ភ្នំពេញ ៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃ២០ ឧសភានេះ បានស្នើលោក Nguyễn Huy Tăng ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ផ្តល់កិច្ចសហការស្រាវជ្រាវករណី ការបង្ហោះខ្លឹមសារជេរប្រមាថថ្នាក់ដឹកនាំកម្ពុជា។

កាតស្នើរបស់រដ្ឋមន្រ្តីការបរទេសខ្មែរនេះ នាឱកាសទទួលជួបលោក Nguyễn Huy Tăng នៅព្រឹកថ្ងៃទី២០ ឧសភា ។ ក្នុងជំនួបលោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការភ្ញាក់ផ្អើលយ៉ាងខ្លាំង របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការបង្ហោះសារតាម Tik Tok ជេរប្រមាថថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជា ពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វ៊ូណនតេជោ ដែលបានបង្កឲ្យមានអារម្មណ៍មិនល្អ ក្នុងរង្វង់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី បានលើកសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា សូមឲ្យរដ្ឋាភិបាលវៀតណាម ផ្តល់កិច្ចសហការធ្វើការស្រាវជ្រាវ ដើម្បីកំណត់សមាសភាព អត្តសញ្ញាណអ្នកដែលបាន បង្ហោះខ្លឹមសារអមិត្តទាំងនោះ ដើម្បីទប់ស្កាត់ការប៉ុនប៉ងណាមួយ សំដៅបំផ្លាញចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ។
ចំណែកលោកឯកអគ្គរដ្ឋទូតវៀតណាម ក៏បានយល់តាមស្របមតិថា ការបង្ហោះខ្លឹមសារអមិត្តទាំងនោះ ជាសកម្មភាពអវិជ្ជមាន ដែលចាំបាច់ត្រូវមានកិច្ចសហការ យ៉ាងជិតស្និទ្ធរវាងស្ថាប័នមាន សមត្ថកិច្ចរបស់ប្រទេសទាំងពីរ ដើម្បីធ្វើការស្រាវជ្រាវកំណត់សមាសភាព អត្តសញ្ញាណជនដែលនៅពីក្រោយ សកម្មភាពទាំងនោះ។

សូមបញ្ជាក់ថា កាលពីរាត្រីថ្ងៃ១៩ ឧសភា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានភ្ញាក់ផ្អើលជាខ្លាំង ក្រោយបើកមើលមតិយោបល់ ក្នុងតិចតុកដែលសម្តេចបានបង្ហោះ មានអ្នកបញ្ចេញមតិមិនល្អមកលើសម្តេច ។ ដោយសម្តេចអះអាងថា “មិនដឹងជនជាតិវៀតណាមចូលជេរខ្ញុំពីពេលណាមក ព្រោះមើលតែ៤វីដេអូ ដែលបានបង្ហោះឃើញរាប់សឹបនាក់ចូលមកជេរ” ។ សម្តេចអ្នកជេរនេះ ក្រោយពីសម្តេចបាននិយាយរឿងព្រែកជីកហ្វូណន ។ បន្ទាប់ពីឃើញបែបនេះ សម្តេចក៏បានចេញបទបញ្ជាឲ្យ សមត្ថកិច្ចកម្ពុជាសហការជាមួយ សមត្ថកិច្ចវៀតណាម វែកមុខរកអ្នកចូលជេរសម្ដេច រឿងព្រែកជីកហ្វូណន ៕
