ព័ត៌មានជាតិ

លោក ឃួង ស្រេង បញ្ជាឱ្យបង្ក្រាបក្មេង ទំនើងដល់ឬសគល់ សំដៅធ្វើយ៉ាងណា ក្នុងមូលដ្ឋានគ្មានក្មេងទំនើង

ភ្នំពេញ៖ លោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានណែនាំឲ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ក៏ដូចកម្លាំងសមត្ថកិច្ច បន្តបង្ក្រាបក្មេងទំនើងឲ្យដល់ឬសគល់ សំដៅធ្វើយ៉ាងណា នៅក្នុងមូលដ្ឋានរបស់ខ្លួន គឺមិនមានក្មេងទំនើង។

ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព​ រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៧ឧសភានេះ នៅសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង បានលើកឡើងថា ការបង្ក្រាបក្មេងទំនើង អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ធ្វើការបង្ក្រាបបានជាបន្តបន្ទាប់ ក្រោយពីពួកគេធ្វើសកម្មភាព គឺចាប់បានភ្លាម។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី កងកម្លាំងមានសមត្ថកិច្ច ត្រូវពង្រឹងបន្ថែមទៀត ក្នុងការបង្ការទប់ស្កាត់ក្មេងទំនើងទាំងនេះ ។

លោក ឃួង ស្រេង បានស្នើឱ្យអភិបាលខណ្ឌ នៅជាប់ព្រំប្រទល់ជាមួយនឹងស្រុក នៃខេត្តកណ្ដាលប្រជុំជាមួយអភិបាលស្រុកជាប់ព្រំប្រទល់ ដើម្បីរកវិធានការទប់ស្កាត់ក្មេងទំនើងទាំងនេះ។ បន្ថែមពីនេះក៏ត្រូវសហការជាមួយនឹងនាយកសាលានានា នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីកំណត់ពីមុខសញ្ញាក្មេងទំនើង ជាមួយនិងការដាក់កម្លាំងឆែកឆេរ ទៅលើម៉ូតូសិស្សដែលសង្ស័យថា ជាមុខសញ្ញាក្មេងទំនើង ។

លោកអភិបាល បានបញ្ជាក់ថា “ការបង្ក្រាបក្មេងទំនើង អាជ្ញាធរមានសមត្ថកិច្ចរបស់យើង អនុវត្តបានល្អប្រសើរហើយ ប៉ុន្តែអ្វីដែលល្អជាងនេះ គឺការបង្ការទប់ស្កាត់ កុំឲ្យមានក្មេងទំនើង ទើបជារឿងដែលល្អបំផុត” ។

ក្រៅពីបង្ក្រាបទប់ស្កាត់ក្មេងទំនើងហើយនោះ លោក ឃួង ស្រេង ក៏បានណែនាំឲ្យយកចិត្តទុកដាក់ ពិនិត្យអាវុធជាតិផ្ទុះ ពិនិត្យយានយន្តកែច្នៃស៊ីម៉ាំង ការពិនិត្យទីតាំងលក់កែច្នៃដាវសាំម៉ូរ៉ៃ ការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ និងការបង្ក្រាបគ្រឿងញៀនផងដែរ សំដៅធ្វើយ៉ាងណាឲ្យភូមិសង្កាត់ មានសុវត្ថិភាព។

ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក ជួន ណារិន ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា នៅរាជធានីភ្នំពេញ មានក្រុមក្មេងទំនើង ចំនួន១២ក្រុម ហើយក្នុងចំនួន១២ក្រុមនេះ កម្លាំងមានសមត្ថកិច្ច ធ្វើការបង្ក្រាបបានជាបន្តបន្ទាប់ចំនួន ១០ក្រុម នៅសល់២ក្រុម ដែលជាក្រុមមិនទាន់មានធ្វើសកម្មភាព។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្នុងចំនួន១០ក្រុមនេះ ក៏មានក្រុមទំនើងខ្លះ កំពុងតែរត់គេចខ្លួន ដែលសមត្ថកិច្ចកំពុងតែស្រាវជ្រាវតាមចាប់៕

To Top