ភ្នំពេញ ៖ ក្រុមប្រឹក្សានាយកប្រតិបត្តិ របស់ធនាគារពិភពលោក (WB) បានអនុម័តឥណទានតម្លៃ ៤០លានដុល្លារ សម្រាប់គម្រោងមួយ ដែលនឹងផ្តល់អត្ថប្រយោជន៍ ដល់ពលរដ្ឋកម្ពុជា ប្រមាណ៣៣ ០០០នាក់ តាមរយៈការកែលម្អ ការបណ្តុះបណ្តាលជំនាញ និងសេវាកម្មទីផ្សារការងារ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ WB នាថ្ងៃទី២៣ ឧសភា បានឲ្យដឹងថា ឥណទានពីសមាគមអភិវឌ្ឍន៍ អន្តរជាតិរបស់ធនាគារពិភពលោក (IDA) នេះ សំដៅលើកកម្ពស់គុណភាព និងជំនាញពាក់ព័ន្ធការងារនៅ ក្នុងចំណោមកម្លាំង ពលកម្មរបស់ប្រទេស និងជួយបង្កើនលក្ខណៈសម្បត្តិទទួលបានការងារ និងរកប្រាក់ចំណូល បានរបស់កម្មករ ។ ឥណទាននេះ នឹងជួយទ្រទ្រង់ដល់គម្រោង «ជំនាញសម្រាប់ទទួលបានការងារកាន់តែប្រសើរ» (Skills for Better Jobs) ដែលធ្វើការពង្រឹងការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, កែលម្អការណែនាំអំពីអាជីព និងការជួយរកការងារធ្វើ, និងធ្វើការពាក់ព័ន្ធ ជាមួយនិយោជក ឲ្យបានកាន់តែប្រសើរនៅ ក្នុងការរៀបចំបង្កើត កម្មវិធីបណ្តុះបណ្តាល។
សេដ្ឋកិច្ច និងការងាររបស់កម្ពុជា មានការរីកចម្រើន យ៉ាងឆាប់រហ័សក្នុងប៉ុន្មាន ទសវត្សរ៍ចុងក្រោយនេះ ដោយសារស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការបើកចំហពាណិជ្ជកម្ម និងភាពអនុគ្រោះសម្រាប់ចូលទីផ្សារលោកខាងលិច ដែលបានជួយប្រទេសនេះ ក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីក្រៅ។ ទោះជាយ៉ាងណាក៏ដោយ គុណភាពនៃការងារ នៅតែមានកម្រិតទាប ក្នុងនោះ ៩៨%នៃការងារនៅក្នុងប្រទេសសុទ្ធតែជាការងារមានជំនាញទាប ហើយក្នុងនោះទៀត មួយផ្នែកធំគឺជាការងារក្រៅប្រព័ន្ធផ្លូវការ។
មានរយៈពេល៥ឆ្នាំ គម្រោង «ជំនាញសម្រាប់ទទួលបានការងារកាន់តែប្រសើរ» នេះត្រូវបានរៀបចំឡើងដើម្បីជួយកម្ពុជា ធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួននៅតាមវិស័យនានា ដែលទាមទារឲ្យមានជំនាញកម្រិតមធ្យមថែមទៀត។ គម្រោងនេះ នឹងអនុវត្តដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមូលនិធិអភិវឌ្ឍន៍ជំនាញ។
លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រង នៃធនាគារពិភពលោកប្រចាំនៅកម្ពុជា បានថ្លែងថា «នៅពេលកម្ពុជា ខិតខំបោះជំហាន ឈានឡើងនៅក្នុងខ្សែ ចង្វាក់តម្លៃ និងធ្វើពិពិធកម្មផលិតកម្មរបស់ខ្លួន ការបង្កើនជំនាញកម្លាំង ពលកម្មបច្ចុប្បន្ន និងនាពេលខាងមុខ នឹងក្លាយជាកិច្ចការគន្លឹះមួយ សម្រាប់ទាក់ទាញការវិនិយោគផ្ទាល់ ពីបរទេសកាន់តែច្រើន និងកាន់តែប្រសើរឡើង និងឆ្លើយតបបានកាន់តែល្អ ទៅនឹងតម្រូវការរបស់និយោជក»។
លោកស្រីថ្លែងទៀតថា «ការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដែលឆ្លើយតបបាន ទៅនឹងតម្រូវការបន្ថែម ដោយការបណ្តុះបណ្តាលជំនាញ ដូចជា ជំនាញឌីជីថល និងជំនាញឥរិយាបទ ជាដើម អាចជួយប្រទេសកម្ពុជា ក្នុងការឈានទៅសម្រេច គោលបំណងរបស់ខ្លួនបាន»៕