ភ្នំពេញ៖ លោក Mohammed Abdul Hye ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃ សាធារណរដ្ឋប្រជាមានិតបង់ក្លាដែសប្រចាំកម្ពុជា បានអបអរសារនិងកោតសរសើរកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ អតីតនាយករដ្ឋមន្រ្តីកម្ពុជា បានប្រែក្លាយពីប្រទេសក្រីក្រខ្លាំងនិងមានជម្លោះរ៉ាំរ៉ៃ មកជាប្រទេសដែលមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនឆាប់រហ័ស ដែលជាមេរៀននិងគម្រូល្អសម្រាប់ប្រទេសដទៃ។
លោកបញ្ជាក់ថា «មេដឹកនាំដូចប្រទេសកម្ពុជា មានមិនច្រើនទេ នៅក្នុងពិភពលោក »។
ការបញ្ជាក់នេះធ្វើឡើងក្នុងឱកាសលោកឯកអគ្គរដ្ឋទូត ជិតផុតអាណត្តិរូបនេះ ចូលជួបសម្ដែងការគួរសម និងជម្រាបលា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃ២៧ ឧសភា។

ក្នុងជំនួបនេះលោកបានរំលឹកថា លោកធ្លាប់ធ្វើជាមន្ត្រីទទួលបន្ទុកកិច្ចការកម្ពុជា (desk officer) ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ដែលជាពេលកម្ពុជាជួបប្រទះការលំបាកខ្លាំង។ លោកមានការភ្ញាក់ផ្អើលនៅពេលបានឃើញផ្ទាល់ភ្នែក នូវការអភិវឌ្ឍដ៏ខ្លាំងនិងឆាប់រហ័សរបស់កម្ពុជា។ ទាំងនេះ គឺដោយសារកម្ពុជាមានសន្តិភាព ស្ថិរភាព ទើបមានការអភិវឌ្ឍ។ រដ្ឋាភិបាលបង់ក្លាដែស ជាពិសេសលោកស្រីនាយករដ្ឋមន្ត្រី Sheikh Hasina បានចាត់ទុកតំបន់អាស៊ីអាគ្នេយ៍ រួមមាន ៖ កម្ពុជា ថៃ ឡាវ មីយ៉ាន់ម៉ា …ជាភូមិផងរបងជាមួយ។ នៅពេលប្រទេសមីយ៉ាន់ម៉ា មានស្ថិរភាព តំបន់អាស៊ីអាគ្នេយ៍ នឹងកាន់តែស្ថិរភាព សន្តិភាព និងការអភិវឌ្ឍបន្ថែមទៀតជាមិនខាន។ ដូចនេះ ត្រូវរក្សាសន្តិភាពឲ្យស្ថិតស្ថេរជាដរាប ។
លោកទូត ក៏បានអបអរសារនិងកោតសរសើរកម្ពុជា ដែលមានការផ្ទេរអំណាចដោយរលូន និងប្រកបដោយសន្តិភាពដល់ថ្នាក់ដឹកនាំជំនាន់ក្រោយ។ ក្នុងនាមលោកស្រីប្រធានសភាជាតិបង់ក្លាដែស ឯកអគ្គរដ្ឋទូតក៏បានអញ្ជើញសម្តេចតេជោ ធ្វើទស្សនកិច្ចជាផ្លូវការនៅបង់ក្លាដែស និងចែករំលែកពីសារសំខាន់នៃសន្តិភាព និង ស្ថិរភាព សម្រាប់ការអភិវឌ្ឍ ។

ជាការឆ្លើយតប សម្ដេចតេជោបានលើកឡើងថា សម្តេច និងប្រជាជនកម្ពុជាខិតខំប្រឹងប្រែង ដើម្បីសម្រេចបានសន្តិភាពដោយខ្លួនឯង។ ពិតណាស់ កម្ពុជាមានកិច្ចព្រមព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងមានអន្តរាគមន៍របស់អង្គការសហប្រជាជាតិ ដែលគោលដៅចម្បងរបស់អ៊ុនតាក់ គឺសន្តិភាព ។ ក៏ប៉ុន្តែ នៅពេលអ៊ុនតាក់ចាកចេញពីកម្ពុជា បន្ទាប់ពីចំណាយអស់ប្រមាណ ២ពាន់លានដុល្លារ អ៊ុនតាក់ទុកកម្ពុជាមួយដែលមានតំបន់ត្រួតត្រាពីរ។
