ភ្នំពេញ ៖ កូនអណ្តើកហ្លួងដែលជា សត្វកម្របំផុតមួយប្រភេទ ហើយជិតផុតពូជ ត្រូវបានញាស់កូនមួយសំបុកដែលមានចំនួន ១០ក្បាល នៅក្នុងមជ្ឈមណ្ឌលអង្គរ សម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) ។ នេះបើតាមក្រសួងបរិស្ថាន នាថ្ងៃ២៤ ឧសភា ។
មជ្ឈមណ្ឌលអង្គរសម្រាប់ការ អភិរក្សជីវៈចម្រុះបានឲ្យដឹង នៅថ្ងៃទី២៣ ឧសភាថា ការញាស់កូនអណ្តើកហ្លួងទាំងនេះ នឹងដើរតួដ៏សំខាន់មួយក្នុងការ រក្សាភាពចម្រុះនូវសេនេទិច (ហ្សែន) នៃប្រភេទនេះ និងនៅទីបំផុតជួយឲ្យមានកំណើនកើនឡើងវិញ នៃចំនួនប្រជាសាស្ត្រនៅក្នុង ទីជម្រកដើមរបស់ពួកវា។
គួរបញ្ជាក់ថា អណ្តើកសសៃដែលត្រូវបានគេស្គាល់ថា ជាអណ្តើកហ្លួង ហើយត្រូវបានគេចាត់ទុកជា សត្វល្មូនតំណាងជាតិរបស់កម្ពុជា ដោយព្រះរាជក្រឹត្យបានចេញក្នុងឆ្នាំ២០០៥។ ប្រភេទអណ្តើកហ្លួងនេះ គេជឿថា ត្រូវបានផុតពូជនៅកម្ពុជា ប៉ុន្តែត្រូវបានរកឃើញឡើងវិញនៅក្នុងឆ្នាំ២០០០ ដោយការតាំងចិត្តរបស់ ក្រុមអ្នកវិទ្យាសាស្ត្រមួយក្រុម ។ សព្វថ្ងៃនេះ ពួកវានៅតែប្រឈមនូវការគំរាមកំហែង ជាច្រើនដូចជាការបូមខ្សាច់ ការបាត់បង់ទីជម្រក ហើយនឹងទាក់ចាប់ដោយឧបករណ៍នេសាទ។
មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះបានឲ្យដឹងដែរថា “ពួកយើងផ្តល់ការថែទាំសម្រាប់ អណ្តើកហ្លួងពេញវ័យចំនួន ១៣ក្បាល នៅក្រោមការថែទាំរបស់ពួកយើង វាជាផ្នែកមួយនៃកម្មវិធីបង្កាត់ពូជ សម្រាប់អណ្តើកប្រភេទនេះ។ គំនិតផ្តួចផ្តើមនេះដែលអាចធ្វើទៅបាន តាមរយៈភាពជាដៃគូរបស់ពួកយើង ជាមួយរដ្ឋបាលជលផល និងអង្គការសមាគមន៍អភិរក្សសត្វព្រៃ ប្រចាំកម្ពុជា (WCS)ប្រចាំកម្ពុជា” ៕