ភ្នំពេញ៖ អភិបាលខេត្តតាកែវ លោក អ៊ូច ភា បានឲ្យដឹងថា សមត្ថកិច្ចចម្រុះរបស់ខេត្ត កំពុងដុតដៃជើងស្រាវជ្រាវរកក្រុមក្មេងទំនើង ដែលនៅសេសសល់បន្តទៀត តាមបទបញ្ជារបស់សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា ។
ការលើកឡើងរបស់អភិបាលខេត្តតានេះ បន្ទាប់ពីសម្ដេចធិបតីបានចេញ បទបញ្ជាពីទឹកដីខេត្តកំពង់ស្ពឺឲ្យលោក អ៊ូច ភា អភិបាលខេត្តតាកែវ ត្រូវរកឲ្យឃើញក្រុមក្មេងទំនើងបានប្រដេញវាយគ្នា ប្រដាប់ដោយកាំបិត ពូថៅ យ៉ាងអនាធិបតេយ្យ នៅចំណុចខាងមុខផ្សារអង្គតាសោម លើបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតនៅភូមិអង្គតាសោម ឃុំអង្គតាសោម ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ កាលពីថ្ងៃ២៨ ឧសភា តាមរយៈវិដេអូមិនដល់១នាទី បង្ហាញពីសកម្មភាពពួកគេដេញ កាប់គ្នាគ្មានខ្លាចអាជ្ញាធរមូលដ្ឋាន ។
លោកអភិបាលខេត្ត បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ៣០ ឧសភា ក្រោយមានបទបញ្ជាពីនាយករដ្ឋមន្រ្តីថា បន្ទាប់ពីកើតហេតុភ្លាមក្មេងទំនើងដេញកាប់គ្នា យ៉ាងអនាធិបតេយ្យនៅមុខផ្សារអង្គតាសោម សមត្ថកិច្ចបានឃាត់ខ្លួន២នាក់ ក្នុងចំណោម៥នាក់ ក្រៅពីនោះក្មេងដែលនៅសេសសល់ បានកំពុងរត់គេចខ្លួន ហើយសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ ដើម្បីឈានទៅដល់ការឃាត់ខ្លួន។
លោកអ៊ូច ភា បញ្ជាក់ថា “សមត្ថកិច្ចយើងកំពុងខិតខំស្រាវជ្រាវរកបន្ត ពីព្រោះក្មេងដែលនៅសេសសល់ បានកំពុងរត់គេចខ្លួន ក្រោយពីពួកគេធ្វើសកម្មភាពបង្ហោះ (វិដេអូដេញកាប់គ្នា) ហើយ ក៏មានបណ្តាញសង្គមផុសព្រោងព្រាតទៅ គាត់ដឹងខ្លួន ក៏រត់គេចខ្លួន”។
លោកអះអាងថា ទោះបីជាពួកគេរត់គេចខ្លួនក៏ដោយ ក៏សមត្ថកិច្ចបានស្គាល់ អត្តសញ្ញាណអស់ហើយ ។
ជាមួយគ្នានេះ អភិបាលខេត្តតាកែវក៏បានប្តេជ្ញាចិត្តថា នឹងបង្ក្រាបក្មេងទំនើងនេះឲ្យអស់ និងខិតខំទប់ស្កាត់បន្តទៀត ដើម្បីសុវត្ថិភាពនៅក្នុងខេត្តទាំងមូល ៕