សម្តេចតេជោបន្តថា សម្តេចបានប្រថុយគ្រោះថ្នាក់ និងជីវិត ក្នុងការដឹកនាំកម្លាំងតស៊ូ ក្រោយមកចូលក្នុងតំបន់ខ្មែរក្រហម ដើម្បីសម្រេចបាននូវសន្តិភាពនៅចុងឆ្នាំ១៩៩៨ ។ សន្តិភាពបែបនេះ មិនមានទេនៅកម្ពុជាក្នុងរយៈពេល ៥០០ឆ្នាំចុងក្រោយ ។ ពេលបញ្ចប់សង្គ្រាមបានទាំងស្រុង សម្តេចបានប្រមូលកម្លាំងមនុស្ស និងប្រាជ្ញា ដើម្បីខិតខំសម្រេចកំណើនសេដ្ឋកិច្ចជាង៧% ក្នុងរយៈពេលជាងពីរទសវត្សរ៍ ។ រហូតដល់ឆ្នាំ២០០៤ ទីក្រុងភ្នំពេញ មានអគារខ្ពស់ត្រឹមតែ ៧ជាន់តែមួយគត់ប៉ុណ្ណោះ តែឥឡូវមានអគារខ្ពស់២០ទៅ៣០ជាន់រាប់រយ។ ផ្ទៃដីទីក្រុងភ្នំពេញ បានកើនឡើងពី៣០០គម២ មកជាង ៧០០គម២ រីឯ ប្រជាជនក៏មានការកើនឡើងខ្លាំងក្លាដែរ ។
សម្តេចមានការកើតសរសើរ ថ្នាក់ដឹកនាំបង់ក្លាដែស ខិតខំអភិវឌ្ឍន៍ប្រទេសដែលមានប្រជាជនច្រើនជិត ១៧០លាននាក់ ស្មើ១០ដងនៃប្រជាជនកម្ពុជា នៅក្នុងផ្ទៃដីតូចជាងកម្ពុជា ។
សម្តេចវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់ លោកស្រីនាយករដ្ឋមន្ត្រី Sheikh Hasina ដែលសម្រេចបាននូវស្ថិរភាពមួយ ដើម្បីពន្លឿនកំណើនសេដ្ឋកិច្ចខ្ពស់ របស់បង់ក្លាដែស និង ការទប់ស្កាត់ជំងឺកូវីដ១៩។ ទឹកដីតូចនិងចិញ្ចឹមប្រជាជនជិត ១៧០លាននាក់ មិនមែនជាការងារស្រួលទេ ជាពិសេសពេលសម័យជំងឺកូវីដ១៩។
សម្ដេចតេជោ ក៏បានរំលឹកផងដែរអំពីភាពជោគជ័យ របស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលប្រទេសខ្លះធ្លាប់មើលស្រាលសមត្ថភាពកម្ពុជា បង់ក្លាដែស និងនេប៉ាល់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
ពាក់ព័ន្ធនឹងការផ្ទេរអំណាច ដល់ថ្នាក់ដឹកនាំជំនាន់ក្រោយ សម្ដេចតេជោ បានសង្កត់ធ្ងន់ថា គឺជាការលះបង់ដ៏ធំធេងផ្ទាល់ខ្លួនរបស់សម្តេច ដើម្បីសន្តិភាព និងស្ថិរភាពយូរអង្វែងរបស់កម្ពុជា។ មិនមាននាយករដ្ឋមន្ត្រីច្រើន ដែលហ៊ានលះបង់ដូចសម្តេចទេ ។ លទ្ធផលល្អនៃការលះបង់របស់សម្តេច បានចេញឲ្យឃើញកាន់តែជាក់ស្តែង ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ត្រូវធានាបានកំណើនសេដ្ឋកិច្ចនៅតែបន្ត ៕
