ភ្នំពេញ៖ នៅក្នុងបរិការណ៍កាលានុវត្តភាពថ្មី ខាងផ្នែកបច្ចេកវិទ្យាបច្ចុប្បន្ន សង្គមកម្ពុជា បានបោះជំហានឱ្យស្របនឹងការវិវត្តរីកចម្រើនរបស់សង្គម ក្នុងរបត់បរិវត្តកម្មឌីជីថល ប៉ុន្តែនេះក៏ជាពេលដែលយើងចាំបាច់ ត្រូវគ្រប់គ្រងសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាន បង្កើនគុណភាព និងប្រសិទ្ធភាពប្រព័ន្ធផ្សព្វផ្សាយ ទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណីនិងទំនើប ខណៈលើកកម្ពស់ ការពង្រឹងសមត្ថភាពជំនាញរបស់អ្នកសារព័ត៌មាន ដើម្បីចុះយកព័ត៌មាន ផលិត និងផ្សព្វផ្សាយព័ត៌មាន ដោយធានាសុក្រិតភាព តម្លាភាព និងគោរពក្រមសីលធម៌វិជ្ជាជីវៈ សារព័ត៌មានឱ្យបានត្រឹមត្រូវ។
នេះជាការលើកឡើងរបស់ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន ក្នុងឱកាសលោកបានចូលរួមជាអធិបតី ក្នុងវេទិកាយុវជនស្តីពីតួនាទីសារព័ត៌មាន ក្នុងការរាយការណ៍បញ្ហាប្រែប្រួលអាកាសធាតុ ដែលត្រូវបានរៀបចំឡើង ដោយដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ សហការជាមួយអង្គការយូណេស្កូ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ក្រោមការគាំទ្រដោយស្ថានទូតស៊ុយអែត ការិយាល័យប្រចាំក្រុងភ្នំពេញ កម្មវិធីជំនួយអភិវឌ្ឍរដ្ឋាភិបាលប្រទេសអូស្ត្រាលី ដើម្បីចូលរួមក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២៤។
មានប្រសាសន៍ទៅកាន់ អ្នកចូលរួមទាំងអស់ចំនួនជាង២០០នាក់ នៅក្នុងវេទិកានេះ លោកអនុរដ្ឋលេខាធិការនិងអ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍សង្កត់ធ្ងន់ថា បញ្ហាបរិស្ថានទាំងនេះ មិនមែនជាបញ្ហារបស់ស្ថាប័នណា ឬរបស់អ្នកណាតែម្នាក់នោះទេ តែជាបញ្ហាដែលយើងទាំងអស់គ្នា កំពុងជួបប្រទះ ដែលចាំបាច់ទាមទារឲ្យមានការចូលរួមពីយើងទាំងអស់គ្នា ក្នុងនោះការផ្សព្វផ្សាយ និងការទទួលព័ត៌មានពិត ដែលអាចទុកចិត្តបាន មានសារៈសំខាន់ណាស់ ដើម្បីធានាការចូលរួមសកម្ម និងប្រកបដោយប្រសិទ្ធភាព ក្នុងដំណោះស្រាយចំពោះវិបត្តិបរិស្ថាននាពេលបច្ចុប្បន្ន និងទៅអនាគត។
លោកបានមានប្រសាសន៍បន្តទៀតថា៖ នៅក្នុងប្រទេសកម្ពុជា មានអ្នកសារព័ត៌មានចំនួនប្រមាណ ១ម៉ឺន នាក់ និងអង្គភាពសារព័ត៌មានចំនួនជាង២ពាន់អង្គភាព កំពុងអនុវត្តការងារចុះយកព័ត៌មាន ដើម្បីផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ទាំងក្នុងប្រទេស និងនៅលើពិភពលោក លើប្រធានបទបរិស្ថាន សង្គម សេដ្ឋកិច្ច នយោបាយ វិទ្យាសាស្ត្រ និងប្រធានបទផ្សេងទៀតយ៉ាងសកម្ម ដោយសេរី និងសុវត្ថិភាព។
