ព័ត៌មានជាតិ

វិស័យការទូតសភាកម្ពុជា បានចូលរួមចំណែក លើកកម្ពស់កិត្យានុភាពជាតិ និងដោះស្រាយបញ្ហានានា ជូនមនុស្សជាតិ លើសកលលោក

ភ្នំពេញ ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះការងារវិស័យការទូតសភាកម្ពុជា ដែលបានចូលរួមចំណែក ដល់ការលើកកម្ពស់កិត្យានុភាពកម្ពុជា នៅលើឆាកអន្តរជាតិ ក៏ដូចជាការចូលរួមចំណែកដោះស្រាយ បញ្ហានានា របស់ប្រជាពលរដ្ឋទំាងក្នុងតំបន់ និងសកលលោក តាមរយៈយន្តការសភា ដែលយកការសន្ទនាជាស្នូល ។

សម្តេចបានវាយតម្លៃដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំស្តាប់របាយការណ៍ពីវឌ្ឍនភាពវិស័យការទូតសភា ជាពិសេសវឌ្ឍនភាពការងារ របស់ក្រុមការងាររដ្ឋសភាជាតិ អាយប៉ា-កម្ពុជា ដែលរាយការណ៍ដោយ លោក ជាម យៀប អនុប្រធានទី១រដ្ឋសភា និងជាប្រធានក្រុមរដ្ឋសភាជាតិ អាយប៉ា-កម្ពុជា។

សម្តេចរដ្ឋសភាគូសបញ្ជាក់ថា បណ្តាប្រទេសជាមិត្តបានវាយតម្លៃខ្ពស់ ចំពោះតួនាទីរដ្ឋសភាកម្ពុជា នៅលើឆាកអន្តរជាតិ។ សម្តេចថា កម្ពុជាស្មើមុខស្មើមាត់ ជាមួយអន្តរជាតិ ក្រៅពីការចូលរួមចំណែកយ៉ាងសកម្ម នៅក្នុងវេទិកាអន្តរសភា ជាច្រើនដែលសភាកម្ពុជា ជាសមាជិកនោះ បណ្តាប្រទេសជាមិត្ត បានអញ្ជើញកម្ពុជា ជាវាគ្មិន នៅក្នុងការចែករំលែកបទពិសោធជាក់ស្តែងពីការកសាង និងការថែរក្សាសន្តិភាព នៅកម្ពុជាផងដែរ។

សម្តេចប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ថាវិស័យការទូតកម្ពុជារឹងមាំ និងរស់រវើកបណ្តាលមកពីផ្ទៃក្នុង របស់កម្ពុជារឹងមាំ ។ ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាល អាណត្តិមុនៗ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ហើយបន្តដល់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី អាណត្តិទី៧នៃរដ្ឋសភា បានយកចិត្តទុកដាក់ខ្ពស់បំផុតលើវិស័យការទូត ក្នុងនោះ វិស័យការទូតមានច្រើនវិស័យ មិនត្រឹមការទូតនយោបាយនោះទេ មានការទូតសភា ការទូតសេដ្ឋកិច្ច ការទូតប្រជាជនជាដើម។

សូមជម្រាបថា ក្នុងរបាយការណ៍របស់ លោក ជាម យៀប រដ្ឋសភាកម្ពុជា បានកំពុងបំពេញ បេសកកម្មវិស័យការទូតសភា យ៉ាងសកម្មទំាង នៅក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។ នៅក្នុងក្របខណ្ឌអន្តរសភា អាស៊ាន (AIPA) ដែលជាវេទិកាសភា នៃបណ្តាប្រទេសសមាជិកអាស៊ាននោះ កម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំមហាសន្និបាតប្រចាំឆ្នាំ(AIPA) ចំនួនបីលើករួចមកហើយ គឺនៅឆ្នាំ២០០៤ ឆ្នាំ២០១៩ និងឆ្នាំ២០២២ ។ រដ្ឋសភាកម្ពុជា បានកំពុងត្រៀមចូលរួម មហាសន្និបាត អន្តរសភាអាស៊ាន លើកទី៤៥ ដែលរដ្ឋសភាប្រទេសឡាវ នឹងធ្វើជាម្ចាស់ផ្ទះនៅក្នុង ខែតុលាឆ្នាំ២០២៤ ខាងមុខនេះ ៕

To Top