ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកយុទ្ធនាការធ្វើតេស្តស្វែង រកសារធាតុញៀនលើថ្នាក់ដឹកនាំ និងមន្ត្រីចំនួន ៣ ៧៥៣នាក់ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤តាមបទបញ្ជាលេខ០១ ប.ប. ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់ចេញវិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

ក្រោយការធ្វើតេស្ត ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថាពុំមានថ្នាក់ដឹកនាំ និងមន្ត្រីជាប់ពាក់ព័ន្ធសារធាតុញៀនខុសច្បាប់ឡើយ។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានផ្សព្វផ្សាយនៅតាមបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ។

តាមបណ្តាញសង្គមក្រសួងបញ្ជាក់ថា៖“ជាលទ្ធផលពុំមានថ្នាក់ដឹកនាំ ឬមន្ត្រីណាម្នាក់មានពាក់ព័ន្ធសារធាតុញៀនខុសច្បាប់ឡើយ ។ ចំពោះមន្ត្រីរាជការ ដែលមិនទាន់បានមកធ្វើតេស្តគឺ មានចំនួន ១៧៥នាក់ ដែលកំពុងជាប់បំពេញបេសកកម្មក្នុង និងក្រៅប្រទេស”៕








