ភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ ជាថ្ងៃបិទយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សា ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤” ដោយនៅតាមបណ្តាខណ្ឌទាំ១៤ របស់រាជធានីភ្នំពេញ បានធ្វើព្រមៗគ្នា យ៉ាងគគ្រឹកគគ្រេង សំដៅធ្វើយ៉ាងណាជណ្តើមយកជ័យជំនះ ឲ្យបានដាច់ខាត នៅថ្ងៃ២៦ ឧសភា ខាងមុខ ខណៈលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ បានអញ្ជើញចូលរួមបិទយុទ្ធនាការនេះ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ខណ្ឌព្រែកព្នៅ ។

លោក ឃួង ស្រេង បានលើកឡើងថា ព្រឹកថ្ងៃទី២៤ ឧសភានេះ ជាថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សា ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ក្រោយពីបានបើកយុទ្ធនាការឃោសនា ក្រោមអធិបតីភាពសម្តេច សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋាន រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃ១៧ ឧសភា នៅមន្ទីរបក្សរាជធានីភ្នំពេញ ។

ក្នុងពីធីបិទសន្និបាតនេះ លោក ឃួង ស្រេង បានកោតសរសើរ និងអរគុណចំពោះក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា នៅខណ្ឌព្រែកព្នៅ ដែលបានខិតខំធ្វើការអភិវឌ្ឍមូលដ្ឋាន ខណ្ឌឲ្យមានការអភិវឌ្ឍរីកចម្រើន និងរក្សាបានភូមិ-សង្កាត់មានសុវត្ថិភាព ស្របទៅតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល។

លោកបន្តថា ផ្អែកតាមច្បាប់របស់ គ.ជ.ប ការបើកយុទ្ធនាការឃោសនាបោះឆ្នោត ក្រុមប្រឹក្សារាជធានី-ខណ្ឌត្រូវចាប់ផ្ដើមឡើង នៅថ្ងៃ១៧ឧសភា និងបញ្ចប់នៅថ្ងៃទី២៤ឧសភានេះ ។ ក្នុងរយៈពេលនៃការឃោសនាបោះឆ្នោតនេះ បានដំណើរការទៅដោយរលូនតាមច្បាប់របស់គ.ជ.ប ។ លោកថា គណបក្សប្រជាជនកម្ពុជា នឹងទទួលបានជ័យជំនះយ៉ាងពិតប្រាកដ ដោយសារគណបក្សមានមូលដ្ឋានរឹងមាំជាពិសេស ដោយគណបក្ស បានបម្រើផល ប្រយោជន៍ប្រជាពលរដ្ឋ អភិវឌ្ឍន៍មូលដ្ឋាន រក្សាបានសន្តិសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ មានធនធានមនុស្សទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។ គណបក្សប្រជាជនកម្ពុជា ជំរុញលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ឲ្យមានជីវភាពធូរធារ ជាមួយនឹងការផ្ដល់សេវាជូនប្រជាពលរដ្ឋបានយ៉ាងល្អ ។ បន្ថែមពីនេះ គណបក្សប្រជាជនកម្ពុជា បានដាក់ចេញគោលនយោបាយ ជំនួយសង្គម ដោយបានជួយប្រជាពលរដ្ឋដែលងាយរងគ្រោះ ប្រជាពលរដ្ឋរងគ្រោះ និងដោយប្រការផ្សេងៗទៀត ពោលអ្វីៗដែលគណបក្សប្រជាជនកម្ពុជា បានធ្វើគឺធ្វើទៅតាមបំណងប្រាថ្នា របស់ប្រជាពលរដ្ឋទាំងមូល ។

ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង ក៏បានអំពាវនាវទៅដល់សមាជិក ក្រុមប្រឹក្សាសង្កាត់ ដែលជាអង្គបោះឆ្នោត ទៅបោះឆ្នោតឲ្យបានគ្រប់គ្នា និងគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ។ បន្ថែមពីនេះអាជ្ញាធរទាំងអស់ ត្រូវបំផុសចលនាមហាជនឲ្យគាំទ្រគម្រោង “ព្រែកជីកហ្វូណនតេជោ”៕












