ភ្នំពេញ ៖ ក្នុងពេលឆាប់ៗ ខាងមុខនេះ កម្ពុជានឹងនាំយកសត្វខ្លាធំៗចំនួន៤ក្បាលពីឥណ្ឌា ។ សត្វខ្លាធំទាំង៤ក្បាលនេះ នឹងលែងក្នុងតំបន់ស្នូល នៃជួរភ្នំក្រវាញ ដែលត្រូវបានការពារ និងចាត់ទុកថា មានសុវត្ថិភាពបំផុតក្នុង ការស្តារសត្វខ្លាធំ នៅកម្ពុជាឡើងវិញ។
កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត (Suwanna Gauntlett) នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ហៅកាត់ WA (Wildlife Alliance) បានបញ្ជាក់ថា សត្វខ្លាធំដែលគ្រោងនាំមកកាន់កម្ពុជាក្នុងជំហានទី១នេះ គឺមានឈ្មោលចំនួន១ ក្បាល និងញីចំនួន៣ក្បាល ហើយបើកម្ពុជាទទួលជោគជ័យក្នុងការថែទាំ និងអភិរក្សខ្លាធំចំនួន៤ក្បាលដែលនឹងមកដល់ គឺរដ្ឋាភិបាលឥណ្ឌានឹងបង្កើនការផ្ដល់១១ក្បាលបន្ថែមទៀត។
សត្វខ្លាធំដែលគ្រោងលែង ក្នុងតំបន់ស្នូលនៃជួរភ្នំក្រវាញ នឹងផ្តល់ការគាំទ្រ ការត្បាតរបស់ឧទ្យានុរក្ស ការផ្តល់ជំនួយបច្ចេកទេស ដូចជាការបំពាក់វិទ្យុទាក់ទង លើកសត្វខ្លា ការតាមដានដំណើរសត្វខ្លាពីផ្កាយរណប ហើយទិន្នន័យ ដែលប្រមូលបានគឺគ្រប់គ្រង ដោយក្រសួងបរិស្ថាន ខណៈអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងក្រសួងបរិស្ថាន បានរៀបចំដំឡើង កាំមេរ៉ាស្វ័យប្រវត្តិ ចំនួន៤១០គ្រឿង នៅឧទ្យានជាតិជួរភ្នំក្រវាញ ដើម្បីសិក្សាឲ្យបានច្បាស់លាស់ នូវរបាយចំនួនសត្វព្រៃ ដែលជាចំណីសត្វខ្លាឲ្យបានជាក់លាក់។
គម្រោងស្តារសត្វខ្លាធំ ឬខ្លាដំបងនេះ ជាគម្រោងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឥណ្ឌា ដោយផ្អែកលើការចុះហត្ថលេខាលើអនុស្សរណៈ រវាងប្រទេសទាំងពីរកាលពីខែវិច្ឆិកាឆ្នាំ២០២២ ដើម្បីជាការបោះជំហានទៅមុខជាប្រវត្តិសាស្ត្រ សម្រាប់ការអភិរក្សសត្វខ្លាធំ នៅកម្ពុជា។
ក្នុងសន្និសីទព័ត៌មានស្តីពីការគ្រប់គ្រងសត្វព្រៃ និងយុទ្ធសាស្ត្រស្ដារសត្វខ្លាធំនៅកម្ពុជា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ លោកស្រីបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌា ប្រចាំកម្ពុជា បានឲ្យដឹងថា ការប្រគល់សត្វខ្លាធំនេះអាចនឹងធ្វើឡើងអំឡុងពេលខែវិច្ឆិកា ឬខែធ្នូខាងមុខ។
លោក ជា សំអាង រដ្ឋលេខាធិការ ក្រសួងបរិស្ថានបញ្ជាក់ថា ការនាំសត្វខ្លាធំ មកកម្ពុជានឹង នាំមកនូវសារៈប្រយោជន៍ ជាច្រើនដល់កម្ពុជា ក្នុងនោះក្រៅពីស្តារសត្វព្រៃ ដែលបាត់បង់ហើយ នៅអាចជាផ្នែកមួយសំខាន់ សម្រាប់បម្រើលើវិស័យទេសចរណ៍ សម្រាប់បង្កើនជីវភាព សហគមន៍មូលដ្ឋានថែមទៀត។ សម្រាប់គម្រោងស្តារសត្វខ្លាធំឡើងវិញនេះ បន្ទាប់ពីបាត់វត្តមានពីទឹកដីកម្ពុជា កាលពីអំឡុងឆ្នាំ២០០៧ ដោយការបរបាញ់ ដើម្បីពាណិជ្ជកម្មឆ្អឹង និងស្បែក។ វត្តមានរបស់វាធ្លាប់បានរកឃើញ នៅតាមតំបន់មួយចំនួនដូចជាភូមិភាគឦសាន និរតី និងខាងជើងប្រទេសកម្ពុជា។
ក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធ មិត្តសត្វព្រៃ WA បានរៀបចំដីព្រៃទំហំ៩០ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃតាតៃ នៃតំបន់ជួរភ្នំក្រវាញ ដោយមានរបងដែក ទ្រុងដែក អាងទឹក និងសត្វព្រៃសម្រាប់ជាចំណី សម្រាប់បន្ស៊ាំសត្វខ្លាធំ ដែលគ្រោងទទួលពីរដ្ឋាភិបាលឥណ្ឌា មុនលែងចូលតំបន់ស្នូល នៃតំបន់ការពារធម្មជាតិ។
សូមបញ្ជាក់ថា ខ្លាធំ ឬខ្លាដំបង ជាប្រភេទដែលមានមាឌធំ ជាងគេបំផុតក្នុងចំណោមអំបូរឆ្មា និងងាយស្រួលចំណាំ ដោយសារវាមានសម្បុរក្រហម លឿង ឬត្នោតខ្ចី មានឆ្នូតបង្កង់ពណ៌ក្រមៅ កាត់ទទឹងដងខ្លួន។ នៅផ្នកខាងក្រោមចង្កា និងបំពង់កមានពណ៌ស ខណៈកន្ទុយមានសម្បុរខ្មៅជាកង់ៗ និងខ្មៅផ្នែកខាងចុង ។ ខ្លាធំអាចចាប់ចំណីបាន ពីសត្វតូចរហូតដល់សត្វធំ ដោយអាចបង្កាត់ពូជបានគ្រប់រដូវ និងអាចបង្កើតកូនបានពី១-៧ក្បាល បន្ទាប់ពីពពោះរយៈពេលប្រហែល១០០ថ្ងៃ។ វាអាចមានអាយុរហូតដល់២៥ឆ្នាំ ក្នុងធម្មជាតិ៕