ព័ត៌មានជាតិ

សម្ដេចតេជោ​ បញ្ជាឲ្យសមត្ថកិច្ចកម្ពុជា​ សហការជាមួយវៀតណាម​ វែកមុខអ្នកចូលជេរសម្ដេច រឿងព្រែកជីកហ្វូណន

ភ្នំពេញ​ ៖​ សម្ដេចតេជោ​ ហ៊ុន​ សែន​ ប្រធានព្រឹទ្ធសភា​ បានចេញបទបញ្ជាឲ្យសមត្ថកិច្ច​ សហការជាមួយសមត្ថកិច្ចវៀតណាម​ វែកមុខរកអ្នកចូលជេរសម្ដេច រឿងព្រែកជីកហ្វូណន។

តាមរយៈគេហទំព័ហ្វេសប៊ុក​ នៅយប់ថ្ងៃទី១៩​ ខែឧសភា​ ឆ្នាំ២០២៤​ សម្ដេចតេជោ​ ហ៊ុន​ សែន​ បានសរសេរថា​ “ខ្ញុំពិតជាមានការភ្ញាក់ផ្អើលពេលបើកមើលមតិយោបល់ក្នុងតិចតុកដែលខ្ញុំបានបង្ហោះ។​ មិនដឹងជនជាតិវៀតណាមចូលជេរខ្ញុំពីពេលណាមកព្រោះមើលតែ៤វីដេអូដែលបានបង្ហោះ
ឃើញរាប់សឹបនាក់ចូលមកជេរ”។

សម្ដេចតេជោ​ បន្ដថា​ កាលឆ្នាំ២០១៦​ និងឆ្នាំ២០១៧​ មានជាង២០០០នាក់ចូលមកជេរ​ សម្ដេច​ តាម​Facebook ក្នុងនោះមានម្នាក់ជាលេខាបក្សស្រុកផង។ ក្រោយ​ សម្ដេច​ ប្រាប់អគ្គលេខាបក្ស​ ងៀង ហ្វូចុងរៀង​ បែបនេះក៏ស្ងាត់ទៅវិញពេលនោះ​ រឿងសមុទ្រចិនខាងត្បូង។

សម្ដេចតេជោ​ គូសបញ្ជាក់​ថា​ “ពេលនេះពួកគេចូលមកជេរតាម​ Tik tok​ ម្តងប្រហែលជាក្រោយ​ ខ្ញុំនិយាយរឿងព្រែកជីកហ្វូណនតេជោ។ ខ្ញុំមិនប្រាកដថាវៀតណាមនេះជាអ្នកណា? វៀតណាមនៅក្នុងប្រទេសវៀតណាម​ ឬវៀតណាមនៅក្រៅប្រទេស ដែលមានខ្លះប្រឆាំងរដ្ឋាភិបាលវៀតណាម ឬអណិកជនវៀតណាម នៅកម្ពុជាឬបងប្អូនខ្មែរក្រោម ដែលមានគណនី​ តិច តុច​ និងចេះវាយអក្សរវៀតណាមផង និងចេះអានអក្សរខ្មែរផង។​ ដោយមានការសង្ស័យ និងភាពមិនច្បាស់លាស់បែបនេះ គឺមានតែកិច្ចសហការស្រាវជ្រាវ តែមួយគត់ ដែលយើងអាចធ្វើបាន”។

សម្ដេចតេជោ​ ហ៊ុន​ សែន​ បន្ថែមថា​ “ខ្ញុំស្នើរឱ្យសមត្ថកិច្ចកម្ពុជាសហការជាមួយ​ សមត្ថកិច្ចវៀតណាមសហការស្រាវជ្រាវសមាសភាពនៃជនដែលចូលមក ជេរខ្ញុំជាអ្នកណា?។​ ខ្ញុំមិនចោទប្រកាន់ថាថ្នាក់ដឹកនាំ
វៀតណាមថាប្រើប្រាស់មនុស្សបែបនេះ ឱ្យចូលមកជេរខ្ញុំទេ ដូចនេះទើបខ្ញុំស្នើរសុំកិច្ចសហការស្រាវជ្រាវដើម្បីជៀសវាងពួកអាក្រក់ ឆ្លៀតបំបែកបំបាក់”៕

To Top