កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៤ នេះ បានអញ្ជើញជាអធិបតី ក្នុងការប្រារព្ធទិវាជាតិ នៃការចងចាំ ២០ ឧសភា ២០២៤ នៅមណ្ឌលឧក្រិដ្ឋកម្ម ស្ថិតក្នុងបរិវេណវត្តសុវណ្ណគីរីរតនៈភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ សាលាដំបូងខេត្ត តំបន់ប្រតិបត្តិការសឹករងកំពង់ចាម ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត យុវជន សិស្សានុសិស្ស និងព្រះសង្ឃ ៧៩អង្គ ផងដែរ ។
អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ក្នុងឱកាសនោះថា ទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ឧសភា ជាការរំលឹកដល់ ប្រវត្តិសាស្ត្រដ៏ឈឺចាប់ ដែលមាតុភូមិ និងប្រជាជនយើងធ្លាប់បានឆ្លងកាត់ ក្នុងរបបមួយដ៏សែនឃោរឃៅ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់ កម្ពុជា ក៏ដូចប្រវត្តិសាស្រ្តសកលលោក។

លោកអភិបាលខេត្ត បានរំលឹកថា បន្ទាប់ពីពួកប៉ុលពត បានឡើងកាន់អំណាចនៅកម្ពុជានៅថ្ងៃ ១៧ មេសា ១៩៧៥, ជិតមួយខែក្រោយមក គឺនៅថ្ងៃ២០ ឧសភា ១៩៧៥ ពួកប៉ុលពត បានប្រកាសចេញជាចំហរ នូវគោលការណ៍មួយ រួមមាន ៖ ការជម្លៀសប្រជាជន ចេញពីទីក្រុងនានាការ លុបចោលទីផ្សារទាំងអស់ ក្នុងប្រទេស ការបំបាត់រូបិយវត្ថុទាំងអស់ នៃរបបចាស់ ការផ្សឹកព្រះសង្ឃទាំងអស់ ការបង្កើតផ្ទះបាយរួមទូទាំងប្រទេស ការបណ្តេញជនជាតិ វៀតណាម ការបិទមន្ទីរពេទ្យទាំងអស់ក្នុងទូទាំងប្រទេស ការបិទមហាវិទ្យាល័យ អនុវិទ្យាល័យ បឋមសិក្សាទូទាំងប្រទេស ការកំចាត់ចោលទាំងស្រុង នូវពួកខ្មាំងបង្កប់។ល។

ដូច្នេះ គឺថ្ងៃ ២០ ឧសភា នោះហើយជាថ្ងៃ ដែលចាប់ផ្តើមអនុវត្តនយោបាយ ប្រល័យពូជសាសន៍នៅកម្ពុជា ដែលបានបញ្ឈប់ទាំងស្រុង នូវដំណើរការរីកចម្រើន ទៅមុខ របស់សង្គមជាតិ ហើយទាញបញ្ច្រាស ឲ្យដើរថយក្រោយយ៉ាងវែង វិលទៅរកសម័យទាសភាព ក្នុងបុព្វកាលវិញ។និយាយរួមសង្គមកម្ពុជាត្រូវបំផ្លាញខ្ទេចខ្ទីដល់ឬសគល់ គ្មានស្នាមញញឹម គ្មានសំណើច គ្មានការអប់រំ គ្មានសេចក្តីស្រលាញ់ គឺមានតែការភ័យរន្ធត់ការអត់ឃ្លាន ទារុណកម្ម និងការកាប់សម្លាប់ប៉ុណ្ណោះ។

លោកអភិបាលខេត្តបានថ្លែងទៀតថា ប៉ុន្តែទោះយ៉ាងណាក្តី ពួកប្រល័យពូជសាសន៍ មិនអាចកម្ទេចស្មារតិស្នេហាជាតិ ស្រលាញ់សេរីភាព និងយុត្តិធម៌របស់ប្រជាជនបានឡើយ ។ ក្រោមទង់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ប្រជាជនយើងនៅគ្រប់ទិសទី បានក្រោកឈរឡើងប្រយុទ្ធតស៊ូ ផ្ដួលរំលំរបបដ៏យង់ឃ្នង់នេះ រហូតទទួលបានជ័យជំនះនៅថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ ដែលបាន សង្គ្រោះជាតិអោយបានរស់រានឡើងវិញ ទាន់ពេលវេលា ៕
