ព័ត៌មានជាតិ

សម្តេចធិបតី ៖ លោក ស៊ុន ចន្ធី មកពីមួលបង្កាច់រាជរដ្ឋាភិបាល ពីការចែកប័ណ្ណក្រីក្រ ដើម្បីចំណេញ នយោបាយខ្លួន ទើបចាប់ខ្លួន

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការចាប់ខ្លួន លោក ស៊ុន ចន្ធី ប្រធានគណបក្ស កម្លាំងជាតិ មកពីគាត់បាននិយាយ មួលបង្កាច់គោលនយោបាយ របស់រាជរដ្ឋាភិបាល ពីការផ្តល់បណ្ណក្រីក្រ ជូនប្រជាពលរដ្ឋ មានភាពលំអៀង ។

ក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ “ផែនទីបង្ហាញ ផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាព ជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥” នាថ្ងៃ២៣ ឧសភា សម្តេចធិបតី បានលើកឡើងថា រាជរដ្ឋាភិបាលបានខិតខំបង្កើត កម្មវិធីផ្តល់បណ្ណក្រីក្រ ជូនប្រជាពលរដ្ឋ ដើម្បីទទួលបានផល ប្រយោជន៍ ប៉ុន្តែបែរជាមាន អ្នកនយោបាយខ្លះ ចូលចិត្តបណ្តុះបង្អាប់ថា រាជរដ្ឋាភិបាលធ្វើសុទ្ធតែអាក្រក់ និងគ្មានកំណើត។

សម្តេចធិបតីបញ្ជាក់ថា «បង្អាប់នៅក្នុងប្រទេស មិនអស់ចិត្ត ទៅបង្អាប់នៅក្រៅប្រទេសទៀតថា កម្មវិធីប័ណ្ណក្រីក្រ របស់រដ្ឋាភិបាលថា កម្មវិធីនេះ អាក្រក់ណាស់ ។ គេមិននិយាយពីផលអាក្រក់ទេ ដោយថាទទួលផលល្អ ព្រោះថាពលរដ្ឋ ទៅព្យាបាល អត់អស់លុយ។ គេនិយាយថា កម្មវិធីនេះល្អ ប៉ុន្តែគេធ្វើអាក្រក់ គេចោទរដ្ឋាភិបាល បក្ខពួកឲ្យតែគ្នាឯង»។

សម្តេចធិបតីអះអាងថា រាជរដ្ឋាភិបាលផ្តល់ប័ណ្ណក្រីក្រ ជូនប្រជាពលរដ្ឋមិនរើសអើងនោះទេ ព្រោះរាជរដ្ឋាភិបាល បានបង្កើតឡើងរយៈពេល២០ឆ្នាំមកហើយ តែគេបែរមកលួចហើយ ថែមទាំងជេរប្រមាថទៀត។ សម្តេចធិបតីលើកឡើងថា រាជរដ្ឋាភិបាលមានសិទ្ធិថែរក្សា របស់ដែលខំធ្វើ ទើបមានការឃាត់ខ្លួនលោកស៊ុន ចន្ធី ដែលបាននិយាយអាក្រក់ ពីគោលនយោបាយរាជរដ្ឋាភិបាល ដើម្បីចំណេញនយោបាយខ្លួន។

សម្តេចបញ្ជាក់ថា «លោក ស៊ុន ចន្ធីបានធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិត ឬហៅថាហ្វេកញ៉ូ (Facek News) ដើម្បីចំណេញនយោបាយដោយចេតនា អីចឹងត្រូវតែប្រឈមផ្លូវច្បាប់ ។ ត្រូវតែទទួលខុសត្រូវ យើងដាំ ខំធ្វើបានផលចែកប្រជាជន ។ ហើយយើងគ្រាន់ តែការពារខ្លួនគេថាយើងអាក្រក់ទៀត ។ សូមប្រាប់រាជរដ្ឋាភិបាល ដាក់ចេញគោលនយោបាយគ្មានការរើសអើងនោះទេ»។

សម្តេចធិបតីឲ្យដឹងទៀតថា មូលនិធិសមធម៌សុខាភិបាល ឬប័ណ្ណក្រីក្របានដាក់សាកល្បងដំបូងនៅឆ្នាំ២០០០។ រាជរដ្ឋាភិបាលបានផ្តួចផ្តើមធ្វើដោយ គ្មានអ្នកណាមកជួយទេ ដោយសារចង់គិតគូររយៈពេល៥០ឆ្នាំទៅមុខទៀត ពិសេសជួយពលរដ្ឋក្នុងវិស័យសុខាភិបាល ។

សម្តេចនាយករដ្ឋមន្ត្រីបន្តថា ចាប់តាំងពីការ ចាប់បង្កើត មកដល់ពេលនេះ រាជរដ្ឋាភិបាលបានផ្តល់ប័ណ្ណ ក្រីក្រដល់ពលរដ្ឋប្រមាណ៤លាន៧សែននាក់ ស្មើ២៧%នៃប្រជាជនសរុប ។

សូមបញ្ជាក់ថា កាលពីថ្ងៃ៩ ឧសភា កងកម្លាំងសមត្ថកិច្ច​រាជធានី​ភ្នំពេញបាន​ចាប់​ខ្លួន​លោក ស៊ុន ចន្ធី នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ខណៈ​​​លោក​ត្រឡប់​មក​ពីជប៉ុន។ ក្រោយចាប់ខ្លួននារសៀលថ្ងៃដដែល អ្នកនាំពាក្យក្រសួងយុត្តិធម៌ថា ការចាប់ខ្លួននេះ ត្រូវបានធ្វើឡើងពាក់ព័ន្ធនឹងដំណើររឿង «ញុះញង់បង្កឲ្យមានភាព វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដោយសារបុគ្គលរូបនេះ បានផ្សព្វផ្សាយព័ត៌មានលើបណ្តាញសង្គម ទម្លាក់កំហុសដោយអសុទ្ធចិត្តទៅលើរាជរដ្ឋាភិបាល លើការចែកប័ណ្ណក្រីក្រ ជូនពលរដ្ឋថា មានការលម្អៀង និងរើសអើង ព្រមទាំង បានមួលបង្កាច់អំពី ការអភិវឌ្ឍប្រទេស របស់រាជរដ្ឋាភិបាល ក្នុងចេតនាញុះញង់ បំភ្លៃព័ត៌មាន នាំឲ្យពលរដ្ឋមានការយល់ច្រឡំដែលបង្កភាព វឹកវរធ្ងន់ធ្ងរដល់ សន្តិសុខសង្គម និង សណ្តាប់ធ្នាប់សាធារណៈ៕

To Top