ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា កម្ពុជា ក៏ជាអ្នកគាំទ្រវិស័យតន្ត្រី Kpop និងភាពយន្តរបស់កូរ៉េខាងត្បូងផងដែរ ហេីយកន្លងទៅកម្ពុជា ធ្លាប់បានអញ្ជើញ ក្រុមតារាចម្រៀងស្រីដ៏ល្បីប្រចាំប្រទេសកូរ៉េខាងត្បូងមកសម្តែងនៅកម្ពុជា ប៉ុន្តែដោយសារតែបញ្ហាខ្លះ ក៏ត្រូវបានខកខាន ខណៈសម្តេចធិបតី សង្ឃឹមថា នឹងមានឱកាសអាចអញ្ជើញជាថ្មី ដើម្បីបង្កើតទំនាក់ទំនង ។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “ម្សិលមិញ ជួបទាំងតំណាង SM Entertainment មានមក Pop Star មានអីមក ខ្ញុំថា អញ្ជើញទៅកម្ពុជា ព្រោះកម្ពុជា Big Fan, Kpop ហើយ Kdrama ចឹងគាត់នឹងធ្វើការបន្តជាមួយក្រសួងទេសចរណ៍របស់យើង ដើម្បីថ្ងៃណាយក Kpop ទៅលេងសម្តែងនៅកម្ពុជា”។
សម្តេចធិបតី គូសរំលឹកថា “ថ្ងៃមុនយើងគ្រោងយក BlackPink ទៅ តែដល់ហើយ BlackPink គាត់បែកគ្នាទៅ ចឹងយើងទុកសិន ចឹងសង្ឃឹមថា នឹងអញ្ជើញទៅទៀត ដើម្បីបង្កើតទំនាក់ទំនង” ។
ការលើកឡើងរបស់សម្តេច ក្នុងន័យថា ពលរដ្ឋកម្ពុជា ក៏ជាអ្នកចូលចិត្ត និងគាំទ្រវិស័យតន្ត្រី និងភាពយន្តរបស់កូរ៉េផងដែរ ដោយក្នុងនោះសម្តេចធិបតី ក៏បានបង្ហេីបថា សូម្បីកូនស្រីសម្តេចផ្ទាល់ក៏ជា Fan Kpop ចំណែកភរិយាសម្តេចធិបតី លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក៏ជាអ្នកគាំទ្រ រឿងភាគកូរ៉េមួយរូបផងដែរ ។
គួរឱ្យដឹងថា កន្លងទៅមានក្រុមហ៊ុនកម្ពុជា ជាច្រើនធ្លាប់បានអញ្ជើញ កំពូលតារាចម្រៀងប្រចាំសាធារណរដ្ឋកូរ៉េ មកសម្តែងនៅកម្ពុជា ដែលមានតារាល្បីៗដូចជា Rain, CL និងក្រុមតារាចម្រៀងមួយចំនួនទៀតជាដើម។
សូមបញ្ជាក់ថា ក្រុមតារាចម្រៀងនារី ដែលជាក្រុមដ៏មានទេពកោសល្យ BLACKPINK មានសមាជិក ៤ នាក់គឺ Jennie Rosé Jisoo និង Lisa៕