ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោក ឆាយ ឫទ្ធិសែនបានផ្ដាំផ្ញើថ្នាក់ដឹកនាំ និងណែនាំដល់មន្រ្តីរាជការចំណុះឲ្យក្រសួងទាំងអស់ ត្រូវបម្រើប្រជាពលរដ្ឋ ប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ។

ការផ្ដាំផ្ញើនិងណែនាំនេះ ធ្វើឡើងក្នុងឱកាសលោករដ្ឋមន្រ្តី អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារខែមិថុនា ឆ្នាំ២០២៤ ។

ជាកិច្ចចាប់ផ្តើម ក្នុងកិច្ចប្រជុំលោក បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានអានរបាយការណ៍វឌ្ឍនភាពប្រចាំខែឧសភា ដោយផ្តោតទៅលើសកម្មភាពអនុវត្តការងារប្រចាំថ្ងៃរបស់ថ្នាក់ដឹកនាំ ក៏ដូចជាលទ្ធផលនៃការអនុវត្តកម្មវិធីអាទិភាពទាំង ៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ រួមមាន៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ , ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ , ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និងការពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅដែលបានសម្រេចលទ្ធផលយ៉ាងល្អប្រសើរ។

បន្ទាប់ពីស្តាប់របាយការណ៍រួចមក លោក ឆាយ ឫទ្ធិសែន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយក្ដីនឹករលឹក និងសព្ទសាធុការពរពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាព, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ។

ក្នុងឱកាសនោះ លោក ឆាយ ឫទ្ធិសែន បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីរាជការទាំងអស់ ដែលបានយកចិត្តទុកដាក់ លើសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសក្នុងស្ថានភាពដែលប្រជាជននៅតំបន់ជនបទ បានជួបប្រទះនឹងការខ្វះខាតទឹកបរិភោគ និងទឹកប្រើប្រាស់នៅក្នុងរដូវប្រាំងដែលអូសបន្លាយរយៈយូរ ដោយសារកត្តាប្រែប្រួលអាកាសធាតុ។

លោករដ្ឋមន្ត្រីមានប្រសាសន៍ថា ក្រសួងបាននិងកំពុងយកចិត្តទុកដាក់ ក្នុងការចូលរួមកំណែទម្រង់ជាមួយរាជរដ្ឋាភិបាល ក្នុងនោះក្រសួងបាននិងកំពុងជំរុញ ការបញ្ចប់ការវិភាគមុខងាររបស់ក្រសួង នាពេលខាងមុខ ដើម្បីធានាដល់ការបំពេញតួនាទី ភារកិច្ចបម្រើជូនប្រជាពលរដ្ឋ ឱ្យមានប្រសិទ្ធភាព តាមរយៈការចាត់តាំងមន្ដ្រី ឱ្យត្រូវតាមជំនាញ បទពិសោធន៍ និងមានចំនួនគ្រប់គ្រាន់។

លើសពីនេះ ក្រសួងអភិវឌ្ឍន៍ជនបទ ក៏គ្រោងនឹងបញ្ចប់ការរៀបចំគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទឆ្នាំ២០២៥-២០៣៨ នៅក្នុងឆ្នាំ២០២៤នេះ ដើម្បីជាការចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ។

ជាមួយនេះផងដែរ លោករដ្ឋមន្រ្ដី បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ និងផ្ដល់អនុសាសន៍ជូនដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដូចខាងក្រោម៖
១/ ប្រធានអង្គភាពទាំងអស់ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវរៀបចំឲ្យមានសៀវភៅកំណត់ត្រាការងារប្រចាំថ្ងៃ សម្រាប់មន្ដ្រីកត់ត្រារាល់លទ្ធផលការងារដែលអនុវត្តបានប្រចាំថ្ងៃ។

២/ ក្នុងនាមមន្ដ្រីរាជការត្រូវបម្រើប្រជាពលរដ្ឋ ប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ , ត្រូវគោរពវិន័យ របៀបរបបធ្វើការ , ត្រូវអនុវត្តការងារទៅតាមរាល់ការចាត់តាំង របស់ប្រធានអង្គភាព និងត្រូវរាយការណ៍ និងសុំអន្ដរាគមន៍ពេលជួបប្រទះការប្រឈមនានា។
៣/ ជំរុញ លើកទឹកចិត្ត និងបង្កើតឱកាសដល់ស្ដ្រីបានចូលរួមគ្រប់ការងាររបស់ក្រសួង ជាពិសេសការផ្ដល់ឱកាសដល់ស្រ្ដីក្នុងការតែងតាំង ក្នុងជួរថ្នាក់ដឹកនាំ ដើម្បីឆ្លើយតបទៅនឹង គោលការណ៍របស់រាជរដ្ឋាភិបាល៕
