ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា ជំនួយរបស់ចិន មិនត្រឹមតែជួយអភិវឌុ្ឍសង្គម-សេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ជួយពង្រឹងឯករាជ្យ ភាពខាងនយោបាយ ។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសសម្ដេចអនុញ្ញាតឲ្យលោក វ៉ាង វិនធានឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពចិន ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នាថ្ងៃ២៧ ឧសភា ។
ក្នុងជំនួបនេះ សម្ដេចតេជោក៏មានអារម្មណ៍សោកស្តាយ ដោយលោកចប់បេសកកម្ម និងត្រូវចាកចេញពីកម្ពុជា ។
សម្តេចបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់លោកឯកអគ្គរដ្ឋទូត ដែលបានចូលរួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនង កម្ពុជា-ចិន ក្នុងពេល លោកកាន់តំណែងជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជាជិត៦ ឆ្នាំ ដែលជាអំឡុងពេលរវល់ខ្លាំង និងបានធ្វើកិច្ចការរួមគ្នាជាច្រើន ប្រកបដោយជោគជ័យដ៏ត្រចះត្រចង់ ជាពិសេស នៅក្នុងដំណាក់កាលនៃជំងឺកូវីដ ដែលសម្តេចបានធ្វើការយ៉ាងជិតស្និទ្ធជាមួយលោក ក្នុងការខិតខំទប់ស្កាត់ការរីករាលដាលជំងឺឆ្លងនេះ ។
សម្ដេចតេជោគូសបញ្ជាក់ថា «ទំនាក់ទំនងកម្ពុជា-ចិន ដែលជាទំនាក់ទំនងប្រវត្តិសាស្ត្រយូរអង្វែង បានរីកចម្រើនរហូតដល់កម្រិតដែលមិនអាចបំបែកបាន។ ទំនាក់ទំនងនេះ ស័ក្តិសមនឹងគុណតម្លៃ នៃការជឿទុកចិត្តគ្នា ជាពិសេសទំនុកចិត្តខាងនយោបាយ ។ ជំនួយរបស់ប្រទេសចិន ដល់ប្រទេសកម្ពុជា មិនត្រឹមតែជួយអភិវឌុ្ឍសង្គម-សេដ្ឋកិច្ចប៉ុណ្ណោះទេ តែថែមទាំង ជួយពង្រឹងឯករាជ្យភាពខាងនយោបាយ របស់កម្ពុជាទៀតផង»។
សម្ដេចបញ្ជាក់សាជាថ្មីថា ទោះមានការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រីនៅកម្ពុជាក៏ដោយ ក៏ពុំមានការផ្លាស់ប្ដូរគោលជំហរក្នុងទំនាក់ទំនងកម្ពុជាជាមួយចិននោះឡើយ និងជូនពរមិត្តភាព កម្ពុជា-ចិន ស្ថិតស្ថេរជាអមតៈ ។
សម្ដេចតេជោក៏បានសុំឲ្យលោកពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចទៅកាន់ប្រធានាធិបតីចិន លោកស៊ី ជីនពីង និងលោកនាយករដ្ឋមន្ត្រី លី ឈាង និងថ្នាក់ដឹកនាំចិនដទៃទៀត និងជូនពរលោក វ៉ាង វិនធានឲ្យមានសុខភាពល្អ បន្តនូវភាពជោគជ័យជាបន្តបន្ទាប់ទៀត និងសង្ឃឹមថា លោកនឹងត្រឡប់មកកម្ពុជា និងមានវត្តមាននៅកម្ពុជា នាពេលខាងមុខ ៕