ព័ត៌មានជាតិ

សម្តេចតេជោ៖ គេចោទថ្នាក់ដឹកនាំកម្ពុជា ៧រូប ពាក់ព័ន្ធនឹងរបបខ្មែរក្រហម

ភ្នំពេញ៖ ក្នុងពិធីបិទសន្និសីទស្ដីពី «អនាគតកម្ពុជាគ្មាន អំពើប្រល័យពូជសាសន៍» នាព្រឹកថ្ងៃ២២ ឧសភា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានរំលឹកថា នៅក្នុងជំនួបជាមួយអតីតអគ្គលេខាធិការ អង្គការសហប្រជាជាតិលោក បាន គីមូន កន្លងមក មានអ្នកចោទប្រកាន់ថា ថ្នាក់ដឹកនាំកម្ពុជាចំនួន ៧រូបពាក់ព័ន្ធនឹងរបបខ្មែរក្រហម ។

សម្តេចតេជោរៀបរាប់រំលឹកទៀតថា សម្តេចធ្លាប់បាននិយាយទៅកាន់លោក បាន គីមូន នៅពេលគាត់បំពេញទស្សនកិច្ចនៅកម្ពុជាលើកដំបូង ។ ពេលនោះ អតីតអគ្គលេខាធិការ​ បាន គីមូន បានជជែកជាមួយសម្តេច ដោយលោក បាន គីមូន បានលើកពីវិធីនូវការពង្រីកការចោទប្រកាន់សំណុំរឿង ០០១ , ០០២, ០០៣ , ០០៤ ជាការកាត់ទោសរាយប៉ាយទាំងអស់ ។ ប៉ុន្តែសម្តេចបានប្រាប់លោក បាន គីមូននាពេលនោះវិញថា “ខ្ញុំសុខចិត្តឲ្យតុលាការបរាជ័យ ប៉ុន្តែខ្ញុំមិនសុខចិត្តឲ្យប្រទេសខ្ញុំ មានសង្គ្រាមឡើងវិញនោះទេ”។

ក្នុងន័យនេះ សម្តេចគូសរំលេចដល់អ្នកចោទប្រកាន់ ទៅអតីតថ្នាក់ដឹកនាំជាន់ខ្ពស់ខ្មែរ៧រូបថា “ក្រៅពីការចោទប្រកាន់មេដឹកនាំកម្ពុជាមានសម្តេច សីហនុ , លោក គាត ឈន់ , លោក ហោ ណាំហុង , សម្តេច ជា ស៊ីម , សម្តេច ហេង សំរិន , លោក អ៊ុក ប៊ុនឈឿន និងលោក ស៊ីម កា សរុប៧រូប ។ ក្រៅពីរឿងនេះទៀត គេមានរឿងចោទប្រកាន់ទៅកាន់ លំដាប់លេខរៀងរបស់គេទៀត ដែលពាក់ព័ន្ធដល់មេកងពល មេស្រុក មេភូមិ និងតំបន់ពាសពេញហ្នឹង”។

សម្តេចតេជោលើកឡើងទៀតថា នៅពេលចរចាជាមួយលោក បាន គីមូន សម្តេចបានឲ្យលោកបានគី មូនពិចារណាថា បើសិនមានកាត់ទោសមនុស្ស២០ ឬ៣០នាក់ រួចហើយមានសង្គ្រាមផ្ទុះឡើង ធ្វើឲ្យស្លាប់មនុស្សរាប់ម៉ឺននាក់ទៀត តើអ្នកណាទទួលខុសត្រូវ?។

ជាមួយគ្នានោះដែរ សម្តេចតេជោបានអះអាងថា នៅពេលនោះ បើសិនអង្គការសហប្រជាជាតិ បង្ខំតុលាការខ្មែរក្រហម តុលាការកូនកាត់នេះ នឹងបរាជ័យ។

សម្តេចតេជោបន្ថែមថា ចំពោះរឿងកាត់ទោសខ្មែរក្រហម បានឆ្លងកាត់អគ្គលេខាធិការ អង្គការសហប្រជាជាតិរហូតដល់ ៣រូប គឺលោក កូ ហ្វីអាណាន់ , លោក បាន គីមូន និងលោក អង់តូ រីយ៉ូតូរ៉េស ៕

To Top