ព័ត៌មានជាតិ

លោក ហង្ស ពុទ្ធា ៖ គ.ជ.ប នឹងមិនប្រកាសលទ្ធផលបណ្តោះអាសន្នការបែងចែកអាសនៈ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា

ភ្នំពេញ ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បានឲ្យដឹងថា គ.ជ.ប នឹងមិនប្រកាសលទ្ធផល ជាបណ្តោះអាសន្ន នៃការបែងចែកអាសនៈនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ឡើយ ដោយរង់ចាំប្រកាសជាផ្លូវការនៅថ្ងៃ៨ មិថុនា ខាងមុខនេះតែម្តង ។

បើតាមលោកអ្នកនាំពាក្យគ.ជ.បដដែល ការប្រកាសលទ្ធផលផ្លូវការ នៃចំនួនអ្នកទៅបោះឆ្នោតក៏ធ្វើឡើងព្រមគ្នាជាមួយនឹង ការប្រកាសលទ្ធផលផ្លូវការ នៃការបែងចែកអាសនៈផងដែរ ។ នេះជាអ្វីដែលលោក ហង្ស ពុទ្ធា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ២៨ ឧសភា ក្រោយការបោះឆ្នោត២ថ្ងៃ ។

លោកថា ការបែងចែកអាសនៈ គឺគ.ជ.ប បានធ្វើឡើងដោយល្អិតល្អន់ណាស់ មិនមែនចេះតែធ្វើឲ្យបាននោះទេ។

លោក ហង្ស ពុទ្ធា បានបញ្ជាក់ពីមូលហេតុ មិនប្រកាសលទ្ធផលបណ្តោះអាសន្ន នៃការបែងចែកអាសនៈថា “គ.ជ.ប ទាល់តែប្រកាសលទ្ធផលផ្លូវការ ហើយបាន យកលទ្ធផលផ្លូវការហ្នឹង ទៅបែងចែកជាអាសនៈ និងប្រកាសសមាសភាពក្រុមប្រឹក្សា ដែលជាប់ឆ្នោតតែម្តង ព្រោះថា លទ្ធផលបណ្តោះអាសន្ន ក៏នៅតែមិនបញ្ជាក់ថា គណបក្សណាបានប៉ុន្មាន គណបក្សណាបានប៉ុន្មាននោះទេ នេះដោយសារវិធីធ្វើការងារ របស់គ.ជ.ប។ ពាក្យថា បណ្តោះអាសន្ន មានន័យថា វាអាចប្រែប្រួលទៀត ។ ចឹងបើសិនជាប្រែប្រួល ទៅយើងគណនាអាសនៈមុននាំឲ្យឃើញតែថា…បើសិនជាមានបណ្តឹងអីមកវាអាច កែប្រែខុសតួលេខ ចែកអាសនៈខុសអាហ្នឹង វាជាកំហុសរបស់គ.ជ.ប” ។

ចំពោះសំណួរថា តើហេតុបានជាឃើញគណបក្សនយោបាយនីមួយ២ចូលរួមបោះឆ្នោតបង្ហាញលទ្ធផលបណ្តោះអាសន្នការបែងចែកអាសនៈ លោកអះអាងត្រឡប់វិញថា នោះជារឿងដាច់ដោយឡែកមួយផ្សេង មិនមែនជាការទទួលខុសត្រូវ របស់គ.ជ.បទេ ។ លោកថា ការប្រកាសរបស់គណបក្ស នយោបាយនីមួយៗដោយ សារគណបក្សទាំងនោះ មានបណ្តាញ របស់ខ្លួន ក្នុងការប្រមូលព័ត៌មានឲ្យបានលឿនរហ័ស ដើម្បីរាយការណ៍ទៅលើ របស់ពួកគាត់ ។ ប៉ុន្តែសម្រាប់គ.ជ.បវិញ គឺមានការផ្ទៀងផ្ទាត់ខ្លាំង ដោយមិនមានការធ្វេសប្រហែសទេ ។

សូមបញ្ជាក់ថា ក្រោយការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាអាណត្តិទី៤ ថ្ងៃអាទិត្យទី២៦ ឧសភា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសលទ្ធផលបណ្តោះអាសន្ន អ្នកបានទៅបោះឆ្នោតសរុបមានចំនួន ១១.៥៩៨នាក់ ស្មើនឹង ៩៩,៧៩% នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ចំនួនសរុប ១១.៦២២នាក់ ៕

To Top