ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងថា ក្រសួងអភិវឌ្ឍន៍ជនបទក្នុងអាណត្តិទី៧នេះ បាននិងកំពុងបន្តការយកចិត្តទុកដាក់លើ ការអនុវត្តកម្មវិធីអាទិភាពទាំង៤របស់ខ្លួន ៖ ការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទ , ការកែលម្អលក្ខខណ្ឌនៃការរស់នៅ របស់ប្រជាជនជនបទឲ្យកាន់តែប្រសើរ , ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និងការពង្រឹង និងអភិវឌ្ឍន៍ស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ការលើកឡើងនេះធ្វើឡើង ក្នុងឱកាសលោករដ្ឋមន្រ្តី អញ្ជើញបន្ដដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាលើវឌ្ឍនភាពនៃសេចក្ដីព្រាង គោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ ២០២៥-២០៣៨ នៅថ្ងៃទី២៧ ឧសភា ។

លោករដ្ឋមន្រ្តីបន្តថា ជាមួយគ្នានេះ គោលនយោបាយជាតិ អភិវឌ្ឍន៍ជនបទឆ្នាំ២០២៥-២០៣៨ នឹងបន្ដអភិវឌ្ឍសមិទ្ធផល ក្នុងនីតិកាលកន្លងមក ព្រមទាំងកសាងសមិទ្ធផលថ្មីៗបន្ថែមទៀត ក្នុងវិស័យអភិវឌ្ឍន៍ជនបទ ដើម្បីធានាការបង្កើនប្រាក់ចំណូលគ្រួសារ នៅជនបទប្រកបដោយចីរភាព និងធានាសុខុមាលភាពនៃជីវិតរស់នៅ ប្រជាជននៅជនបទឲ្យកាន់តែល្អប្រសើរឡើង ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០៕

