ព័ត៌មានជាតិ

អ្នកឧកញ៉ា សុខ គង់៖ ការវិនិយោគអភិវឌ្ឍន៍តំបន់ ទេសចរណ៍ឧទ្យានជាតិព្រះមុនីវង្ស (បូកគោ) ចំណាយទុន ប្រមាណជិត ៨០០លានដុល្លារ

កំពត៖ អ្នកឧកញ៉ា សុខ គង់ អគ្គនាយកក្រុមហ៊ុនសូគីម៉ិច អ៊ិនវេសមេន គ្រុប បានមានប្រសាសន៍ថា គិតមកទល់នឹង ពេលនេះ ការវិនិយោគអភិវឌ្ឍន៍ តំបន់ទេសចរណ៍ឧទ្យានជាតិព្រះមុនីវង្ស (បូកគោ) បានចំណាយទុនអស់ប្រហែលពី ៧០០ទៅ ៨០០លានដុល្លារអាមេរិកហើយ ។

អ្នកឧកញ៉ា មានប្រសាសន៍ក្នុងឱកាសជួបសំណេះសំណាល ជាមួយអ្នកសារព័ត៌មានមកពី ៣០ស្ថាប័ន ដែលរៀបចំឡើង ដោយក្លិបអ្នកកាសែតកម្ពុជា ដើម្បីផ្សព្វផ្សាយទ្រង់ទ្រាយធំពីសក្តានុពល នៃការអភិវឌ្ឍក្រុងបូកគោ នៅថ្ងៃទី ២៩ខែឧសភា ឆ្នាំ ២០២៤ ។

អ្នកឧកញ៉ា សុខ គង់ បានមានប្រសាសន៍ថា ចាប់តាំងពី ឆ្នាំ ២០០៨ រហូតមកទល់នឹងពេលនេះ ក្រុមហ៊ុនបាន ចំណាយទុនអស់ពី ៧០០ទៅ ៨០០លានដុល្លារអាមេរិកហើយ ទៅលើការវិនិយោគអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ភ្លើង ទឹក សណ្ឋាគារលំដាប់ផ្កាយ ៥, គម្រោងសង់លំនៅឋានប្រណិត និងសំណង់អគារផ្សេងៗទៀត ដែលបម្រើឲ្យវិស័យ ទេសចរណ៍នៅតំបន់នេះ ។

អ្នកឧកញ៉ា បានបញ្ជាក់ថា៖ «ឥឡូវនេះ យើងបានសាងសង់ ផ្លូវ ភ្លើង ទឹក អីច្រើនហើយ អស់ប្រហែល ៧-៨រយលានហើយ ក៏ប៉ុន្តែថាចំណេញគឺអត់មានទេ មានតែខាត»។

អ្នកឧកញ៉ា បានបន្តថា ទោះបីជាស្ថានភាព សេដ្ឋកិច្ចសកលមិនល្អ ដែលកំពុងប៉ះពាល់ដល់ដំណើរ ការអភិវឌ្ឍន៍នៅរមណីយដ្ឋានបូកគោទាំងមូល ជាពិសេសទៅលើគម្រោង អភិវឌ្ឍន៍លំនៅឋាន និងដីឡូតិ៍ ក៏ប៉ុន្តែក្រុមហ៊ុននៅតែ បន្តធ្វើការអភិវឌ្ឍជាជំហ៊ានៗជាបន្តបន្ទាប់ ហើយនៅពេលសេដ្ឋកិច្ចងើបឡើងវិញ ការអភិវឌ្ឍ នឹងដំណើរការល្អឡើងវិញ។

ក្រុមហ៊ុន សុខា អូតែល ដែលជាបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប បានទទួលសិទ្ធិវិនិយោគ អភិវឌ្ឍន៍ឧទ្យានជាតិព្រះមុនីវង្ស (បូកគោ) ពីរាជរដ្ឋាភិបាល កាលពីឆ្នាំ ២០០៨ នៅលើទំហំដី សរុបប្រមាណ ៤ម៉ឺនហិកតា៕
ដោយ: ព្រឿង វិសាល

To Top