ភ្នំពេញ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ បានចាត់ទុកការប្រតិបត្តិល្អក្នុងការ រៀបចំនិងការអនុវត្តបទប្បញ្ញត្តិ នឹងផ្ដល់បច្ច័យវិជ្ជមានដល់សង្គម-សេដ្ឋកិច្ច។
ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលលើកទី៧ ក្រោមប្រធានបទ«សេចក្ដីផ្ដើម ស្ដីពីការប្រតិបត្តិល្អនៃការតាក់តែងបទប្បញ្ញត្តិ» នាថ្ងៃ២៩ ឧសភា លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានចាត់ទុកប្រធានបទស្តីពី «ការប្រតិបត្តិល្អនៃការតាក់តែងបទប្បញ្ញត្តិ» ពិតជាមានសារសំខាន់សម្រាប់រាជរដ្ឋាភិបាល ជាពិសេសសម្រាប់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលជាសេនាធិការក្នុងការសម្របសម្រួល ការងារប្រចាំថ្ងៃរបស់គណៈរដ្ឋមន្ត្រី លើការងារពិនិត្យ និងកែសម្រួលការតាក់តែងសេចក្ដីព្រាងច្បាប់ , លិខិតបទដ្ឋានគតិយុត្ដ , គោលនយោបាយ និងផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។
លោកថា រាជរដ្ឋាភិបាលផ្ដោតសំខាន់លើការលើកកម្ពស់ និងការពង្រឹងប្រសិទ្ធភាពនៃច្បាប់ និងប្រព័ន្ធយុត្តិធម៌ , ការលើកកម្ពស់ប្រសិទ្ធភាព , សង្គតិភាព និងអនុលោមភាពគតិយុត្តនៃការរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត សំដៅធានាបាននូវភាពមានប្រយោជន៍ ភាពជឿទុកចិត្តបាន តម្លាភាព ភាពស្មើគ្នានៅចំពោះមុខច្បាប់ និងភាពដែលអាចអនុវត្តបាន ដែលជាគោលការណ៍សំខាន់ នៃការកសាងនីតិរដ្ឋក៏ដូចជាការរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសក្នុងរយៈពេលយូរអង្វែង។
សម្រាប់ឧបនាយករដ្ឋមន្ត្រីប្រចាំការ ការតាក់តែង និងការអនុវត្ដបទប្បញ្ញត្ដិមានកម្មវិបាក ឬបច្ច័យដល់ភាពប្រកួតប្រជែង និងកំណើនសេដ្ឋកិច្ច សុខុមាលភាព និងជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបធុរកិច្ចរបស់ប្រជាពលរដ្ឋ និងក្រុមហ៊ុន គឺការអនុវត្ដបទប្បញ្ញត្តិល្អ នឹងផ្ដល់បច្ច័យវិជ្ជមានដល់សង្គម-សេដ្ឋកិច្ច ដូចជាប្រសិទ្ធភាពសេដ្ឋកិច្ចជួយការពារសិទ្ធិ និងផលប្រយោជន៍ដល់សាធារណជន ព្រមទាំងគាំទ្រដល់អន្ដរអំពើក្នុងសង្គម ដើម្បីធានាភាពច្បាស់លាស់ ភាពអាចប៉ាន់ប្រមាណបាន និងភាពយុត្ដិធម៌។ ផ្ទុយទៅវិញ ការដាក់ឲ្យអនុវត្ដបទប្បញ្ញត្តិដែល មិនមានលក្ខណៈអំណោយផល នឹងបង្កើនជាបន្ទុកចំណាយអនុលោមភាព , ការរឹតត្បិតសេរីភាព និងជាពិសេសការបន្ទុចបង្អាក់នវានុវត្ដន៍ និងការបង្កើតជាវិបាកមិនល្អដល់ សង្គម-សេដ្ឋកិច្ចជាយថាហេតុ។
ឆ្លៀតក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលនីតិកាលទី៧ និងជំរុញលើកកម្ពស់ការប្រតិបត្តិល្អ នៃការតាក់តែងបទប្បញ្ញត្តិ ដោយបានរៀបចំបង្កើតគណៈកម្មាធិការដឹកនាំកែទម្រង់ច្បាប់ ដែលជាយន្ដការដឹកនាំសម្របសម្រួល និងជំរុញការអនុវត្ដការងារកែទម្រង់ច្បាប់ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងដើម្បីពង្រឹង និងលើកកម្ពស់គោលការណ៍នីតិរដ្ឋ សន្ដិសុខគតិយុត្ដ ព្រមទាំងគុណភាព និងប្រសិទ្ធភាពនៃច្បាប់។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានលើកឡើងថា ច្បាប់អាចដើរតួជាឃ្នាស់ដែលអាច លើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដោះស្រាយបញ្ហាសេដ្ឋកិច្ច និងលើកកម្ពស់សេដ្ឋកិច្ច ប៉ុន្តែក៏អាចដើរតួជាបន្ទុកសម្រាប់ប្រជាពលរដ្ឋ ដែលនាំឱ្យរាំងស្ទះដល់ការអភិវឌ្ឍផងដែរ ក្នុងករណីរៀបចំមិនបានល្អ៕