កំពង់ចាម ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និង លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ២១ ខែឧសភាឆ្នាំ ២០២៤ នេះ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យដោយផ្ទាល់ នូវស្ថានភាពផ្លូវ ដែលរងការខូចខាតប្រវែងប្រមាណជា ៨ គីឡូម៉ែត្រ ដើម្បីរៀបចំគម្រោងជួសជុលឡើងវិញ សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ស្ថិតក្នុងឃុំចំនួន ៤ ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម ។
អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ឲ្យដឹងថា ផ្លូវក្រាលកៅស៊ូមួយខ្សែ មានប្រវែងប្រមាណជា ៨ គីឡូម៉ែត្រ ដែលភ្ជាប់ចរាចរណ៍ប្រជាពលរដ្ឋធ្វើដំណើរ មានឃុំចំនួន ៤ ក្នុងនោះគឺ ឃុំបាធាយ ឃុំជើងព្រៃ ឃុំត្រប់ ឃុំសណ្ដែក ក្នុងស្រុកបាធាយ ។
លោកអភិបាលខេត្ត មានប្រសាសន៍បន្តទៀតថា ដោយសារផ្លូវនោះរងការខូចខាតដោយជំនន់ទឹកភ្លៀង កាលពីឆ្នាំកន្លងទៅ។ ហេតុដូច្នេះហើយ ទើបក្រសួងអភិវឌ្ឍន៍ជនបទ និងរដ្ឋបាលខេត្តកំពង់ចាម បានកំណត់យកថ្ងៃនេះ ដើម្បីចុះពិនិត្យ និងសិក្សាពីលទ្ធភាព ដើម្បីធ្វើការជួសជុលបន្ទាន់ ទប់ស្កាត់កុំឲ្យផ្លូវនោះរងការខូចខាតបន្តទៀត និងជួយបង្កលក្ខណៈងាយស្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ នារដូវវស្សានេះ ផងដែរ។
លោកអភិបាលខេត្ត បានឲ្យដឹងទៀតថា ទន្ទឹមនិងការចុះពិនិត្យ ដើម្បីជួសជុលផ្លូវដែលរងខូចខាតខាងលើនោះ ក្រសួងអភិវឌ្ឍន៍ជនបទ និងរដ្ឋបាលខេត្តកំពង់ចាម បានចុះសិក្សា ដើម្បីសាងសង់ផ្លូវមួយខ្សែបន្ថែមទៀត ភ្ជាប់ជាមួយស្រុកជុំគីរី ខេត្តកំពង់ឆ្នាំង ដែលគម្រោងនេះនឹងត្រូវសាងសង់នៅឆ្នាំ ២០២៥ ក្នុងកញ្ចប់ថវិការបស់ក្រសួងអភិវឌ្ឍន៍ជនបទ ៕