ព័ត៌មានជាតិ

លោករដ្ឋមន្ត្រីក្រសួង ធនធានទឹក អញ្ជើញចុះពិនិត្យវឌ្ឍនភាព គម្រោងថែទាំខួបប្រឡាយ រលាំងជ្រៃខាងជើង និងគម្រោងដោះទឹក ភាគនិរតី រាជធានីភ្នំពេញ ក្នុង ខេត្តកំពង់ស្ពឺ

ភ្នំពេញ ៖ ឆ្លៀតក្នុងឱកាសចូលរួម ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ក្នុងខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង ធនធានទឹក និងឧតុនិយម អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និង មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានអញ្ជើញចុះពិនិត្យ គម្រោងជួសជុលនិងថែទាំខួបប្រឡាយរលាំងជ្រៃខាងជើង និងគម្រោងដោះទឹកភាគនិរតីរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ។

លោករដ្ឋមន្ត្រី និងក្រុមការងារ បានអញ្ជើញចុះពិនិត្យគម្រោងជួសជុល និងថែទាំខួបប្រឡាយរលាំងជ្រៃខាងជើង ស្ថិតក្នុងសង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលមានប្រភពទឹកមកពីស្ទឹងព្រែកត្នោត និងអាងទឹកចាន់ថ្នាល មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវ រដូវវស្សាចំនួន ២៤៦៣ហិកតា ស្រូវប្រាំងចំនួន ២៧៥ហិកតា និងដំណាំរួមផ្សំចំនួន ៣០ហិកតា ។

សូមជម្រាបថា ប្រឡាយរលាំងជ្រៃខាងជើង ដែលមានប្រវែងប្រមាណ ១៤គីឡូម៉ែត្រ ស្ថិតក្នុងគម្រោងជួសជុល និងថែទាំខួបអនុវត្ត ដោយនាយកដ្ឋាន ធារាសាស្ត្រកសិកម្ម ក្នុងឆ្នាំ២០២៤នេះ ។ ការងារកំពុងអនុាវត្តរួមមាន៖ ទី១) ជួសជុលប្រឡាយមេចំនួន ១ខ្សែ ប្រវែង ១៤ ៥០០ម៉ែត្រ លើ ២៤ ០០០ម៉ែត្រ ទី២)ជួសជុលសំណង់សិល្បការ្យ ចំនួន ២៧កន្លែង ក្នុងនោះជួសជុលសំណង់បង្ហៀរចំនួន ២កន្លែង ប្រវែង ២៥ម៉ែត្រនិងជួសជុលសំណង់ សិល្បការ្យចំនួន២៥កន្លែង និងទី៣) សាងសង់សំណង់សិល្បការ្យថ្មីចំនួន ៣កន្លែង។ គិតរហូតមកដល់ពេលនេះ វឌ្ឍនភាពការងារសម្រេចបានប្រមាណ ៨០% ។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំនិងក្រុមការងារ នៃនាយកដ្ឋានធារាសាស្ត្រកសិកម្ម ដែលបានយកចិត្តទុកដាក់ជួសជុល និងថែទាំ ជាប្រចាំលើប្រព័ន្ធធារាសាស្ត្រ ក៏ដូចជាប្រព័ន្ធប្រឡាយនានាបានយ៉ាងល្អ និងបានសំណូមពរដល់អាជ្ញាធរ មូលដ្ឋាន ក៏ដូចជាប្រជាកសិករ ដែលរស់នៅក្នុងតំបន់សូមបន្តចូលរួមសហការឱ្យបានជិតស្និទ្ធ ក្នុងការគ្រប់គ្រង និងការថែទាំប្រព័ន្ធធារាសាស្រ្ត ដែលមានស្រាប់ឱ្យមានប្រសិទ្ធភាព និងមាននិរន្តរភាព ដើម្បីធានាបាននូវការផ្គត់ផ្គង់ទឹក ឱ្យបានគ្រប់គ្រាន់ដល់ការងារដាំដុះដំណាំ កសិកម្មគ្រប់ប្រភេទ។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព គម្រោងកែលម្អ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតី រាជធានីភ្នំពេញ ដែលទទួលប្រភពទឹកពីស្ទឹងព្រែកត្នោត ស្ទឹងតូច និងហូរកាត់ទ្វារទឹករលាំងជ្រៃ ក្រោមជំនួយកម្ចីសម្បទានពីរាជរដ្ឋាភិបាលជប៉ុន ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ។ គម្រោងនេះបានចាប់ផ្តើមដំណើរ ការសាងសង់កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ គិតរហូតមកដល់ពេលនេះ វឌ្ឍនភាពការងារសម្រេចបានប្រមាណ ២០% ហើយគ្រោងបញ្ចប់នៅកំលុងខែមិថុនា ឆ្នាំ២០២៦ខាងមុខ។

សូមបញ្ជាក់ថា គម្រោងនេះចែកជាពីរអនុគម្រោងគឺ ទី១)អនុគម្រោងរលាំងជ្រៃដែលស្ថិតនៅក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជួសជុលប្រឡាយមេខាងជើងចំនួន ១ខ្សែ ប្រវែង ១១,៧០គីឡូម៉ែត្រ ជួសជុលប្រឡាយមេខាងត្បូងចំនួន ១ខ្សែ ប្រវែង ១២,៦០ គីឡូម៉ែត្រ និងសាងសង់សំណង់ពាក់ព័ន្ធសរុបចំនួន ២០៧កន្លែង និង ទី២)អនុគម្រោងកណ្តាលស្ទឹងបាទី ស្ថិតនៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ សាងសង់ទំនប់សណ្តស្ទឹងតូចចំនួន ១ខ្សែ ប្រវែង ៩,៤០ គីឡូម៉ែត្រ សាងសង់ប្រឡាយមេបេតុងនាំទឹកទៅទន្លេបាទីចំនួន ១ខ្សែ ប្រវែង ៤គីឡូម៉ែត្រ និងសាងសង់សំណង់ពាក់ព័ន្ធសរុប ៣៣កន្លែង។ គម្រោងនេះនឹងផ្គត់ផ្គង់ទឹកស្រោចស្រពលើផ្ទៃដីស្រែ សរុបចំនួន ២៣ ៨៣១ ហិកតា អ្នកទទួលផលចំនួន ៧ ៩២៥ គ្រួសារ ៕

To Top