ភ្នំពេញ ៖ ក្នុងទិវាជាតិនៃការចងចាំ ២០ ឧសភា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមថែរក្សាការពារសន្តិភាព ឲ្យបានគង់វង្ស ព្រោះសន្តិភាពបានផ្តល់ ឱកាសគ្រប់យ៉ាង ក្នុងការកសាង សង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ។

តាមរយៈគេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ សម្ដេចតេជោបានឲ្យដឹងថា ថ្ងៃនេះ ជាថ្ងៃទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត ។ ទិវានេះ ជាការរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។

សម្ដេចតេជោបន្ដថា ប្រជាពលរដ្ឋកម្ពុជាភាគច្រើន លើសលប់បានដឹង និងបានយល់ច្បាស់ អំពីរឿងរ៉ាវ សោកនាដកម្មដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរ បានឆ្លងកាត់ជិត៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម ។

សម្ដេចបន្ថែមថា មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិមូលដ្ឋានមានពីកំណើត របស់មនុស្សក៏គ្មានដែរ។

សម្ដេចតេជោបានគូសបញ្ជាក់ថា «ដើម្បីកុំឲ្យរបប នេះវិលត្រឡប់មកវិញ ចូលរួមថែរក្សាការពារ សន្តិភាពឲ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ ឱកាសគ្រប់យ៉ាងក្នុងការកសាង សង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនទៅមុខទៀត»៕




