាន់ព្រោះធ្វើឱ្យកម្ពុជាស្អាត ផ្ទះយើងស្អាត កាលណាផ្ទះយើងស្អាតយើងមានអនាម័យល្អ សុខភាពល្អ រៀនឆ្លាតវ៉ៃ រៀនពូកែ។ ស្អាតផ្ទះយើងស្អាតភ្ញៀវទេសចរណ៍ មកលេង ទាំងនេះឯងនាំឱ្យមានចំណូល នាំមកនូវភាពសប្បាយរីករាយ នៅក្នុងក្រុមគ្រួសារ»។

លោករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ផ្តើមចេញពីស្រុកអូរាំងឪ និង ផ្តើមដាក់ចេញនៅយុទ្ធនាការ ថ្ងៃនេះខ្ញុំមិនប្រើប្រាស ថង់ផ្លាសស្ទិក រហូតដល់ពេលនេះមានប្រជាជនជាង ពាក់កណ្តាលពោលគឺលើសពី ៥០ភាគរយ បានរួមគ្នាកាត់បន្ថយ ប្រើប្រាស់ប្លាស្ទិកដែលទាំងនេះ បង្ហាញថាពួកគាត់បានយល់ពីផលប៉ះពាល់បា្លស្ទិក។

លោករដ្ឋមន្ត្រី បញ្ជាក់ដែរថា តាមរយៈយុទ្ធនាការ កាត់បន្ថយប្លាស្ទិក កន្លងមកឃើញថា ចំនួនថង់បា្លស្ទិក នាំចូលប្រទេសកម្ពុជា កន្លងមកមានចំនួន ៧៥%ហើយ ដោយក្នុងនេះ នៅសល់តែ២៥ភាគរយទៀតទេ។ លោករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «អញ្ចឹងទេយើង ឃើញថា ដល់ពេលយើងចេញ មកសម្អាតតាមភូមិឃុំ របស់យើងហើយ ។ យើងមិនជោគជ័យ១០០%ទេ តែយ៉ាងហោចណាស់ ក៏៨០ទៅ៩០%ដែរ។ សម្រាប់យុទ្ធនាការថ្មីនេះ ដល់ពេលយើងចេញ មកសំអាតតាមផ្លូវ តាមផ្ទះ អញ្ចឹងក្មួយៗជួយផង ក្មួយជួយបានអត់ ក្នុងយុទ្ធនាការថ្មី“កម្ពុជាស្អាត ខ្មែរធ្វើបាន»៕

To Top