ព័ត៌មានជាតិ

វគ្គ១.៥លាននាក់ ៖ គ្រឹះស្ថាន នបណ្តុះបណ្តាល បច្ចេកទេសចំនួន១១ បន្ថែមទៀត នៅទូទាំងប្រទេស របស់ក្រសួងការងារ បានធ្វើតេស្តបញ្ជាក់សមត្ថភាព សិក្ខាកាម កម្រិតសញ្ញាបត្រ បច្ចេកទេស និងវិជ្ជាជីវៈ ១(C1)

ភ្នំពេញ ៖ គ្រឹះស្ថាន បណ្តុះបណ្តាល បច្ចេកទេសទូទាំង ប្រទេសចំនួន១១រ ទៀតរបស់សួងការងារ និងបណ្តុះ បណ្តាល វិជ្ជាជីវៈ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ បានធ្វើតេស្តបញ្ជាក់ សមត្ថភាព សិក្ខាកាមកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(C1) បន្ទាប់ពីបើកបវេសនកាលនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ។ ការធ្វើតេស្តបញ្ជាក់ សមត្ថភាពនេះ គឺដើម្បីវាយតម្លៃបញ្ជាក់សមត្ថភាព ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារ ងាយរងហានិភ័យ ១,៥លាននាក់ ដែលជាកម្មវិធីថ្នាក់ជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា មុនឈានជើងចូលទីផ្សារ ។

គ្រឹះស្ថានទាំង១១នោះរួមមានវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ វិទ្យាស្ថានពហុបច្ចេកទេស ព្រះកុសុមៈ វិទ្យាស្ថានជាតិវិជ្ជាជីវៈ បាត់ដំបងជាដើម ដែលបានបណ្តុះបណ្តាលសិក្ខាកាម លើវេនសិក្សាថ្ងៃចន្ទ-សុក្រពេញមួយថ្ងៃ។
លោក​ តាន់ កុសល នាយកវិទ្យាស្ថានជាតិ សហគ្រិនភាព និងនវានុវត្តន៍ បានគូសបញ្ជាក់ថា នៅថ្ងៃទី២០ ខែឧសភា វិទ្យាស្ថាន បានប្រឡង បញ្ជាក់សមត្ថភាព ដល់សិក្ខាកាមសរុប១៩២នាក់លើជំនាញ៧មុខដូចជា ជំនាញធុរៈកិច្ច, ភេសជ្ជៈ,ម្ហូបអាហារ,ការផលិតនំ,អគ្គិសនី,ម៉ាស៊ីនត្រជាក់ និងសម្អាងកាយ ។

លោកបញ្ជាក់បន្ថែមថា៖ «ក្រោយពីបណ្ដុះបណ្ដាលរយៈពេល ៤ខែមកនេះ ខ្ញុំឃើញសមត្ថភាពរបស់ពួកគាត់ពិតជាមាន សមត្ថភាពអាចធ្វើបាន ជាពិសេសនៅពេល ដែលបញ្ចប់ពួកគាត់ អាចទៅបើកអាជីវកម្មខ្នាតតូច សម្រាប់ខ្លួនឯងផ្ទាល់ និងមួយចំនួនទៀត អាចទៅធ្វើការនៅក្រុមហ៊ុន ឬរោងចក្រ សហគ្រាសនានា» ។
បើតាមលោក​ តាន់ កុសល បច្ចុប្បន្នមិនថាធ្វើការ នៅតាមក្រុមហ៊ុន និងសហគ្រាសនានា ឬបើកអាជីវកម្មខ្លួនឯងក៏ដោយ គឺសុទ្ធតែត្រូវការជំនាញ ។
ទន្ទឹមនឹងនេះ លោក​ តាន់ កុសល ក៏បានអំពាវនាវ ដល់យុវជនដែលមិនទាន់មានជំនាញទាំងអស់ បន្តចុះឈ្មោះចូលរៀន វគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅទូទាំងប្រទេស ដោយឥតគិតថ្លៃ និងទទួលបាន ប្រាក់ឧបត្ថម្ភចំនួន២៨ម៉ឺនរៀល ប្រសិនមានបណ្ណសមធម៌ ដើម្បីមានជំនាញមួយពិតប្រាកដ និងមានប្រាក់ចំណូល សមរម្យដើម្បីខ្លួនឯងនិងសង្គមជាតិ។

សូមបញ្ជាក់ថា គ្រឹះស្ថាន ចំនួន៣៥ ក្នុងចំណោម៣៧នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានបណ្តុះ បណ្តាលវេន សិក្សា ថ្ងៃចន្ទ-សុក្រពេញមួយថ្ងៃ បានធ្វើតេស្ត បញ្ជាក់សមត្ថភាព សិក្ខាកាមប្រមាណជិត ៤ពាន់នាក់ ដោយបែងចែកជា៣លើក។ នៅថ្ងៃទី២០ ខែឧសភានេះ គឺជាការធ្វើតេស្តលើកទី២ បន្ទាប់ពីវិទ្យាស្ថានចំនួន១៤ បានធ្វើតេស្តលើកទី១ កាលពីថ្ងៃទី១៥ ខែឧសភាកន្លងទៅ ហើយខណៈ ដែលគ្រឹះស្ថាន ចំនួន១០ ផ្សេងទៀត នឹងធ្វើតេស្តបញ្ជាក់សមត្ថភាព សិក្ខាកាមនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ខាងមុខ៕

To Top