ចំនួននេះនៅមិនទាន់រាប់បញ្ចូលចំនួន អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ដែលគិតត្រឹមចុងឆ្នាំ២០២៣ កម្ពុជាមានអ្នកប្រើប្រាស់ បណ្តាញទំនាក់ទំនងសង្គម សរុបចំនួនប្រមាណជាង ១១លាន នាក់ គឺស្មើនឹងប្រមាណ៦៨% នៃចំនួនប្រជាជនសរុប។ នេះជាការឆ្លុះបញ្ចាំង ឱ្យឃើញថាការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម នៅប្រទេសកម្ពុជាមានភាពសម្បូណ៍បែប និងដោយសេរី ទាំងនេះក៏ដោយសារតែសិទ្ធិនិងសេរីភាព ក្នុងការផ្តល់និងទទួលសេវាកម្មផ្នែកអ៊ីនធឺណេតត្រូវបានបើកទូលាយ នៅទូទាំងផ្ទៃប្រទេសកម្ពុជា ដែលយោងតាមរបាយការណ៍ របស់និយ័តករទូរគមនាគមន៍កម្ពុជា ទិន្នន័យអ្នកប្រើប្រាស់អ៊ីនធឺណេតនៅកម្ពុជា មានចំនួនជាង ១៨ លាន នាក់ ហើយកំពុងកើនឡើងជាបន្តបន្ទាប់។
ការផ្សព្វផ្សាយ និងការរាយការណ៍ព័ត៌មាន ជាការឆ្លុះបញ្ចាំងតថភាពសង្គម។ រាជរដ្ឋាភិបាលតែងបានលើកទឹកចិត្តដល់ការផ្តល់ព័ត៌មាន ដែលឈរលើភាពពិតត្រឹមត្រូវ ជាក់ស្តែង មានប្រភពច្បាស់លាស់ និងគោរពក្រមសីលធម៌ ដើម្បីចូលរួមតាមដានការអនុវត្តកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល និងការអភិវឌ្ឍក្នុងសង្គម។ ប៉ុន្តែការរាយការណ៍ព័ត៌មាន ដោយឈរលើការមើលឃើញតែមួយជ្រុង ឬមិនមានតុល្យភាពព័ត៌មាន និងប្រភពច្បាស់លាស់ នឹងអាចធ្វើឱ្យព័ត៌មានដែលត្រូវបានផ្សាយនោះ ប៉ះពាល់ដល់សិទ្ធិ ឬឯកជនភាពរបស់អ្នកដទៃ អាចធ្វើឱ្យខូចសណ្តាប់ធ្នាប់ក្នុងសង្គម បង្កផលវិបាក ឬព្យសនកម្មដល់សន្តិសុខជាតិទៀតក៏មាន។
លោកអនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មានបានក្រើនរំលឹកថា៖ សូមចងចាំថា អ្នកសារព័ត៌មាន និងអ្នករាយការណ៍ព័ត៌មាន មិនត្រូវដើរតួនាទីជំនួសអាជ្ញាធរ មានសមត្ថកិច្ច នគរបាល ស្ថាប័នតុលាការ ឬអង្គភាពជំនាញ តាមវិស័យនានាក្នុងសង្គមឡើយ។ ម៉្យាងវិញទៀត ការរួមចំណែកក្នុងដំណោះស្រាយ ចំពោះបញ្ហានានាក្នុងសង្គម ត្រូវធ្វើឡើងដោយភាពស្មោះត្រង់ សុចរិត ប្រកបដោយវិជ្ជាជីវៈ និងទំនួលខុសត្រូវ មិនត្រូវស្ថិតក្រោមឥទ្ធិពលនយោបាយ ឬធ្វើឡើងដោយជ្រកក្រោមឈ្មោះសារព័ត៌មាន ដើម្បីរាយការណ៍សម្រាប់ការកេងចំណេញ ផលប្រយោជន៍ផ្ទាល់ខ្លួន ឬនយោបាយ របស់ក្រុមណាមួយទៀតឡើយ។
លោកបានថ្លែងអំណរគុណ ដល់អ្នកសារព័ត៌មានទាំងប្រព័ន្ធផ្សព្វផ្សាយរដ្ឋនិងឯកជន ប្រពៃណីនិងទំនើប យុវជន និងអ្នករាយការណ៍ព័ត៌មាន ដែលបានចូលរួមផ្តល់ព័ត៌មានពិតពីកម្ពុជា រួមចំណែកធ្វើឱ្យពិភពលោកស្គាល់កម្ពុជា កាន់តែច្បាស់ពីភាពចាស់ទុំរបស់កម្ពុជា ជាប្រទេសមានការរីកចម្រើន ស្ថានភាពសង្គមការរស់នៅល្អប្រសើរ និងកំពុងអភិវឌ្ឍឈានឡើងជាបន្តបន្ទាប់ឥតឈប់ឈរ។
លោកបានមានប្រសាសន៍លើកទឹកចិត្ត ដល់យុវជនអ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មានឱ្យបន្តជំរុញការផ្សព្វផ្សាយព័ត៌មាន ប្រកបដោយគុណភាព និងអំពាវនាវដល់អ្នកពាក់ព័ន្ធ ក្នុងវិស័យព័ត៌មានទាំងអស់ ឱ្យគោរពក្រមសីលធម៌វិជ្ជាជីវៈ ឱ្យបានខ្ជាប់ខ្ជួន ពង្រឹងសមត្ថភាពជំនាញ និងអនុវត្តភារកិច្ចខ្លួនប្រកបដោយការទទួលខុសត្រូវ ក៏ដូចជាបង្កើនការកសាង និងរក្សាទំនាក់ទំនងល្អ ជាមួយប្រភពព័ត៌មាន អ្នកនាំពាក្យតាមក្រសួង-ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច និងភាគីផ្សេងៗទៀត ដើម្បីលើកកម្ពស់ តម្លៃវិជ្ជាជីវៈ និងការអភិវឌ្ឍវិស័យព័ត៌មាន ឲ្យកាន់តែរីកចម្រើនឡើងថែមទៀត៕