ភ្នំពេញ ៖ លោក ឃួង ស្រេង បានប្រាប់លោក សុង ហ្វូឡុង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ខេត្តក្វាងទុងថា រាជធានីភ្នំពេញ ជាទីក្រុងមួយកំពុងអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យ ដែលទាមទារ ឲ្យមានអ្នកវិនិយោគបន្ថែមទៀត ពិសេសចង់បានអ្នកវិនិយោគ មកពីខេត្តក្វាងទុង ប្រទេសចិន វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន ឧស្សាហកម្មធន់ធ្ងន់ ក៏ដូចជាវិស័យវាយនភ័ណ្ឌ និងទេសចរណ៍ជាដើម ។

ក្នុងជំនួបសម្តែងការគួរសម ជាមួយលោក សុង ហ្វូឡុង នាព្រឹកថ្ងៃទី២៧ ឧសភា លោក ឃួង ស្រេងបានលើកឡើងថា រាជធានីភ្នំពេញ ជាទីក្រុងដែលកំពុងអភិវឌ្ឍន៍ បើទោះបីអ្នកវិនិយោគ មកពីខេត្តក្វាងទុង បានធ្វើការវិនិយោគមួយចំនួនហើយក្តី។ រាជធានីភ្នំពេញ ចង់បានការវិនិយោគ លើហេដ្ឋាចនាសម្ព័ន្ធ បរិស្ថាន ឧស្សាហកម្មធុនធ្ងន់ ក៏ដូចជាវិស័យវាយនភ័ណ្ឌ និងទេសចរណ៍ជាដើម។

លោក ឃួង ស្រេង បន្ថែមថា រាជធានីភ្នំពេញ ក៏ដូចជាកម្ពុជាទាំងមូល គឺជាប្រទេស ដែលមានសន្តិភាពពេញលេញ ដែលអាចធានា បាននូវសុវត្ថិភាព ចំពោះអ្នកវិនិយោគ ក៏ដូចជាអ្នកទេសចរបរទេស មកទេសចរណ៍ ក៏ដូចជាការមកបណ្ដាក់ទុនរកស៊ី។

លោកក៏បានស្នើលោក សុង ហ្វូឡុង ពេលវិលត្រឡប់ទៅខេត្តក្វាងទុងវិញ ជួយផ្សព្វផ្សាយទៅអ្នកវិនិយោគទុន នៅខេត្តខ្លួន ឲ្យមកវិនិយោគរកស៊ី នៅរាជធានីភ្នំពេញ ក៏ដូចជានៅកម្ពុជាទាំងមូលឲ្យបានច្រើនបន្ថែមទៀត ដើម្បីឲ្យរាជធានីភ្នំពេញ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។

លោកឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា កន្លងមកនេះរោងចក្រវាយនភ័ណ្ឌ មួយចំនួនរបស់ចិន ភាគច្រើននាំផលិតផល សម្រេចទៅកាន់អឺរ៉ុប លោកចង់ឲ្យមានការវិនិយោគ ទៅលើវិស័យកាត់ដេរ ពេលទទួលបានផលិតផលនាំទៅកាន់ប្រទេសចិនតែម្ដង ដោយសារតែបច្ចុប្បន្ននេះ ទីផ្សាររបស់អឺរ៉ុប ក៏មានលក្ខណៈចង្អៀតដែរ ។

ក្នុងឱកាសនោះដែរ លោក សុង ហ្វូឡុង ក៏បានលើកឡើងពីការរីកចម្រើន របស់ខេត្តក្វាងទុង ដោយខេត្តមួយនេះ ជាខេត្តដែលមានរោងចក្រ ផលិតគ្រឿង ម៉ាស៊ីនច្រើន នៅប្រទេសចិន មានប្រជាពលរដ្ឋ រស់នៅប្រមាណ១២០លាននាក់ ។ សហគ្រាសខ្នាតធំៗ មាននៅខេត្តក្វាងទុង អ្នកវិនិយោគនៅខេត្ត ក៏បានធ្វើការវិនិយោគនៅ រាជធានីភ្នំពេញ ក៏ដូចជានៅកម្ពុជាយ៉ាងច្រើនដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកនឹងធ្វើការផ្សព្វផ្សាយ
ទៅដល់អ្នកវិនិយោគទុន របស់ខេត្តក្វាងទុង ឲ្យមកវិនិយោគទុន នៅរាជធានីភ្នំពេញ ក៏ដូចនៅកម្ពុជាបន្ថែមទៀត ដោយកម្ពុជានិងចិន ជាមិត្តដែកថែមនិងជាមិត្តចាស់។

បន្ថែមពីនេះលោក សុង ហ្វូឡុង បានអញ្ជើញលោក ឃួងស្រេង ក៏ដូចជាប្រតិភូរាជធានីភ្នំពេញ ទៅបំពេញទស្សនកិច្ចនៅខេត្តក្វាងទុង ពិសេសនៅក្រុមហ៊ុនធំៗរបស់ចិន នៅខេត្តក្វាងទុង ដើម្បីពិភាក្សាក៏ដូចជាជំរុញឲ្យអ្នកវិនិយោគទុន មកវិនិយោគនៅរាជធានីភ្នំពេញ ឲ្យកាន់តែច្រើនថែមទៀត ៕


