នយោបាយ

ថ្ងៃទី១ នៃយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ស្ថានភាពទូទៅនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ត្រូវនឹងថ្ងៃទី១នៃ​យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ បានប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា និងមានសុវត្ថិភាព។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប នាថ្ងៃទី១៧ ឧសភា បានបញ្ជាក់ឱ្យដឹងថា សម្រាប់ថ្ងៃដំបូង នៃយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ហៅកាត់ថា «ក្រុមប្រឹក្សា» អាណត្តិទី៤ ឆ្នាំ២០២៤ គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត បានធ្វើការឃោសនាបោះឆ្នោតយ៉ាងផុលផុស មានសកម្មភាពជាអាទិ៍ ហែក្បួនឃោសនា ជួបប្រជុំនៅទីស្នាក់ការគណបក្ស និងទីកន្លែងមួយចំនួន ចុះជួបអ្នកបោះឆ្នោតតាមខ្នងផ្ទះ ចែកខិត្តបណ្ណ ចាក់មេក្រូផ្សព្វផ្សាយ ប្រគំតន្រ្តី បង្ហាញលំដាប់លេខរៀងគណបក្សលើសន្លឹកឆ្នោត និងបង្រៀនគូសសន្លឹកឆ្នោត។

តាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ទាំង២៥ ឃើញថា៖ គណបក្សប្រជាជនកម្ពុជា បានហែក្បួនឃោសនា ដោយមានអ្នកចូលរួមជាច្រើន នៅរាជធានីភ្នំពេញ ខេត្តកំពង់ចាម កំពង់ធំ កំពង់ឆ្នាំង បន្ទាយមានជ័យ ឧត្ដរមានជ័យ ស្វាយរៀង ព្រះសីហនុ ក្រចេះ និងព្រៃវែង ហើយបានជួបប្រជុំបើកយុទ្ធនាការឃោសនា បោះឆ្នោតនៅតាមបណ្ដាខេត្តផ្សេងទៀត។

គណបក្ស ឆន្ទៈខ្មែរ បានជួបប្រជុំបេក្ខជន សមាជិក អ្នកគាំទ្រគណបក្ស និងអ្នកបោះឆ្នោត នៅរាជធានីភ្នំពេញ ខេត្តកំពង់ចាម កណ្ដាល តាកែវ កំពត កំពង់ស្ពឺ ពោធិ៍សាត់ កំពង់ធំ ព្រះវិហារ កោះកុង បន្ទាយមានជ័យ កំពង់ឆ្នាំង និងព្រៃវែង។

គណបក្ស កម្លាំងជាតិ បានជួបប្រជុំនៅខេត្តស្វាយរៀង និងចាក់មេក្រូផ្សព្វផ្សាយទីស្នាក់ការគណបក្ស នៅខេត្តព្រះវិហារ។ គណបក្សហ៊្វុនស៊ិនប៉ិច បានជួបប្រជុំ និងចាក់មេក្រូផ្សព្វផ្សាយ នៅរាជធានីភ្នំពេញ ខេត្តកណ្ដាល ស្វាយរៀង កំពង់ស្ពឺ ព្រះសីហនុ ព្រៃវែង និងខេត្តបន្ទាយមានជ័យ។ គណបក្សខ្មែររួបរួមជាតិ ពុំទាន់ធ្វើសកម្មភាពឃោសនាបោះឆ្នោតនៅឡើយទេ។

ជារួម ដោយសារមានកិច្ចសហការល្អ ពីសំណាក់អាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ច ជាមួយ គធ.ខប និងគណបក្សនយោបាយផងនោះ ដំណើរការឃោសនាបោះឆ្នោត នៅថ្ងៃដំបូងនេះបានប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងពុំមានបាតុភាពណាមួយ កើតឡើងគួរឱ្យកត់សម្គាល់ឡើយ។

សូមបញ្ជាក់ថា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ មានរយៈពេល៨ ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤៕

To Top