ព័ត៌មានជាតិ

សត្វព្រៃជាច្រើនប្រភេទ ត្រូវបានរកឃើញ នៅតំបន់ទេសភាព ភ្នំថ្មកំបោរ ក្នុងខេត្តបាត់ដំបង

ភ្នំពេញ ៖ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងបរិស្ថាន បានឲ្យដឹងថា សត្វព្រៃជាច្រើនប្រភេទ ត្រូវបានរកឃើញ នៅតំបន់ទេសភាពភ្នំថ្មកំបោរ ក្នុងភូមិសាស្ដ្រខេត្តបាត់ដំបង ដោយថនិកសត្វប្រភេទ មានដោយកម្រ និងប្រភេទមានដោយបង្គួរ។

សត្វព្រៃជាច្រើនប្រភេទនេះ ត្រូវបានរកឃើញ រួមមាន ៖ សត្វកែះ ឆ្មាដាវ ឆ្កែចចក ក្តាន់ញ៉ែងតូច ប្រម៉ា សំពោចក្រអូប ឈ្លូស ស្វាត្រោស ស្វាក្ដាម កន្ថឹក មាន់ព្រៃជាដើម។ ការបង្ហាញនេះ បន្ទាប់ពីមន្រ្តីជំនាញ របស់ក្រសួងបរិស្ថាន និងអង្គការសត្វព្រៃ និងរុក្ខជាតិប្រចាំកម្ពុជា (FFI) សហការជាមួយរដ្ឋបាល ខេត្តបាត់ដំបង អាជ្ញាធរ និងសហគមន៍មូលដ្ឋាន បានចុះដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិជាង៣០គ្រឿង កាលពីខែមករា ឆ្នាំ២០២៤ នៅតំបន់ទេសភាពភ្នំថ្មកំបោរ ក្នុងភូមិសាស្ដ្រខេត្តបាត់ដំបង ដើម្បីប្រមូលទិន្នន័យជីវចម្រុះ ក្នុងការគាំទ្រផែនការ អភិរក្សការការពារភ្នំថ្មកំបោរ ក្រោមជំនួយឧបត្ថម្ភថវិកា ដោយសហភាពអឺរ៉ុប ក្រោមគម្រោង «ការអភិរក្សជីវៈចម្រុះ ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺឆ្លង»។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នាថ្ងៃ២៩ ឧសភា លោក ខ្វៃ អាទិត្យា បានបញ្ជាក់ជាមួយការបង្ហាញ ពីមោទកភាព ចំពោះក្រុមការងារស្រាវជ្រាវ របស់មន្រ្តីជំនាញក្រសួងបរិស្ថាន និងអង្គការសត្វព្រៃ និងរុក្ខជាតិប្រចាំកម្ពុជា(FFI) រួមជាមួយអ្នកពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រឺង ការសិក្សាស្រាវជ្រាវ ប្រមូលចងក្រងទិន្នន័យ ប្រភេទសត្វព្រៃ ដែលមានវត្តមាន នៅក្នុងតំបន់អភិរក្សរបស់កម្ពុជា ដើម្បីជាប្រយោជន៍ សម្រាប់ការអភិរក្ស និងសម្រាប់ការយល់ដឹង របស់សាធារណេជន ។

អ្នកនាំពាក្យរូបនេះបន្ថែមថា «ការរកឃើញតាមរយៈការសិក្សា បង្ហាញថាជីវៈចម្រុះនៅប្រទេសកម្ពុជា ត្រូវបានយកចិត្តទុកដាក់ការពារ និងអភិរក្សខ្ពស់បំផុត ក្នុងពិភពលោក ជាពិសេសនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដែលអាចវាយតម្លៃឃើញថា មានកើនឡើង និងមានការរស់រាន មានជីវិតរបស់ពួកវាក្នុងរយៈពេលវែង និងមានស្ថានភាពល្អប្រសើរ»។ ក្រសួងបរិស្ថាន នឹងបន្តធ្វើការជាមួយដៃគូ និងអាជ្ញាធរមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានថ្នាក់ក្រោមជាតិ គ្រប់ថ្នាក់ រួមជាមួយ សហគមន៍ និងវិស័យឯកជន ដើម្បីអភិរក្ស តំបន់ការពារធម្មជាតិ ដែលធនធានជីវៈចម្រុះ កំពុងមានចំនួនកើនឡើងនិងកំពុងរស់នៅ» ។

លោក ខ្វៃ អាទិត្យា ឲ្យដឹងទៀតថា ក្រសួងបរិស្ថាន ក៏កំពុងអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលផ្តោតលើមុំយុទ្ធសាស្រ្តបីចម្បង គឺស្អាត បៃតង និងចីរភាព។

សូមបញ្ជាក់ថា កម្ពុជាមានភ្នំថ្មកំបោរ យ៉ាងច្រើន ដែលភាគច្រើនស្ថិតនៅក្នុងខេត្តបាត់ដំបង កំពត និងស្ទឹងត្រែង ដែលភ្នំកំបោរទាំងនោះមានសារៈ សំខាន់យ៉ាងខ្លាំង ផ្នែកប្រព័ន្ធអេកូឡូស៊ី និងតម្លៃផ្នែកវប្បធម៌ ហើយក៏ជាជម្រកធម្មជាតិសម្រាប់ប្រភេទសត្វព្រៃជាច្រើនផងដែរ ៕

To Top