ព្រឹត្តិការណ៍នេះរៀបចំឡើងដោយអង្គការ INTERKULTUR ដែលជាស្ថាប័ននាំមុខគេលើពិភពលោក ក្នុងព្រឹត្តិការណ៍ ចម្រៀង ជាពួកអន្តរជាតិ សហការជាមួយក្រុមហ៊ុន All Dreams Cambodia និងមានការគាំទ្រ ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ ក្រសួងព័ត៌មាននិងរដ្ឋបាលរាជធានីភ្នំពេញផងដែរ។
ថ្លែងនៅក្នុងពិធីបើកកម្មវិធីប្រកួត នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នៅសាលមហោស្រពចតុម្មុខ លោកជំទាវបណ្ឌិត សភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្ប: បានលើកឡើងថា ព្រឹត្តិការណ៍នេះ នឹងនាំមកនូវ ឱកាសពិសេសមួយក្នុងការពង្រឹង បន្ថែមទៀត នូវការអភិវឌ្ឍវប្បធម៌ និងសិល្បៈ នៅកម្ពុជារួមទាំងពិភពលោក។ បន្ថែមពីនេះ ការប្រឡងចម្រៀង ជាពួកអន្តរជាតិលើកទី១ ឆ្នាំ២០២៤នេះ ក្រៅពីការប្រកួតប្រជែង ក៏ជាការអបអរសាទរ វប្បធម៌ នៃប្រទេសនីមួយៗរៀងៗខ្លួន បង្ហាញនូវសោភណភាព គុណភាព និងវិជ្ជាជីវៈនៃការច្រៀងជាពួក ។ លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្រ្តីជឿជាក់ថា ព្រឹត្តិការណ៍នេះនឹងអនុញ្ញាត ឱ្យមានការកសាង និងអភិវឌ្ឍន៍ដល់យុវជន ជំនាន់ក្រោយ ព្រមទាំងការស្រឡាញ់ នៃវប្បធម៌របស់ពួកគេ។
រីឯ លោកជំទាវ កែវ សុខពិសី អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា នេះគឺជាលើកទី១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងកម្មវិធីនេះ ដើម្បីលើកស្ទួយ ដល់វិស័យវប្បធម៌ ទេសចរណ៍ និងបរិស្ថានរបស់ខ្លួន ឱ្យកាន់ តែទូលំទូលាយ លើឆាកអន្តរជាតិ និងជាឱកាសមួយដល់ អ្នកចូលរួមបានស្វែង យល់ពីសិល្បៈ វប្បធម៌ នៃបណ្តាប្រទេស ដែលបានចូលរួម ។ លោកជំទាវសង្ឃឹមថា ការប្រកួតចម្រៀងជាពួកអន្តរជាតិនេះ នឹងក្លាយជានិមិត្តរូប នៃសន្តិភាព មិត្តភាព និងការយោគយល់គ្នារបស់ប្រជាជាតិទាំងមូល។ លោកជំទាវ ក៏ជូនពរដល់បេក្ខជន បេក្ខនារី ដែលចូលរួមប្រកួតទទួលបានជោគជ័យ និងស្នាក់នៅកម្ពុជា ប្រកបដោយភាពរីករាយ ប្រកបដោយស្នាមញញឹម ដែលមិនអាចបំភ្លេចបាន។
ចំណែកលោក Johan Rooze តំណាងរបស់ស្ថាប័ន INTERKULTUR បានអះអាងថា ទោះបីនេះជាលើកទី១ នៃការចាប់ផ្តើមកម្មវិធីនេះ ប៉ុន្តែ លោកជឿជាក់ថា នឹងទទួលបានភាពជោគជ័យ ។ ក្រៅពីការប្រឡងចម្រៀងជាពួក ក៏មានរៀបចំកម្មវិធិផ្សេងៗទៀតសម្រាប់អ្នកចូលរួម ដូចជាការប្រគំតន្រ្តី សិក្ខាសាលា សកម្មភាពអប់រំជាច្រើន ជាមួយនឹងមិត្តភាព។ លោកពិតជាសប្បាយច្រៀង រាំ សិក្សា និងជួបជុំគ្នាបែបនេះ។ បន្ថែមពីនេះ លោកក៏បានឧទ្ទេសនាម សមាជិកនៃគណៈមេប្រយោគក្នុងកម្មវិធីនេះមានដូចជា មេប្រយោគមកពីប្រទេសថៃ គឺបណ្ឌិត Jody Pawasut Piriyapongrat មកពីប្រទេសស៊ុយអ៊ែត គឺ លោក Peder Karisson និងមកពីកម្ពុជា គឺលោក ឃួន សិទ្ធិសក្តិ ដែលគណៈមេប្រយោគទាំង៣រូប សុទ្ធតែជាអ្នកជំនាញដ៏ពូកែ ដោយលោកជឿជាក់ថា ពួកគាត់នឹងធ្វើការងារ ដ៏ល្អក្នុងអំឡុងពេលហ្វឹកហាត់ សិក្ខាសាលា និងការប្រកួតប្រជែងក្នុងពេលខាងមុខ។
សូមជម្រាបថា កម្មវិធីប្រកួតប្រជែង ចម្រៀងជាពួកអន្តរជាតិ លើកទី១ ឆ្នាំ ២០២៤នេះ រៀបចំឡើងនៅ វិទ្យាស្ថានបច្ចេក វិទ្យាកម្ពុជា (ITC) ចាប់ពីថ្ងៃទី២៩ ខែឧសភា រហូតដល់ថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០២៤។ ការប្រកួតប្រជែងនេះ នឹងបើកឲ្យចូលរួមទស្សនាដោយសេរី និង វាយតម្លៃដោយគណៈកម្មការជំនាញ ។ ជារួមគ្នានេះដែរ ក្រុមចម្រៀងនឹងចូលរួមសម្តែងជាសាធារណៈក្នុងកម្មវិធី “ការប្រគុំតន្ត្រីមិត្តភាព” នៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ថ្ងៃទី៣០ និង ៣១ ខែឧសភា ឆ្នាំ២០២៤។ ចំពោះការបញ្ចប់ គឺ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ជាមួយនឹងកម្មវិធីប្រគល់រង្វាន់ និងកម្មពិធីបិទនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ៕