ភ្នំពេញ ៖ ការិយាល័យបោះឆ្នោតទាំង ២០៩ការិយាល័យ នៅទូទាំងប្រទេស បានបើកដំណើរការព្រមៗគ្នានៅវេលាម៉ោង ៧ព្រឹកថ្ងៃអាទិត្យ ទី២៦ខែឧសភា ឆ្នាំ២០២៤នេះ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ហៅកាត់ថា “ក្រុមប្រឹក្សា” អាណត្តិទី៤ ឆ្នាំ២០២៤ ក្នុងបរិយាកាសល្អប្រសើរ មានសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ល្អ ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៦ ឧសភា នេះបានឱ្យដឹងថា ទន្ទឹមនេះ ទោះបីនៅតាមស្រុក នៃខេត្តមួយចំនួន អាកាសធាតុមានភាព អួអាប់ខ្លះដោយកន្លែង ប៉ុន្តែមិនបង្កឱ្យមានការរំខាន ឬរាំងស្ទះដល់ដំណើរការ បើកការិយាល័យបោះឆ្នោត និងការបោះឆ្នោតឡើយ ។
ដើម្បីបោះឆ្នោតបាន អ្នកបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងមុខតំណែង ត្រូវមានឈ្មោះនៅក្នុង បញ្ជីបោះឆ្នោតផ្លូវការ នៃការិយាល័យបោះឆ្នោត ដែលសាមីខ្លួនត្រូវបោះឆ្នោត ដោយយកមកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមានសុពលភាព ឬបណ្ណសម្គាល់ខ្លួនសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ។
ផ្អែកតាមបញ្ជីបោះឆ្នោតផ្លូវការសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ អ្នកបោះឆ្នោតមានចំនួនសរុប ១១.៦២២រូប ក្នុងនោះស្រ្តី សរុបចំនួន ២.៥៧៤រូប ត្រូវទៅបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោតក្នុងក្របខណ្ឌក្រុង ស្រុក ខណ្ឌរៀងៗខ្លួន ហើយអ្នកបោះឆ្នោតទាំងនោះ ត្រូវបោះឆ្នោត ២ដង ដោយឡែកពីគ្នាដើម្បីជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត និងក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ។
ការបោះឆ្នោតនឹងត្រូវបិទបញ្ចប់នៅវេលាម៉ោង ៣៖០០រសៀលថ្ងៃនេះ ប៉ុន្តែប្រសិនបើនៅតែមានអ្នកបោះឆ្នោត ស្ថិតក្នុងការិយាល័យបោះឆ្នោត ឬឈរតម្រង់ជួរ ឬស្ថិតនៅក្នុងបរិវេណខាងក្នុងការិយាល័យបោះឆ្នោតទៀតអ្នកបោះឆ្នោតទាំងនោះត្រូវតែបានអនុញ្ញាតឱ្យបោះឆ្នោត។
ប្រធានគណៈកម្មការការិយាល័យបោះឆ្នោត អាចប្រកាសបិទបញ្ចប់ការបោះឆ្នោតនៅការិយាល័យរបស់ខ្លួននៅមុនម៉ោង ៣:០០រសៀលបាន ប្រសិនបើអ្នកបោះឆ្នោតដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៃការិយាល័យបោះឆ្នោតនោះ បានបោះឆ្នោតគ្រប់គ្នាអស់ហើយ។
សូមជម្រាបជូនថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ស្ដីពីការសរុបព្រឹត្តិការណ៍ទូទៅនៃថ្ងៃបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ នាវេលាម៉ោង ៥:០០ល្ងាចថ្ងៃនេះ នៅទីស្ដីការ គ.ជ.ប បន្ទាប់មក គ.ជ.ប នឹងធ្វើការផ្សាយលទ្ធផលបឋមនៃការបោះឆ្នោត តាមទូរទស្សន៍ជាតិកម្ពុជា (ទទក) វិទ្យុជាតិកម្ពុជា និងប្រព័ន្ធផ្សព្វផ្សាយរបស់ គ.ជ.ប៕