ភ្នំពេញ ៖ ផ្អែកតាមមាត្រា ៦៩ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្រសួងមហាផ្ទៃ បានធ្វើការណែនាំដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អំពីគោលការណ៍នៃការរៀបចំ និងអនុម័ត បទបញ្ជាផ្ទៃក្នុង។
តាមសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ ចេញផ្សាយនាពេលថ្មីៗនេះ បានឲ្យដឹងថា បន្ទាប់ពីរៀបចំពិធីប្រកាសចូលកាន់តំណែងរបស់ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ក្រុមប្រឹក្សានីមួយៗ ត្រូវរៀបចំបទបញ្ជាផ្ទៃក្នុងដើម្បីកំណត់នូវវិធានទាំងឡាយ សម្រាប់កិច្ចប្រជុំ និងរបៀបរបបបំពេញការងាររបស់ខ្លួន។ បទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវធ្វើតាមទម្រង់ជាដីកា និងត្រូវអនុម័តនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២ ដែលនឹងប្រព្រឹត្តទៅ មិនឲ្យមុន២៥ថ្ងៃ ឬលើសពី៣៥ថ្ងៃ បន្ទាប់ពីកិច្ចប្រជុំសាមញ្ញលើកទី១។
ដើម្បីឲ្យក្រុមប្រឹក្សាមានមូលដ្ឋានក្នុងការរៀបចំ និងអនុម័តបទបញ្ជាផ្ទៃក្នុងបានត្រឹមត្រូវ និងទាន់ពេលវេលាតាមច្បាប់កំណត់ ក្រសួងមហាផ្ទៃបានរៀបចំគំរូបទបញ្ជាផ្ទៃក្នុង ដែរ។
គំរូបទបញ្ជាផ្ទៃក្នុងនេះ គ្រាន់តែជាឯកសារមូលដ្ឋាន សម្រាប់ឲ្យក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ពិនិត្យ ពិចារណា និងរៀបចំនូវបទបញ្ជាផ្ទៃក្នុងរបស់ខ្លួនឲ្យបាន សមស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ខ្លឹមសារនៃគំរូ បទបញ្ជាផ្ទៃក្នុងនេះ បានចែងនូវលក្ខខណ្ឌជាអប្បបរមាក្នុងការ កំណត់នូវវិធានទាំងឡាយសម្រាប់ដំណើរការកិច្ចប្រជុំ និងរបៀបរបបបំពេញការងាររបស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ របស់ខ្លួនតែប៉ុណ្ណោះ។ ផ្អែកតាម គំរូបទបញ្ជាផ្ទៃក្នុងនេះ ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ខណ្ឌ ត្រូវធ្វើការពិនិត្យ ឬកែសម្រួលបំពេញបន្ថែម ឱ្យស្របតាមស្ថានភាពជាក់ស្តែង នៃរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌរបស់ខ្លួន។
ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវរៀបចំកិច្ចប្រជុំពិភាក្សា និងអនុម័តបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន ដោយអនុវត្តតាមលក្ខខណ្ឌ ដូចមានចែងក្នុងមាត្រា ៦៦ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ការប្រជុំអនុម័តបទបញ្ជាផ្ទៃក្នុងនេះ មានសុពលភាពបានលុះត្រាតែ មានវត្តមានសមាជិកក្រុមប្រឹក្សា មិនតិចជាងពាក់កណ្តាល នៃចំនួនសមាជិកក្រុមប្រឹក្សាទាំងមូលចូលរួម ហើយត្រូវអនុម័តដោយសំឡេងលើសពី ពាក់កណ្តាល នៃចំនួនសមាជិកក្រុមប្រឹក្សាទាំងមូល។ ក្នុងករណីមានសំឡេងអនុម័តស្មើគ្នា សំឡេងរបស់ប្រធាន អង្គប្រជុំមានឧត្តមានុភាព៕