ព័ត៌មានជាតិ

គ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស ១០បន្ថែមទៀត បានធ្វើតេស្តបញ្ជាក់សមត្ថភាព សិក្ខាកាមកម្រិតC១

ភ្នំពេញ៖ គ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសចំនួន ១០បន្ថែមទៀត របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបណ្តុះបណ្តាលក្នុងវេនសិក្សាថ្ងៃចន្ទ-សុក្រពេញមួយថ្ងៃ បានធ្វើតេស្តកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ម្សិលមិញដើម្បីបញ្ជាក់ សមត្ថភាពសិក្ខាកាមមុននឹងឈានជើង ចូលទីផ្សារការងារក្រោយការ បណ្តុះបណ្តាលរយៈពេល៤ខែ។

លោកបណ្ឌិត ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា (NPIC) ជាវិទ្យាស្ថានដែលបានធ្វើតេស្តកាលពីថ្ងៃម្សិលមិញ បានវាយតម្លៃខ្ពស់ចំពោះសមត្ថភាព សិក្ខាកាមថាមានមានលទ្ធភាព ​និង​សមត្ថភាពគ្រប់គ្រាន់ដើម្បីទទួលបាន ការងារធ្វើសមរម្យក្នុងទីផ្សារដែលកំពុង មានតម្រូវការខ្ពស់នៅកម្ពុជា។

លោកបណ្ឌិត ប៊ុន ភារិន៖ «សិក្ខាកាមដែលធ្វើតេស្តវាយតម្លៃសមត្ថភាព បញ្ចប់វគ្គបណ្ដុះបណ្ដាលថ្ងៃនេះ សុទ្ធតែមានសមត្ថភាព ហើយភាគច្រើនសុទ្ធតែមានការងារធ្វើ។ មុខជំនាញដែលត្រូវប៉ាន់ជាងគេ គឺជំនាញអគ្គិសនី និងដុតនំ»។

សម្រាប់នាយកNPIC ការធ្វើតេស្តនេះ មានសារៈសំខាន់សម្រាប់សិក្ខាកាម ព្រោះអាចបញ្ជាក់ពីសមត្ថភាព ដើម្បីទទួលបានវិញ្ញាបនប័ត្របញ្ជាក់ការសិក្សា ដែលបញ្ជាក់ពីតម្លៃនិងសមត្ថភាពសិក្ខាកាម។

ក្នុងវគ្គកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(C1) ដែលសិក្សាថ្ងៃវគ្គចន្ទ-សុក្រពេញមួយថ្ងៃនេះ សិក្ខាកាមនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ចំនួន១០៩នាក់ បានធ្វើតេស្តបញ្ជាក់សមត្ថភាព លើមុខជំនាញចំនួន៥ដែលរួមមាន ការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ, ការថែទាំ និងជួសជុលរថយន្ត,ការថែទាំ និងជួសជុលអគ្គិសនីរថយន្ត, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន និងការផលិតនំ។

គិតត្រឹមថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ម្សិលមិញនេះ គ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសទាំង៣៥ ក្នុងចំណោម៣៧របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានបណ្តុះបណ្តាល បានបញ្ចប់ការធ្វើតេស្តទាំង៣លើក របស់ខ្លួនបន្ទាប់ពីការធ្វើតេស្តលើកទី១ នៅថ្ងៃទី១៥ ខែឧសភា លើកទី២នៅថ្ងៃទី២០ ខែឧសភា និងលើកទី៣នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពីបើកបវេសនកាលកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤កន្លងទៅ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top