ព័ត៌មានជាតិ

ប្រមុខការទូតខ្មែរ នឹងបំពេញទស្សនកិច្ចផ្លូវការនៅចិន និងតួកគី ព្រមទាំងចូលរួមប្រជុំសហគ្រិនហ្រ្វង់កូហ្វូន នៅម៉ារ៉ុក

ភ្នំពេញ ៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅចិន និងតួកគី ចាប់ពីថ្ងៃទី២៤-២៩ ខែឧសភា តបតាមការអញ្ជើញរបស់លោក វ៉ាង យី សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន និងលោក ហាកាន់ ហ្វីដាន់ រដ្ឋមន្ត្រីការបរទេសតួកគី។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសខ្មែរ នាថ្ងៃ២២ ឧសភា បានឲ្យដឹងថា បន្ទាប់ពីការបំពេញទស្សនកិច្ចផ្លូវការនៅចិន និងតួកគីរួច លោកឧបនាយករដ្ឋមន្ត្រី នឹងបន្តអញ្ជើញចូលរួមកិច្ចប្រជុំសហគ្រិនហ្វ្រង់កូហ្វូន លើកទី៤ ពីថ្ងៃទី៣០-៣១ ឧសភា នៅទីក្រុងម៉ារ៉ាកិក ប្រទេសម៉ារ៉ុក តបតាមការអញ្ជើញរបស់លោក ចាគីប អាល ប្រធានសហព័ន្ធទូទៅនៃសហគ្រាស ម៉ារ៉ុក និងលោក ហ្សេហ្វយ រូ ដឺបេស្សី ប្រធានសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន។

ក្នុងពេលស្នាក់នៅចិន ពីថ្ងៃទី២៤-២៥ ឧសភា ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា និងលោក វ៉ាង យី នឹងមានជំនួបទ្វេភាគី ដើម្បីពិភាក្សាអំពីមធ្យោបាយនានា ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងជំរុញនូវមិត្តភាពដែកថែបដ៏រឹងមាំដែលមានស្រាប់ ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដើម្បីអបអរសាទរឆ្នាំ២០២៤ ដែលជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន។ លោកឧបនាយករដ្ឋមន្ត្រី គ្រោងជួបសម្តែងការគួរសមជាមួយលោក ហាន ចឹង អនុប្រធានាធិបតីចិន និងជួបជាមួយលោក ចាង ជៀនហ័រ សមាជិកក្រុមដឹកនាំនៃបក្សកុម្មុយនីស្តចិនប្រចាំគណៈកម្មការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ ប្រធានរដ្ឋបាលថាមពលជាតិ ហើយនឹងមានជំនួបសំណេះសំណាល ជាមួយ សហគមន៍ខ្មែរ រួមទាំងនិស្សិតដែលកំពុងសិក្សា និងស្នាក់នៅទីនោះដែរ។

ចំណែកនៅតួកគីវិញ នៅថ្ងៃទី២៧ ឧសភា លោកឧបនាយករដ្ឋមន្ត្រី នឹងចូលរួមពិសារអាហារថ្ងៃត្រង់ធុរកិច្ច ដែលនឹងពិភាក្សាពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងកម្ពុជា-តួកគី។ នៅថ្ងៃ២៨ ឧសភា លោកឧបនាយករដ្ឋមន្ត្រី នឹងចូលជួបសម្តែងការគួរសម និងជួបពិភាក្សាការងារដាច់ដោយឡែកជាមួយឥស្សរជនតួកគី ទាំងផ្នែកនីតិប្រតិបត្តិ និងនីតិបញ្ញត្តិផងដែរ។ នៅថ្ងៃទី២៩ ឧសភា លោក សុខ ចិន្តាសោភា និងសមភាគីតួកគីលោក ហាកាន់ ហ្វីដាន់ នឹងមានកិច្ចប្រជុំទ្វេភាគី ដើម្បីស្វែងរកមធ្យោបាយថ្មីៗ ក្នុងការពង្រឹងយន្តការដែលមានស្រាប់លើគ្រប់វិស័យ និងរិះរកបន្ថែមទៀតនូវសក្តានុពលថ្មីៗ លើគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការនាពេលអនាគត។ រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏នឹងផ្លាស់ប្តូរទស្សនៈគ្នាលើការវិវឌ្ឍថ្មីៗ នៅក្នុងតំបន់ និងអន្តរជាតិ។ លើលពីនេះ ឯកសារនៃកិច្ចសហប្រតិបត្តិការមួយចំនួនត្រូវបានរំពឹងថា នឹងចុះហត្ថលេខាអំឡុងកិច្ចប្រជុំនេះ ដើម្បីពង្រឹងទំនាក់ ទំនងរវាងប្រទេសទាំងពីរ។

ក្នុងអំឡុងពេលស្នាក់នៅប្រទេសតួកគី លោកឧបនាយករដ្ឋមន្ត្រី ក៏នឹងមានជំនួប សំណេះសំណាលជាមួយសហគមន៍ខ្មែរ និងនិស្សិត ផងដែរ។ ដំណើរទស្សនកិច្ចនេះនឹងផ្តល់ជាសក្ខីភាពយ៉ាងច្បាស់នៃចំណងមិត្តភាពដ៏រឹងមាំ និងប្រកបដោយភាពស្និទ្ធស្នាល ព្រមទាំងលើក កម្ពស់ទំនាក់ទំនងរីកចម្រើនរវាងប្រទេសទាំងពីរ ខណៈកម្ពុជា-តួកគីកំពុងប្រារព្ធខួបលើក ទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ២០២៤ ។

ដោយឡែក នៅម៉ារ៉ុកពីថ្ងៃទី៣០-៣១ ឧសភា លោកឧបនាយករដ្ឋមន្ត្រី នឹងធ្វើបទអន្តរាគមន៍ក្នុងពិធីបើកសម័យប្រជុំពេញអង្គ នៃកិច្ចប្រជុំសហគ្រិនហ្វ្រង់កូហ្វូន លើកទី៤ ក្រោមមូលបទ “ការពង្រឹងសមត្ថភាពប្រកួតប្រជែង និងភាពធន់នៃសហគ្រាសហ្វ្រង់កូហ្វូន៖ តើគេរំពឹងចង់បានការ គាំទ្រអ្វីខ្លះពីរដ្ឋាភិបាល?» ដោយមានការចូលរួមពីឥស្សរជនក្នុងវិស័យសាធារណៈ និងឯកជន។

លោកឧបនាយករដ្ឋមន្ត្រី នឹងមានជំនួបជាមួយ លោកស្រី ល្វីស មូស៊ីគីវ៉ាបូ អគ្គ លេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-អង្គការ OIF ជាពិសេសបេក្ខភាពកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅឆ្នាំ២០២៦ ៕

To Top