ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ការបោះឆ្នោត គឺដើម្បីសុខសុវត្ថិភាព សេចក្ដីសុខរបស់ប្រជាជន មិនមែនដើម្បីធ្វើសង្គ្រាមនោះទេ។
ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសសម្ដេចតេជោ អញ្ជើញចូលរួមពិធីពិសាអាហារថ្ងៃត្រង់ជាមួយ លោក អឹអិណុ អាហ្សឹហ្ស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ នៅនិវេសនដ្ឋានទូតជប៉ុន រាជធានីភ្នំពេញ។

សម្ដេចតេជោមានប្រសាសន៍ថា ជាការល្អណាស់ដែលជប៉ុនជួយកម្ពុជា គ្រប់ដំណាក់កាលទាំងអស់ ក្នុងដំណើរការប្រជាធិបតេយ្យ ។សម្តេច បានស្នើឱ្យ លោកឯកអគ្គរាជទូត ចាំមើលថា នៅពេលដែលចលនាជ្រុលនិយម ត្រូវកាត់បន្ថយនៅក្នុងតំបន់ ស្ថានការណ៍ប្រជាធិបតេយ្យ នឹងល្អប្រសើរ រួមទាំងកម្ពុជា ។
តាមការព្យាករណ៍របស់សម្តេច នៅពេលអស់ចាស់ជ្រុលនិយម ក្មេងៗនឹងធ្វើឱ្យដំណើរការ ប្រជាធិបតេយ្យល្អប្រសើរ ។ នៅក្នុងប្រជាធិបតេយ្យ មិនត្រូវមានចលនាជ្រុលនិយមនោះទេ សូម្បីតែនៅប្រទេសបារាំង ក៏មានការព្រួយបារម្ភ នឹងចលនាជ្រុលនិយម របស់លោក ឡឺប៉ែន ផងដែរ ។ ការបោះឆ្នោត គឺដើម្បីសុខសុវត្ថិភាព សេចក្ដីសុខរបស់ប្រជាជន មិនមែនដើម្បីធ្វើសង្គ្រាមនោះទេ ។ ចលនាជ្រុលនិយម អាចបង្កឱ្យមានសង្គ្រាម ។
សម្ដេចតេជោ និងលោកឯកអគ្គរាជទូតជប៉ុន បានផ្លាស់ប្តូរយោបល់ផងដែរ ទៅលើស្ថានការណ៍តំបន់និងអន្តរជាតិ ដូចជាស្ថានការណ៍នៅប្រទេសមីយ៉ាន់ម៉ា សង្គ្រាមនៅមជ្ឈិមបូព៌ា សង្គ្រាមអ៊ុយក្រែន-រុស្ស៊ី ព្រមទាំង ផលប៉ះពាល់នៃការអភិវឌ្ឍ បញ្ញាសិប្បនិម្មិត នៅក្នុងសង្គម សេដ្ឋកិច្ចនៅក្នុងពិភពលោក ។
សម្ដេចតេជោមានប្រសាសន៍ថា ឧបករណ៍សង្គ្រាម គឺជាផ្នែកមួយនៃការរីកលូតលាស់ នៃបច្ចេកវិទ្យា ដូចជាគ្រាប់កាំភ្លើង កាំភ្លើង យន្តហោះ … ។ល។ ប្រសិនបើពិភពលោកប្តូរ ពីការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ធ្វើសង្គ្រាម មកប្រើប្រាស់នៅក្នុងវិស័យ សេដ្ឋកិច្ចវិញនោះ ការរីកចម្រើនរបស់ពិភពលោក នឹងមានកម្រិតខ្លាំងក្លា ៕
