ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា យុវជនតបស្នងគុណ ឪពុក-ម្តាយ តាមរយៈការចេះរកលុយ ជាជាងសុំលុយពី ឪពុក-ម្តាយ។

ការលើកឡើងរបស់ លោករដ្ឋមន្រ្តីបរិស្ថាន ធ្វើឡើងនៅចំពោះមុខសិស្សនិស្សិត នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញប្រមាណជាង ២,០០០នាក់ ក្នុងពិធីផ្តល់បាឋកថាស្តីពី «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន» នាថ្ងៃ២៩ ឧសភា ។

លោករដ្ឋមន្រ្តីគូសបញ្ជាក់ថា «ក្នុងនាមជាកូនម្នាក់ យើងមិនគួរណាសុំលុយពីឪពុកម្តាយនោះទេ»។ ក្នុងឃ្លាដែលជាន័យប្រៀបធៀបនេះ គឺលោករដ្ឋមន្រ្តី ចង់បង្រៀនឲ្យយុវជនខ្មែរ ដែលមានចំណេះ ជំនាញ និងសមត្ថភាព ចូលរួមចំណែកក្នុងកិច្ចការពារបរិស្ថាន ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាសកល តាមរយៈការរៀបចំឲ្យមានគម្រោងអភិវឌ្ឍន៍នានា ដើម្បីកៀរគរ ថវិកាពីអន្តរជាតិ មកជួយអភិវឌ្ឍ និងលើកស្ទួយជីវភាព របស់ប្រជាពលរដ្ឋខ្មែរ ជាជាងនៅរង់ចាំតែសុំលុយរដ្ឋ យកទៅប្រើប្រាស់។

ចំពោះក្រសួងបរិស្ថានវិញ នឹងគាំទ្រយ៉ាងពេញទំហឹង លើគម្រោងអភិវឌ្ឍ និងគម្រោងវិនិយោគទាំងឡាយណា ដែលឆ្លើយតបនឹងបញ្ហាបរិស្ថាន ហើយជាគម្រោងដែលច្នៃប្រឌិតចេញពីគំនិតរបស់យុវជនខ្មែរ។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ក៏បានលើកយកឧទាហរណ៍ជាក់ស្តែង ដែលយុវជនខ្មែរមួយ ក្រុមជាសិស្សនិស្សិត ចេះច្នៃកាកអំពៅ យកទៅធ្វើជាចានក្រដាស់ប្រើប្រាស់ជំនួសឲ្យប្លាស្ទិកបាន ។ នេះហើយជាគំនិតច្នៃប្រឌិតរបស់កូនខ្មែរ ដែលអាចស្រូបទាញការវិនិយោគ គម្រោងអភិវឌ្ឍនានាពីអន្តរជាតិ មកជួយដល់ប្រជាពលរដ្ឋខ្មែរ នៅតាមសហគមន៍ជនបទ ជាពិសេសប្រជាសហគមន៍ នៅតាមតំបន់ការពារធម្មជាតិ ដែលនេះជាទង្វើ និងជាបទពិសោធន៍ល្អ របស់ប្រទេសអភិវឌ្ឍន៍ ដែលមានប្រជាពលរដ្ឋចេះជួយរកប្រាក់ចំណូលជូនប្រទេស ហើយមិនរង់ចាំតែ ការជួយពីរដ្ឋនោះឡើយ ៕


